អន្តរជាតិ
ស្រីលង្ការំពឹងទទួលបានលុយ៨ពាន់លានដុល្លារពីកម្ចីបរទេស និងការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុ
16, Dec 2022 , 3:15 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសស្រីលង្កា Ali Sabry ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសស្រីលង្កា Ali Sabry ។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសស្រីលង្កា នៅថ្ងៃទី១៤ ខែធ្នូ លើកឡើងថា រដ្ឋាភិបាលខ្លួនរំពឹងទទួលប្រាក់កម្ចីចំនួន ៥ពាន់លានដុល្លារនៅឆ្នាំក្រោយពីបណ្ដាប្រទេសនានា ក្រៅពីកិច្ចព្រមព្រៀងមូនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ស្របគ្នានេះ ស្រីលង្កា មានបំណងរកលុយឱ្យបាន៣ពាន់លានដុល្លារទៀតតាមរយៈការរៀបចំរចនាសម្ព័ន្ធទ្រព្យសម្បត្តិរដ្ឋឡើងវិញ។



ស្រីលង្កា ដែលបានរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងបានជាប់បំណុលយ៉ាងច្រើនសន្ធឹកសន្ធាប់ចង់ខ្ចីប្រាក់បន្ថែមតាមយន្ការពហុភាគីបន្ថែមពីលើកម្ចីមូនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឱ្យបានយ៉ាងហោចណាស់៥ពាន់លានដុល្លារនៅឆ្នាំ២០២៣។ នេះបើតាមការលើកឡើងរបស់ប្រមុខការទូតស្រីលង្កា លោក Ali Sabry ក្នុងកិច្ចសម្ភាសថ្ងៃទី១៤ ខែធ្នូ។ 
លើសពីនេះ ទីក្រុងកូឡំបូ ក៏រំពឹងទទួលបានលុយ៣ពាន់លានដុល្លារទៀតតាមរយៈការរៀបចំរចនាសម្ព័ន្ធទ្រព្យសម្បត្តិឡើងវិញ។ 
 
«ក្រៅពីអ្វីដែលយើងទទួលបានពី IMF យើងកំពុងសម្លឹងមើលទៅអ្នកដទៃទៀតដើម្បីសរុបថវិកាបញ្ចូលគ្នាឱ្យបាន៤ ទៅ៥ពាន់លានដុល្លារ»។ លោក Ali Sabry លើកឡើងបែបនេះមុនបន្តថា ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe មានចំណាប់អារម្មណ៍រៀបចំរចនាសម្ព័ន្ធស្ថាប័នរដ្ឋមួយចំនួនឡើងវិញ។ ដូច្នេះប្រសិនបើទីក្រុងកូឡុំបូអាចមានប្រាក់ពី២ ទៅ៣ពាន់លានដុល្លារថែមទៀត នោះរតនាគារនឹងមានទុនបម្រុងកាន់តែរឹងមាំ។
 
លោក Sabry លើកឡើងផងដែរថា កាលពីខែកញ្ញា ប្រទេសកោះនេះបានធ្វើកិច្ចព្រមព្រៀងជាមួយ IMF ដែលនឹងផ្ដល់ប្រាក់កម្ចីជិត៣ពាន់លានដុល្លារនៅឆ្នាំក្រោយ។ រដ្ឋាភិបាលទីក្រុងកូឡុំបូកំពុងខិតខំស្វែងរកហិរញ្ញវត្ថុពីចិន ជប៉ុន ​និងឥណ្ឌា ក៏ដូចជាម្ចាស់បំណុលឯកជនដទៃទៀត។ ចិន និងឥណ្ឌាជាប្រទេស២ដែលគាំទ្រពេញទំហឹងលើកិច្ចការរៀបចំរចនាសម្ព័ន្ធផ្សេងៗរបស់ស្រីលង្កា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
ចាប់ពីឆ្នាំ២០១៩ ស្រីលង្កាបានរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៧ទសវត្សរ៍ចុងក្រោយ ដែលបណ្តាលឱ្យអស្ថិរភាពក្នុងប្រទេស ប្រជាជនខ្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈប្រើប្រាស់ជាដើម។ ប្រទេសនេះបានជំពាក់បំណុលសាធារណៈដល់ទៅជាង៤០ពាន់លានដុល្លារ ក្នុងនោះ២២ភាគរយជាបំណុលរបស់ចិន។ 
 
យ៉ាងណាមិញ អតិផរណាដែលបានកើនឡើងជាង៧០ភាគរយ នៅដើមឆ្នាំ២០២២ បានថយចុះមកត្រឹម៦១ភាគរយនៅចុងខែវិច្ឆិកា។ លោក Sabry អះអាងថាស្ថិរភាពក្នុងប្រទេសកំពុងកើតឡើង ហើយការលូតលាស់សេដ្ឋកិច្ចអាចត្រឡប់មកវិញជាមួយប្រាក់កម្ចីពី IMF រួមនឹងប្រាក់កម្ចីបរទេស។ 
 
គួរបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចរបស់ស្រីលង្កាទើបតែបានល្អប្រសើរបន្តិច ក្រោយអតីតប្រធានាធិបតី លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ចុះចេញពីតំណែងកាលពីខែកក្កដា ក្រោមហេតុផលមិនមានសមត្ថភាពដោះស្រាយវិបត្តិសេដ្ឋកិច្ច។ បច្ចុប្បន្ន ការនាំចូលផលិតផលប្រើប្រាស់ចាំបាច់ដូចជាអាហារ និងប្រេងឥន្ធនៈមានសភាពធម្មតាឡើងវិញ៕ 
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com