ជាតិ
អន្តរជាតិ
រដ្ឋាភិបាលនឹងសាងសង់រូបសំណាក «រូបពីរ» ឡើងវិញដើម្បីនិមិត្តរូបមិត្តភាពកម្ពុជា-បារាំង
16, Dec 2022 , 9:04 am        
រូបភាព
រូបសំណាកនៅក្នុងរូបថតខាងលើនេះ គឺជារូបសំណាកតំណាងឱ្យមិត្តភាពកម្ពុជាបារាំង។ គឺជារូបសំណាកដ៏ធំដែលបង្ហាញពីសាមគ្គីភាពរវាងយុទ្ធជនបារាំង និងកម្ពុជាដែលធ្លាប់រួមគ្នាប្រយុទ្ធនៅក្នុងសង្គ្រាមលោកលើកទី១។ រូបសំណាកនេះត្រូវបានកសាងនៅក្នុងឆ្នាំ១៩២៥ដើម្បីឧទ្ទិសដល់យុទ្ធជនពលីនៅក្នុងសង្គ្រាម ហើយដែលប្រជាជនខ្មែរហៅរូបសំណាកនេះថា រូបសំណាក «រូបពីរ»។

 
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសប្រាប់ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង នៅក្នុងទីក្រុងប៉ារីសថា លោកបានយល់ព្រមអនុញ្ញាតឱ្យមានការសាងសង់រូបសំណាកមិត្តភាពនេះឡើងវិញហើយ។ 
 
 នៅក្នុងជំនួបទ្វេភាគីនៅក្នុងវិមានរដ្ឋាភិបាលបារាំងអេលីហ្សេកាលពីយប់ថ្ងៃទី១៣ខែធ្នូ សម្តេច ហ៊ុន សែន បានរៀបរាប់ប្រាប់លោកប្រធានាធិបតី ម៉ាក្រុង និងមន្ត្រីរដ្ឋាភិបាលបារាំងយ៉ាងដូច្នេះ៖«មានរឿងមួយដែលខ្ញុំគួរតែនិយាយប្រាប់អ្នកទាំងអស់គ្នានៅទីនេះ ទាក់ទងនឹងការរកឃើញថ្មីៗ និងជាការគួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្ញុំ។ ៣ថ្ងៃ មុនខ្ញុំមកដល់ទីនេះ [យើងបានរកឃើញ] មានរូបសំណាកមួយដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩២៥ ហើយត្រូវបានខ្មែរក្រហមវ៉ៃកម្ទេចចោលក្នុងឆ្នាំ ១៩៧៧។ ខ្ញុំបានយល់ព្រមជាមួយរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មរួចហើយ យើងនឹងកសាងរូបសំណាកនេះឡើងវិញ ដែលជានិមិត្តរូបនៃការសាមគ្គីភាពរវាងបារាំង និងកម្ពុជា ហើយដាក់នៅទល់មុខស្ថានទូតបារាំងតែម្ដង។ សង្ឃឹមថា លោកប្រធានាធិបតី មិនជំទាស់នឹងគម្រោងនេះទេ។»។
 
នៅក្នុងការកម្ទេចរូបសំណាកប្រវត្តិសាស្ត្រនេះ (មានការអះអាងថា កម្ទេចដោយដាក់មីនបំផ្ទុះ) មាននៅសេសសល់បំណែកខ្លះនៃរូបសំណាក គឺរូបក្បាលដំរី។ រូបក្បាលដំរីនោះ ត្រូវបានយកមកដាក់តាំងនៅផ្លូវចូលនៃសារមន្ទីរជាតិសព្វថ្ងៃនេះ។ 
 
បើតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរដ្ឋាភិបាលទាំងពីរក៏នឹងជជែកអំពីការកំណត់កាលបរិច្ឆេទនៃការរៀបចំប្រារព្ធខួបទី៧០នៃទំនាក់ទំនងការទូតរវាងភ្នំពេញ និងប៉ារីសផងដែរនៅឆ្នាំក្រោយនេះ៕
 

 



 

© រក្សាសិទ្ធិដោយ thmeythmey.com