FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ម៉ារ៉ុកវិលជួបក្រូអាស៊ីម្តងទៀត ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣
17, Dec 2022 , 10:39 am        
រូបភាព
ជំនួបដណ្តើមចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ FIFA World Cup 2022 នឹងធ្វើឡើងក្នុងរាត្រីថ្ងៃទី១៧ ខែធ្នូ នេះហើយ ដោយក្រូអាស៊ី ត្រូវប៉ះម៉ារ៉ុក នៅវេលាម៉ោង១០យប់នេះ។ នេះជាការប៉ះគ្នាលើកទី២ ក្នុងព្រឹត្តិការណ៍តែមួយ មុនចាកចេញពីប្រទេសកាតា។



ក្រុមជើងឯករងឆ្នាំ ២០១៨ ក្រូអាស៊ីត្រូវបង្ហាញខ្លួនក្នុងការប្រកួតជាថ្មីម្តងទៀតក្នុងប្រទេសកាតា ក្រោយពួកគេបានប្រកួតចាញ់អាហ្សង់ទីន ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៣ ខែធ្នូ។ ចំណែកម៉ារ៉ុកបានបង្ហាញរឿងរ៉ាវដ៏អស្ចារ្យរបស់ពួកគេជាច្រើនចាប់តាំងពីវគ្គចែកពូលមកដល់វគ្គ ១/២ផ្តាច់ព្រ័ត្រ ប៉ុន្តែប៉ះបារាំងពួកគេហាក់បីដូចគ្មានឱកាសដាក់សម្ពាធបាន រហូតធ្វើឱ្យរបូតគ្រាប់បាល់ ២គ្រាប់ទៅបារាំង។
 
ជំនួបដណ្តើមលេខ៣ រវាងក្រូអាស៊ី និងម៉ារ៉ុកនេះជាការវិលជួបគ្នាសារជាថ្មីក្នុង World Cup 2022 ដោយក្រុមទាំងពីរបានស្ថិតនៅក្នុងពូល F ដូចគ្នាអំឡុងការប្រកួតវគ្គចែកពូល។ ម៉ារ៉ុកបញ្ចប់តំណែងលេង១ កំពូលតារាង ខណៈក្រូអាស៊ីជាក្រុមឈរនៅលេខ២ នៃពូល F។
 
និយាយឱ្យចំទៅ ការប្រកួតនេះនឹងក្លាយជារឿងមួយដ៏ពិបាកសម្រាប់ក្រុមទាំងពីរក្នុងការក្រោកឈរប្រជែងគ្នា ក្រោយពួកគេទទួលបានអារម្មណ៍សោកស្តាយតាំងពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចមករៀងៗខ្លួន។ សម្រាប់ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ នឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Khalifa International នាទីក្រុង Ar-Rayyan រដ្ឋធានីដូហា។
 
នេះក្លាយជាការប៉ះគ្នាលើកទី៣ ហើយសម្រាប់ក្រូអាស៊ី និងម៉ារ៉ុក ដោយការជួបគ្នា ២លើកមុន ក្នុងឆ្នាំ ១៩៩៦ ក្រូអាស៊ីឈ្នះ និងឆ្នាំ ២០២២ ក្នុងវគ្គចែកពូល World Cup 2022 ក្រុមទាំងពីរស្មើ​គ្នា។ ស្ថិតិ ៥ប្រកួតចុងក្រោយនៃក្រុមទាំង ក្រូអាស៊ីរកបានជ័យជម្នះ ៣លើក ស្មើ១ និងចាញ់១ ចំណែកម៉ារ៉ុកឈ្នះ៤ លើក និងចាញ់១ សុទ្ធសឹងតែជាការប្រកួតក្នុង World Cup ទាំងអស់។
 
សម្រាប់បញ្ហារបួសរបស់ក្រូអាស៊ីមុនប្រកួតមកដល់ កីឡាករ Marcelo Brozovic នឹងត្រូវអវត្តមានដោយរងរបួស ចំណែក Josko Gvardiol ក៏រងរបួស។ រីឯម៉ារ៉ុកវិញប្រធានក្រុម Romain Saiss អាចនឹងត្រូវអវត្តមានព្រោះរបួស រួមជាមួយកីឡាករសំខាន់ៗដូចគ្នា Nayef Aquerd និង Noussair Mazraouis ក៏មានបញ្ហារបួសដូចគ្នា។
 
ក្រូអាស៊ីរាត្រីនេះត្រូវបញ្ចៀសបរាជ័យជាថ្មីរបស់ខ្លួនទល់ម៉ារ៉ុក ខណៈ៥ប្រកួតចុងក្រោយមកនេះក្រូអាស៊ីត្រូវគូប្រកួតស៊ុតចូលទាំង ៦ប្រកួតតាំងពីវគ្គចែកពូលមក។ ចំណែកម៉ារ៉ុកវិញបញ្ហាកីឡាកររបួសធ្វើឱ្យពួកគេបានបាត់បង់កម្លាំងសំខាន់ៗដើម្បីទប់ទល់ក្នុងការប្រកួត។ 
 
ការប្រកួតដណ្តើមលេខ៣ ចំនួន​ ១៩ប្រកួតដែលកើតឡើងនៅ World Cup គឺភាគច្រើនឈានដល់ការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងនោះមានតែការប្រកួតមួយប៉ុណ្ណោះរវាងបារាំង និងបែលហ្ស៊ិកឆ្នាំ ១៩៨៦ ដែលបញ្ចប់ត្រឹមវគ្គបន្ថែម ១៥នាទី ២ដង។
 
មុនការប្រកួតមកដល់បើតាមសម្តីលោក Zlatko Dalic បាននិយាយដូច្នេះថា៖«នេះជាការប្រកួតផ្តាច់ព្រ័ត្រដ៏ធំសម្រាប់យើង វាមិនមែនតូចឡើយ តែក៏ជាប្រកួតដ៏ធំមួយសម្រាប់ម៉ារ៉ុកដូចគ្នា។»។
 
ចំណែក Walid Regragui គ្រូបង្វឹកម៉ារ៉ុកវិញថាខ្លួននៅតែជឿជាក់ថាការប្រកួតទល់ក្រូអាស៊ី កូនក្រុមនៅតែធ្វើបានល្អ បើទោះបីកំពុងតែជួបបញ្ហាច្រើនយ៉ាងណាក្តី៕
 
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com