សង្គមអន្តរជាតិ​
អន្តរជាតិ
មន្ត្រី WHO ​ជំរុញ​ឱ្យតំបន់អាហ្វ្រិក​វិនិយោគ​បន្ថែម​ទៀតលើប្រព័ន្ធ​សុខភាពក្នុងស្រុក
15, Dec 2022 , 9:15 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
មន្ត្រីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១៣ ខែធ្នូ ក្នុងការបើកសន្និសីទអន្តរជាតិលើកទី ២ ស្តីពីសុខភាពសាធារណៈនៅទ្វីបអាហ្រ្វិក (CPHIA 2022) នៅរវ៉ាន់ដា បានជំរុញឱ្យបណ្តាប្រទេសនៅទ្វីបអាហ្រ្វិកវិនិយោគបន្ថែមទៀតលើប្រព័ន្ធ​សុខភាពក្នុងស្រុក ដើម្បីកសាងប្រព័ន្ធសុខាភិបាលដែលរឹងមាំ និងមានប្រសិទ្ធិភាពជាងមុន។



លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអាហ្វ្រិក នៅក្នុងសន្និសីទអន្តរជាតិលើកទី ២ ស្តីពីសុខភាពសាធារណៈនៅទ្វីបអាហ្រ្វិក (CPHIA 2022) បានលើកឡើងថា បញ្ហាជំងឺកូវីដ-១៩ បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការវិនិយោគលើប្រព័ន្ធសុខាភាពសាធារណៈដែលរឹងមាំជាងមុន ដើម្បីត្រៀមខ្លួនឆ្លើយតប និងផ្ដល់សេវាសុខភាពសំខាន់ៗនៅពេលអាសន្ន។

«ការកើនឡើងនៃការវិនិយោគក្នុងការកសាងប្រព័ន្ធប្រកបដោយប្រសិទ្ធភាពដោយប្រើវិធីសាស្រ្តថែទាំសុខភាពបឋម ជាកត្តាសំខាន់ក្នុងការទទួលបានសេវាសុខភាពសំខាន់ៗប្រកបដោយសមធម៌ និងនិរន្តរភាព ដោយគ្មានការលំបាកផ្នែកហិរញ្ញវត្ថុ និងការការពារសហគមន៍ពីការគំរាមកំហែងនាពេលអនាគត»។ លោកស្រីបានមានប្រសាសន៍បែបនេះក្នុងសន្និសីទដដែល។

សន្និសីទអន្តរជាតិលើកទី ២ ស្តីពីសុខភាពសាធារណៈនៅទ្វីបអាហ្រ្វិក (CPHIA 2022) ដែលដំណើរការពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែធ្នូ បានរៀបចំឡើងដើម្បីរកវិធីពន្លឿនវឌ្ឍនភាពប្រឆាំងនឹងបញ្ហាប្រឈមផ្នែកសុខភាពដ៏សំខាន់បំផុតរបស់ទ្វីបអាហ្វ្រិក ​និងបង្កើតប្រព័ន្ធសុខភាពដែលខ្លាំងនិងមានប្រសិទ្ធិភាពជាងមុន។

សន្និសីទនេះត្រូវបានប្រារព្ធឡើងខណៈដែលផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩​មិនត្រឹមតែដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីតម្រូវការដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធសុខាភិបាលនៅទ្វីបអាហ្រ្វិក និងធ្វើឱ្យប្រព័ន្ធសុខាភិបាលរបស់ទ្វីបនេះមានភាពរស់រវើកឡើងវិញ។

លោកស្រី Moeti ក៏បានបន្ថែមថា តំបន់អាហ្រ្វិកបានបង្ហាញពីវឌ្ឍនភាពផ្នែកសុខភាព ខណៈដែលសេវាសុខភាពសំខាន់ៗដែលគ្របដណ្តប់នៅទ្វីបនេះ បានកើនឡើងពី ៣៩ ភាគរយក្នុងឆ្នាំ២០១០ ដល់ ៥១​ភាគរយក្នុងឆ្នាំ២០២២។

សន្និសីទនេះត្រូវបានរៀបចំឡើងដោយសហភាពអាហ្រ្វិក និងមជ្ឈមណ្ឌលអាហ្វ្រិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ (Africa CDC) ក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលរវ៉ាន់ដា។ លើសពីនេះ សន្និសីទនេះក៏ត្រូវបានចូលរួមដោយ ​រដ្ឋ​មន្ត្រី​សុខាភិបាលនៅតំបន់អាហ្រ្វិក អ្នក​ស្រាវ​ជ្រាវ​ និង​អ្នក​វិទ្យាសាស្ត្រជាដើម៕

Tag:
 WHO
  អាហ្រ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com