FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោកម៉ាក្រុង នៅតែទៅទស្សនាផ្តាច់ព្រ័ត្រ World Cup ចំពេលកាតាជាប់ចោទផ្តល់សំណូកអ្នកនយោបាយអឺរ៉ុប
16, Dec 2022 , 2:09 pm        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង ឆ្លើយសំនួរអ្នកសារព័ត៌មាននាកិច្ចប្រជុំសភាអឺរ៉ុបនៅក្រុងព្រុចសែល។ រូបថត Xinhua
ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង ឆ្លើយសំនួរអ្នកសារព័ត៌មាននាកិច្ចប្រជុំសភាអឺរ៉ុបនៅក្រុងព្រុចសែល។ រូបថត Xinhua
ប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង នៅតែប្រកាន់ជំហរក្នុងការធ្វើដំណើរទៅកាន់ប្រទេសកាតា ដើម្បីគាំទ្រក្រុមជម្រើសជាតិបារាំងប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ទល់អាហ្សង់ទីន។ ការអះអាងរបស់លោកម៉ាក្រុង បន្ទាប់ពីកាតាត្រូវបានចោទពីបទប្រព្រឹត្តិអំពើពុករលួយជាមួយអ្នកនយោបាយអឹរ៉ុប  នាកិច្ចប្រជុំមេដឹកនាំអឺរ៉ុបនៅព្រុចសែល។


លោក ម៉ាក្រុង មានវត្តមានរួចហើយក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលបារាំងឈ្នះម៉ារ៉ុក ២-០ នៅថ្ងៃទី១៥ មុនពេលធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប។
 
ការធ្វើដំណើររបស់លោក ម៉ាក្រុង ទៅកាន់ប្រទេសកាតា ជាមួយវត្តមាននៅកៅអី VIP និងបន្ទាប់មកលោកចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ដើម្បីអបអរបារាំងទទួលបានជ័យជម្នះលើម៉ារ៉ុក ទទួលបានការរិះគន់ជាច្រើនពីសំណាក់គូប្រជែងរបស់ខ្លួន ដែលជាអ្នកនយោបាយបារាំង។
 
ស្របពេលប្រធានាធិបតីបារាំងនៅព្រុចសែល ប៉ូលីសបែលហ្ស៊ិកដែលស៊ើបអង្កេតការចោទប្រកាន់ថាកាតាបានផ្តល់សំណូកដល់អ្នកនយោបាយអឺរ៉ុប បានចាប់ខ្លួនសមាជិកសភាអឺរ៉ុបម្នាក់ និងសហការី៣នាក់ផ្សេងទៀតជុំវិញបទចោទពុករលួយ។ យ៉ាងណាក៏ដោយ កាតា​បដិសេធ​រាល់​ការ​ចោទខាងលើនេះ។
 
លោក ម៉ាក្រុង បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែល ទីដែលលោកទៅប្រជុំសហភាពអឺរ៉ុប អំពីដំណើរទៅកាតាថា៖«ខ្ញុំពិតជាមានផាសុកភាពនៅទីនោះ។ កាលពីបួនឆ្នាំមុន ខ្ញុំបានគាំទ្រក្រុមបារាំងនៅរុស្ស៊ី ហើយឆ្នាំនេះខ្ញុំនឹងនៅតែគាំទ្រពួកគេនៅកាតា»។
 
ប្រធានាធិបតីបារាំងវ័យ៤៤ឆ្នាំ គ្រោងនឹងត្រឡប់ទៅទីក្រុងដូហាវិញនៅថ្ងៃទី១៨ ដើម្បីទស្សនាការប្រកួតរវាងម្ចាស់ការពារជើងឯក ទល់អាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ បើទោះមានការចោទគ្នាយ៉ាងនេះក្តី។
 
នៅមុនជំនួបវគ្គផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃទី១៨ ខែធ្នូ ម្ចាស់ផ្ទះកាតារងការចោទពីបទពុករលូយ និងសើរើជំវិញច្បាប់ការងារ លើពលករចំណាកស្រុក ក៏ដូចជាចំនួនអ្នកស្លាប់អំឡុងការសាងសង់កីឡដ្ឋានដែលទាក់ទងនឹងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះ។
 
ស្របពេលមានការរិះគន់កាតា ក៏មានអ្នក​​សរសើរ​ប្រទេសអារ៉ាប់មួយនេះ រៀបចំការប្រកួត FIFA World Cup បានល្អផងដែរ៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com