FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ក្រូអាស៊ីយកបានជ័យជម្នះលើម៉ារ៉ុកគ្រងតំណែងក្រុមលេខ៣
17, Dec 2022 , 11:53 pm        
រូបភាព
ក្រូអាស៊ីក្លាយជាក្រុមគ្រងតំណែងលេខ៣ នៃព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ក្រោយយកឈ្នះម៉ារ៉ុកក្នុងលទ្ធផល ២-១ នៃជំនួបដណ្តើមលេខ៣ ក្នុងកីឡាដ្ឋាន Khalifa International ថ្ងៃទី១៧ ខែធ្នូ។ ក្រូអាស៊ីគ្រងតំណែងលេខ៣ លើកទី២ ក្នុងប្រវត្តិសាស្ត្រខ្លួន ឯម៉ារ៉ុកបានត្រឹមខកចិត្តឈរតំណែងលេខ៤។



ការប្រកួតក្នុងវគ្គទីមួយទាំងក្រូអាស៊ីនិងម៉ារ៉ុកបានបើកការវាយសម្រុកគ្នាខ្លាំងទៅវិញទៅមកខណៈក្រុមទាំងពីរចាប់តាំងពីការប្រកួតវគ្គចែកពូលមកសុទ្ធសឹងតែជាក្រុមលេងដោយប្រើយុទ្ធសាស្ត្រការពារវាយបកដូចគ្នា។ 
 
ក្រូអាស៊ីបើកការនាំមុខតាំងពីដើមវគ្គនៅត្រឹមនាទី៧ កីឡាករ Josko Gvardiol តែតបាល់បំប៉ោងសំណាញ់ទីបានយ៉ាងល្អ ប៉ុន្តែនាំមុខមិនបានប៉ុន្មាន ម៉ារ៉ុករកបានឱកាសទាត់បាល់ពិន័យ Free Kick Hakim Ziyech បញ្ជូនបាលដ៏ល្អជួយឱ្យកីឡាករ Achraf Dari តែតបាល់តាមស្មើក្រូអាស៊ីវិញត្រឹមនាទី៩។ លទ្ធផល ១-១ បានអូសបន្លាយដល់នាទីចុងវគ្គទៅហើយ ប៉ុន្តែក្រូអាស៊ីសម្រុកខ្លាំងរហូតសម្រេចសំណាញ់ទីគ្រាប់ទី២លើម៉ារ៉ុកដោយកីឡាករ Mislav Orsic នាទី៤២។ បញ្ចប់ការប្រកួតវគ្គទីមួយក្រូអាស៊ីនាំមុខលទ្ធផលបណ្តោះអាសន្នលើម៉ារ៉ុក ២-១។
 
ឈានចូលការប្រកួតក្នុងវគ្គទីពីរការសម្រុកគ្នារវាងក្រុមទាំងសងខាងបានបន្តកើតឡើង ខណៈក្រុមតាំងសងខាងបានផ្លាស់ប្តូរកីឡាកររៀងៗខ្លួនព្រោះឆ្លងកាត់ការប្រកួតតាំងពីវគ្គចែកបូលមកនេះជាការប្រកួតទី៧ ដែលពួកគេបានលេងហើយពោរពេញដោយកីឡាកររបួស។ លទ្ធផល ២-១ ក្នុងវគ្គទីពីរគ្មានការប្រែប្រួលឡើយ បើទោះក្រូអាស៊ី និងម៉ារ៉ុកព្យាយាមដាក់សម្ពាធលើគ្នា និងវាយសម្រុកគ្នាខ្លាំងក៏ដោយ។ បញ្ចប់ការប្រកួតក្រូអាស៊ីយកឈ្នះម៉ារ៉ុកក្នុងលទ្ធផល ២-១ គ្រងតំណែងលេខ៣ ក្នុងការប្រកួតពានរង្វាន់ FIFA World Cup 2022 ចំណែកម៉ារ៉ុនបានត្រឹមខកចិត្តខណៈបញ្ចប់ចំណាត់ថ្នាក់លេខ៤។
 
ជាមួយជ័យជម្នះដែលក្រូអាស៊ីទទួលបានលើម៉ារ៉ុក ជួយនាំឱ្យពួកគេក្លាយជាក្រុមឈរនៅតំណែងលេខ៣ នៃព្រឹត្តិការណ៍ World Cup លើកទី២ ក្នុងប្រវត្តិសាស្ត្រ ដោយកាលពីលើកទី១ ក្នុងឆ្នាំ ១៩៩៨។ ជំនួបក្រូអាស៊ីយកឈ្នះម៉ារ៉ុកក្លាយជាការប្រកួតដណ្តើមលេខ៣ ទី២០ និងជាលើកដំបូងប្រចាំប្រវត្តិសាស្ត្រ FIFA ដែលបញ្ចប់ការប្រកួតនៅត្រឹមរយៈពេល ៩០នាទី។ ការប្រកួតដណ្តើមលេខ៣ ១៨លើកចំណោម ១៩លើកកន្លងទៅ បញ្ចប់ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ និង ១ប្រកួតបញ្ចប់ត្រឹមវគ្គបន្ថែម ១៥នាទីពីរដង៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com