ជាតិ
ប្រវត្តិសាស្រ្ត៖ ព្រះរាជទស្សនកិច្ចព្រះបាទ ស៊ីសុវត្ថិ នៅបារាំង ជាការផ្សារភ្ជាប់ទំនាក់ទំនងទ្វេភាគី
19, Dec 2022 , 9:00 am        
រូបភាព
ភ្នំពេញ៖ ពិព័រណ៍បណ្តោះអាសន្ន​«ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ ព្រះបាទ ស៊ីសុវត្ថិ» ជាការបង្ហាញនូវព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយនៃទំនាក់ទំនងកម្ពុជា-បារាំង។ ហេតុអ្វីពិព័រណ៍នេះសំខាន់? ព្រោះបានបង្ហាញកូនខ្មែរជំនាន់ក្រោយអំពីភាពខ្លាំងក្លានៃព្រះមហាក្សត្រខ្មែរមួយអង្គ ដែលបានធ្វើដំណើរដោយកប៉ាល់ទៅកាន់ប៉ែកអឺរ៉ុបលើកដំបូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទូតជាមួយបារាំង។



ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោក-អ្នកនាង ទស្សនាបទសម្ភាសដូចខាងក្រោម៖



ពិព័រណ៍បណ្តោះអាសន្ន​«ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ ព្រះបាទ ស៊ីសុវត្ថិ» កំពុងបង្ហាញខ្លួននៅសាលពិព័រណ៍ នៃសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)។ ពិព័រណ៍នេះ ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ដោយលោក ប្លែស គីលីយ៉ង់ សហប្រធាននៃសារមន្ទីរ ស.ស.រ រួមជាមួយលោកសាស្ត្រចារ្យ Olivier de Bernon។
 
ក្នុងបទសម្ភាសជាមួយកញ្ញា ហុង ស្រីណា អ្នកសារព័ត៌មាន ThmeyThmey25 នៅសាលតាំងពិព័រណ៍ សារមន្ទីរ ស.ស.រ លោក ប្លែស គីលីយ៉ង់ បានថ្លែងថា ព្រះរាជទស្សនកិច្ចរបស់ព្រះបាទស៊ីសុវត្ថិយាងទៅកាន់ប្រទេសបារាំង គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិនៃប្រទេសកម្ពុជា និងក្នុងប្រវត្តិនៃទំនាក់ទំនងរវាងបារាំងជាមួយកម្ពុជា។

លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទិរ ស.ស.រ 

ព្រះបាទ ស៊ីសុវត្ថិ ជាជនជាតិខ្មែរដំបូង ដែលបានទៅទស្សនកិច្ចប្រទេសបារាំងនាឆ្នាំ១៩០៦ ហើយក៏ជាសកម្មភាពដំបូងរបស់ទ្រង់ ក្រោយឡើងសោយរាជ្យនៅឆ្នាំ១៩០៦។ ដំណើរទស្សនកិច្ចរបស់ទ្រង់ បានធ្វើឱ្យប្រជាជនបារាំងស្ងើចសរសើរចំពោះកម្ពុជាជាខ្លាំង ដ្បិតមានក្បួនរបាំព្រះរាជទ្រព្យអមដំណើរទ្រង់ រួមជាមួយមន្រ្តីជាន់ខ្ពស់ជាច្រើន។
 
«ពីមុនមកប្រទេសបារាំង គេបានដឹងឮអំពីប្រាសាទអង្គរតាមសំណេររបស់អ្នកនិពន្ធមួយចំនួន ប៉ុន្តែគេមិនដែលឃើញឡើយ។ នៅពេលដែលព្រះរាជាខ្មែរយាងទៅ ហើយគេឃើញមន្ត្រីអមដំណើរព្រះបាទស៊ីសុវត្ថិ និងរបាំព្រះរាជទ្រព្យដង្ហែទ្រង់ដែរ។ ដូច្នេះ ដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍សំខាន់ ដែលអនុញ្ញាតឱ្យប្រទេសខ្មែរលេចធ្លោនៅលើឆាកអន្តរជាតិទាំងនយោបាយ ការទូត និងវប្បធម៌»។ នេះជាការលើកឡើងរបស់លោក ប្លែស គីលីយ៉ង់ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Thmey Thmey 25។


ទិដ្ឋភាពក្នុងសាលតាំងពិព័ណ័បណ្តោះអាសន្នអំពី« ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំង របស់ព្រះបាទ ស៊ីសុវត្ថិ»

ទន្ទឹមនោះ ក្នុងដំណើរទស្សនកិច្ចនេះ ព្រះបាទស៊ីសុវត្ថិ ក៏បានបង្ហាញអំពីភាពប៉ិនប្រសព្វក្នុងវិស័យការទូត ដ្បិត អត្តចរិតនិងរបៀបទាក់ទងជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋបារាំង បានធ្វើឱ្យលោកមានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា។ ការណ៍នេះ បាននាំឱ្យកាសែតបារាំងទាំងអស់បានចុះផ្សាយរាល់ថ្ងៃពីសកម្មភាពទ្រង់នៅប្រទេសបារាំង។
  

ទិដ្ឋភាពក្នុងសាលតាំងពិព័ណ័បណ្តោះអាសន្នអំពី« ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំង របស់ព្រះបាទ ស៊ីសុវត្ថិ»

សំខាន់ជាងនេះទៅទៀត ព្រះរាជទស្សនកិច្ចនេះ បាននាំមកនូវសមិទ្ធិផលយ៉ាងធំធេងសម្រាប់កម្ពុជា ព្រោះក្រោយព្រះបាទ ស៊ីសុវត្ថិ វិលត្រឡប់មកកម្ពុជាវិញ បារាំងបានបញ្ចប់ការចរចាជាមួយសៀម ដោយកាត់ទឹកដីខេត្តបាត់ដំបង និងសៀមរាប ឱ្យកម្ពុជា។
 
ត្រង់ចំណុចនេះ លោក ប្លែស គីលីយ៉ង់ បានលើកឡើងថា ៖«ក្រោយព្រះរាជទស្សនកិច្ច បារាំងបានបង្ហាញការចរចាជាមួយសៀម ដោយសៀមបានប្រគល់ខេត្តបាត់ដំបង និងសៀមរាប ឱ្យខ្មែរវិញ។ ដូច្នេះយើងយល់ឃើញថាព្រះរាជទស្សនកិច្ចនេះ បានចូលរួមចំណែកក្នុងការជំរុញ និងបង្ហាញកិច្ចការចំពោះមរណភាពទឹកដីកម្ពុជា។ ព្រះរាជទស្សនកិច្ចនេះ យើងអាចនិយាយបានថាជាការការស្វែងយល់គ្នារវាងខ្មែរ និងបារាំង»។


ទិដ្ឋភាពក្នុងសាលតាំងពិព័ណ័បណ្តោះអាសន្នអំពី« ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំង របស់ព្រះបាទ ស៊ីសុវត្ថិ»

គួរបញ្ជាក់ផងដែរថា ការតាំងពិព័រណ៍នេះ បើកទទួលឱ្យចូលទស្សនាចាប់ពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៣។ ពលរដ្ឋ អាចចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦ល្ងាច រៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ។ បើសិនជាលោកអ្នកចង់ដឹងកាន់តែច្បាស់អំពី ប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ សូមលោកអ្នកអញ្ជើញទៅទស្សនា សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ឬ  https://www.facebook.com/sosoromuseum ៕

Tag:
 សារមន្ទីរព្រះស្រីឦសានវរ្ម័ន
  ដំណើរទស្សនកិច្ចទៅកាន់បារាំង
  ព្រះបាទ ស៊ីសុវត្ថិ
© រក្សាសិទ្ធិដោយ thmeythmey.com