ជាតិ
ក្រសួងអប់រំ និងយូណេស្កូ ជំរុញការសិក្សាគណិតវិទ្យា សម្រាប់សិស្សបឋម
18, Dec 2022 , 12:20 pm        
រូបភាព
រូបភាព៖ អង្គការយូណេស្កូ
រូបភាព៖ អង្គការយូណេស្កូ
ភ្នំពេញ៖ គណិតវិទ្យា គឺជាមូលដ្ឋានគ្រឹះ នៃការគិតរបស់មនុស្សលើពិភពលោក ប៉ុន្តែ ក្នុងប្រព័ន្ធអប់រំ ការសិក្សាលើមុខវិជ្ជាមួយនេះនៅតែជួបបញ្ហាប្រឈម។ ជារើយៗ គណិតវិទ្យា ត្រូវបានគេយល់ថា ពិបាក និងរៀនមិនបានល្អ ដែលអាចជិះឥទ្ធិពលអវិជ្ជមានដល់លទ្ធផលសិក្សារបស់ពួកគេ។ ការសិក្សារបស់អង្គការយូណេស្កូ ឆ្នាំ២០១៧ បានរកឃើញថា មនុស្ស ៥៦ភាគរយ លើពិភពលោក ដែលស្ថិតក្នុងវ័យសិក្សា មិនទាន់សម្រេចបាននូវកម្រិតជំនាញអប្បបរមាលើមុខវិជ្ជាគណិតវិទ្យានោះទេ។



ចំពេលកម្ពុជា ដាក់ផែនការកែលម្អលទ្ធផលសិក្សារបស់សិស្សផ្នែក គណិតវិទ្យា និងអំណានភាសាខ្មែរ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយ សម្រាប់ការអប់រំថ្នាក់ដំបូង ដែលហៅថា «កុមាររៀន កុមារចេះ» កាលពីឆ្នា២០២០ ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំ កម្រិតថ្នាក់ដំបូងនៅ បឋមសិក្សា។ 
 
នៅថ្ងៃទី១៩ ខែធ្នូ ក្រសួងអប់រំ នឹងរៀបចំពិធីផ្លូវការមួយនៅភ្នំពេញ ដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣​ ដែលជាសមិទ្ធិផលសំខាន់មួយក្នុងគំនិតផ្ដួចផ្ដើមសម្រាប់ការអភិវឌ្ឍ។ គម្រោងអប់រំថ្មីនេះ ទទួលការគាំទ្រពីគម្រោង (STEP cam) របស់អង្គការយូណេស្កូ ដែលមានថវិការចំនួន ១៤,៤លានដុល្លារ។ 
 
ការអនុវត្តកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣​នេះ មានគោលបំណងលើកកម្ពស់គុណភាពសិក្សារបស់សិស្ស ដោយមានការធ្វើបច្ចុប្បន្នកម្មសមត្ថភាព និងវិធីសាស្រ្តបង្រៀនរបស់គ្រូ។ វិធីសាស្រ្តទាំងនេះ នឹងចូលរួមលើកម្ពស់ សកម្មភាពក្នុងថ្នាក់រៀន កាន់តែច្រើន ជាពិសេសលើកទឹកចិត្តដល់សិស្សឱ្យពួកគេគិតពីប្រធានបទ ដែលកំពុងរៀន។ មេរៀន និងរូបភាពក្នុងឯកសារ ត្រូវបានរៀបចំឡើង ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង ដើម្បីជួយសិស្សឱ្យយល់កាន់តែច្បាស់អំពីការប្រើប្រាស់គណិតវិទ្យានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ 
 
កញ្ចប់សម្ភារៈថ្នាក់ទី៣ថ្មីនេះ បង្កើតឡើងដោយផ្អែកលើលទ្ធផលនៃការសិក្សានៃកញ្ចប់ថ្នាក់ទី១ និងទី២ ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីវិច្ឆិកា ឆ្នាំ២០២០ ដើម្បីធានាបាននូវវឌ្ឍនភាពច្បាស់លាស់ ដោយសិស្សមានសមត្ថភាព ស្របតាមការរំពឹងទុក នៅចុងបញ្ចប់នៃកម្រិតសិក្សានីមួយៗ។ 
 
ដោយឡែក កញ្ចប់សម្ភារៈ ថ្នាក់ទី១ ត្រូវបានដាក់ឱ្យអនុត្តនៅខេត្តចំនួន៥រួចហើយ ខណៈកម្មវិធីសាកល្បងកញ្ចប់ថ្នាក់ទី២ នៅខេត្តសៀមរាប បានបញ្ចប់ ។ ជាផ្នែកមួយនៃការអនុវត្តសម្ភារៈថ្នាក់ទី១ និងទី២ គ្រូបង្រៀន ៧ពាន់នាក់ បានការបណ្ដុះបណ្ដាល ដើម្បីប្រើប្រាស់នូវគោលវិធីសិស្សមជ្ឈមណ្ឌលថ្មី។ 
 
លើសពីនេះ គម្រោង (STEP cam) បានគាំទ្រដល់ការបង្កើតប្រព័ន្ធប្រឹក្សាគរុកោសល្យជាតិ ដើម្បីធានាថា គ្រូបង្រៀនអាចទទួលបានការគាំទ្រវិជ្ជាជីវៈទៀងទាត់ និងមានប្រសិទ្ធភាព។ សរុបមក សិស្សថ្នាក់ទី១ និងទី២ ប្រមាណ ២៣០០០០នាក់ បានទទួលអត្ថប្រយោជន៍ពីការគាំទ្ររបស់គម្រោង (STEP cam) ក្នុងការរៀនកម្រិតដំបូង។ 
 
តាមរយៈកញ្ចប់សម្ភារៈថ្នាក់ទី១ និងទី២ ដែលដាក់ឱ្យអនុវត្តកន្លងទៅ អ្នកស្រី ឆាយ គីមសាក់ បង្រៀនថ្នាក់ទី១ នៅបឋមសិក្សាមួយនៅខេត្តសៀមរាប សង្កេតឃើញថា លទ្ធផលសិក្សារបស់សិស្សពួកគេកំពុងមានភាពប្រសើរឡើង។ អ្នកស្រី មានប្រសាសន៍ដូច្នេះ៖« ខ្ញុំបានកត់សម្គាល់ ឃើញថាសិស្សរបស់ខ្ញុំមានការផ្លាស់ប្ដូរ។ ឥឡូវ ពួកគេសប្បាយចិត្ត​នឹងរៀនសូត្រ ហើយលែងខ្លាចក្នុងការមកសាលាទៀតហើយ ព្រោះយើងមានការល្បែងសិក្សា និងវីធីបង្រៀនដែលទាក់ទាញការចាប់អារម្មណ៍របស់ពួកគេ»។ 
 
ចាប់តាំងពីការដាក់បានឱ្យអនុវត្តសម្ភារៈថ្នាក់ទី១ និងទី២ ក្នុងឆ្នាំ ២០២០មក កញ្ចប់គណិតវិទ្យាថ្នាក់ដំបូង បានទទួលការគាំទ្រយ៉ាងខ្លាំងពីដៃគូអភិវឌ្ឍក្នុងការវិនិយោគថ្មីៗ ដើម្បីពង្រឹកវិសាលភាពជួយដល់សិស្សកាន់តែច្រើនបន្ថែមទៀត ក្រៅពីខេត្តដែលគាំទ្រដោយ STEP cam។ នៅប៉ុន្មានឆ្នាំខាងមុខ ក្រសួងអប់រំ នឹងបន្តអនុវត្តកញ្ចប់សម្ភារៈរៀន និងបង្រៀនគណិតវិទ្យាសម្រាប់ថ្នាក់ទី៣ ដែលអាចផ្ដល់ប្រយោជន៍ដល់សិស្សប្រមាណ ១៣១០០០នាក់ថែមទៀត៕ 

Tag:
 អប់រំ
  អង្គការយូណេស្កូ
© រក្សាសិទ្ធិដោយ thmeythmey.com