ជាតិ
សម្រស់ផ្កា Salvia ឬផ្កាឡាវេនឌឺ កំពុងទាក់ចិត្តទេសចរជាច្រើនទៅកម្សាន្តខេត្តបាត់ដំបង
17, Dec 2022 , 10:30 pm        
រូបភាព
ភ្នំពេញ៖ ផ្កា Salvia ឬពលរដ្ឋខ្មែរឱ្យឈ្មោះថា ផ្កាឡាវេនឌឺ កំពុងបង្ហាញសម្រស់ពណ៌ស្វាយយ៉ាងឆើតឆាយ ក្នុងទឹកដីភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ផ្កានេះត្រូវបានដាំរួមជាមួយផ្កា ៦ប្រភេទទៀត លើផ្ទៃដីប្រមាណ ៥ពាន់ម៉ែត្រការ៉េ ដើម្បីទាក់ទាញទេសចរ មកកម្សាន្តខេត្តចំណាស់មួយនេះ។


 
ផ្កា Salvia  កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដ្បិតសម្រស់ផ្កានេះ កំពុងរីកយ៉ាងស្រស់ស្អាត ក្នុងចម្ការផ្កា និងទំពាំងបាយជូរ CT Battambang។ រូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសម្រស់ផ្កា Salvia ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពាន់នាក់ ចែករំលែក និងបញ្ចេញមតិ ចង់ទៅលេងកម្សាន្តសួនផ្កា។ 


ទិដ្ឋភាពចម្ការផ្កា និងទំពាំង CT Battambang។ រូបភាពពី ហ្វេសប៊ុករបស់ កញ្ញា ចាន់ ម៉ីម៉ី

បើតាមរូបភាពដែលផ្សព្វផ្សាយដោយ កញ្ញា ចាន់ ម៉ីម៉ី អ្នកគ្រប់គ្រង់ចម្ការផ្កា និងទំពាំងបាយជូរ CT Battambang និងទំព័រហ្វេសប៊ុក បាត់ដំបងផ្ទះខ្ញុំ ចម្ការផ្កានេះ មិនត្រឹមតែមានសម្រស់ផ្កាស្អាតជាច្រើនពណ៌កំពុងបង្អួតគ្នាឡើយ តែក៏មានទេសភាពព្រៃភ្នំអមជាមួយផងដែរ។ ទេសចរ នឹងកាន់តែទទួលអារម្មណ៍ប្លែក បើទៅទស្សនាសួនផ្កានេះ នៅពេលថ្ងៃលិច ឬថ្ងៃរះ ដែលពន្លឺថ្ងៃប៉ះផ្កាចម្រុះពណ៌ ចាំងនឹងទឹកបឹងក្នុងសួន រួមជាមួយចម្ការទំពាំងបាយជូរ និងទេសភាពភ្នំផង នោះនឹងញុំាងបរិយាកាសកាន់តែល្អ។ 
 
ក្នុងឆ្នាំ២០២២នេះ ផ្កា Salvia ត្រូវបានចាប់ផ្តើមដាំនៅខែកញ្ញា និងចាប់ផ្តើមរីកនៅតុលា។ បើតាមកញ្ញា ចាន់ ម៉ីម៉ី បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា ផ្កានេះរីកពេញស្អាតនៅកណ្តាលខែតុលា ហើយវារីកបានស្អាត ត្រឹមរយៈពេល៣ខែប៉ុណ្ណោះ ពោលគឺ នឹងរោយ នៅចុងខែធ្នូនេះ។ 


ទិដ្ឋភាពចម្ការផ្កា និងទំពាំង CT Battambang។ រូបភាពពី ហ្វេសប៊ុករបស់ កញ្ញា ចាន់ ម៉ីម៉ី

ចាប់តាំងពីផ្ការីកមកដល់ពេលនេះ កញ្ញាសង្កេតឃើញថា ទេសចរជាច្រើនបានទៅថតរូបកម្សាន្ត ដោយថ្ងៃធម្មតាមានជិត ១០០នាក់ ហើយថ្ងៃចុងសប្តាហ៍ មានចន្លោះពី ១០០ ទៅ ២០០នាក់។ ម៉ីម៉ី បានបន្ថែមថា បើថ្ងៃឈប់សម្រាក់បុណ្យទាន ចំនួនទេសចរអាចហក់ដល់ខ្ទង់ពាន់នាក់។ 
 
ទេសចរ អាចចូលថតរូបកម្សាន្តក្នុងចម្ការផ្កា និងទំពាំងបាយជូ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច ដោយត្រូវបង់ប្រាក់ចំនួន ៤ពាន់រៀន ក្នុងម្នាក់។ ដោយឡែក សម្រាប់គូស្នេហ៍ ដែលត្រៀមចូលរោងការ ហើយមានបំណងថតរូប Pre-wedding ត្រូវបង់ក្នុងតម្លៃ ៨ម៉ឺនរៀល និងអនុញ្ញាតឱ្យចូលក្នុងចម្ការផ្កា ៨នាក់។ 
  

ទិដ្ឋភាពចម្ការផ្កា និងទំពាំង CT Battambang។ រូបភាពពី ហ្វេសប៊ុករបស់ កញ្ញា ចាន់ ម៉ីម៉ី

ជាកូនម្ចាស់ចម្ការ និងជាអ្នកគ្រប់គ្រងចម្ការម្នាក់ផង កញ្ញា ម៉ីម៉ី បានឱ្យដឹងទៀតថា ពូជផ្កានេះនាំចូលពីប្រទេស ថៃ និងចិន នៅឆ្នាំ២០១៩ ដែលជាឆ្នាំដាំសាកល្បង។ ជារឿងជោគជ័យមួយ សម្រាប់ឪពុករបស់ម៉ីម៉ី ផ្កានេះដាំបានយ៉ាងល្អ ទោះស្ថិតនៅទឹកដីកម្ពុជា មានអាកាសធាតុខុសប្លែកពី ថៃ និងចិន បន្តិចក្តី។ 
 
ក្រោយជោគជ័យក្នុងឆ្នាំនេះ ម៉ីម៉ី ក៏គ្រោងពង្រីកទីតាំងបន្ថែម ដើម្បីបង្កើនសោភ័ណភាព និងទាក់ទាញទេសចរ មកលេងបាត់ដំបងឱ្យកាន់តែច្រើន។ «ខ្ញុំស្រលាញ់នៅពេលផ្កាខ្ញុំស្អាត។ ខ្ញុំតែងតែថែទាំ។ ប៉ាខ្ញុំក៏គាត់តែងតែថែទាំរហូត គឺចង់ឱ្យស្អាតរហូត។ កន្លែងស្អាត ទើបភ្ញៀវយើងមកដល់ ហើយនឹងពង្រីករហូត។ យើងនឹងកែច្នៃកន្លែងយើង មិនឱ្យនៅតែប៉ុណ្ណឹង គឺធ្វើឱ្យភ្ញៀវ គាត់មកម្តងប្លែកបន្តិច។ មកម្តងប្លែកបន្តិច»។ នេះជាការលើកឡើងរបស់កញ្ញា ចាន់ ម៉ីម៉ី អ្នកគ្រប់គ្រងចម្ការផ្កា និងទំពាំងបាយជូរ៕

Tag:
 បាត់ដំបង
  ផ្កាពណ៌ស្វាយ
  ស្រុករតនមណ្ឌល
© រក្សាសិទ្ធិដោយ thmeythmey.com