FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អបអរសាទរ! អាហ្សង់ទីនឈ្នះពាន World Cup ជាលើកទី៣ ក្រោយខកខានអស់៣៦ឆ្នាំ
19, Dec 2022 , 12:55 am        
រូបភាព
អាហ្សង់ទីន បានយកឈ្នះបារាំង ដោយប៉េណាល់ទី ៤-២ ក្រោយលទ្ធផល១២០នាទីស្មើ ៣-៣ ដើម្បីលើកពាន FIFA World Cup 2022 នៅកាតា។ Lionel Messi ស៊ុតទាត់ប៉េណាល់ទីសម្រេចនៅនាទី២៣ ហើយ Angel Di Maria បន្ថែមគ្រាប់ទី៣នៅនាទី៣៦។ នៅនាទី៨០ Kylian Mbappe ទាត់បាល់ប៉េណាលទី ហើយ២នាទីក្រោយមកបន្ថែម១គ្រាប់ទៀតដែលធ្វើឲ្យលទ្ធផលស្មើ ២-២។ នៅនាទីម៉ោង១៥នាទី២ដង Messi និង Mbappe រកបានម្នាក់មួយគ្រាប់បន្ថែមទៀត ដែលនាំឲ្យមានលទ្ធផលស្មើ ៣-៣ មុននឹងអាហ្សង់ទីនឈ្នះដោយប៉េណាល់ទី។ នេះជាការឈ្នះពានលើកទី៣របស់ក្រុមអាម៉េរិកឡាទីនមួយនេះ ក្រោយរង់ចាំអស់៣៦ឆ្នាំ ពោលគឺតាំងពីឆ្នាំ១៩៨៦ មក។

 
ការប្រកួតក្នុងវគ្គទីមួយនៃការដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 អាហ្សង់ទីនបើកការវាយសម្រុកខ្លាំងលើបារាំងចាប់តាំងពីដើមវគ្គតែម្តងដោយត្រឹម ១០នាទីដំបូងពួកគេរកបានឱកាសស៊ុតបាល់សំដៅទី ៣លើក និងការដាក់សម្ពាធជាបន្តបន្ទាប់លើបារាំង។ បារាំងក្នុងវគ្គទីមួយគ្មានឱកាសស៊ុតសំដៅសំណាញ់ទីអាហ្សង់ទីនសូម្បីតែមួយលើក។
 
ឈានដល់នាទី២០ អាហ្សង់ទីនទទួលបានឱកាសមាសបាល់ពិន័យ ១១ម៉ែត្រក្រោយកីឡាករបារាំង Ousmane Dembele បានបង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់លើ Angel Di Maria ហើយខ្សែប្រយុទ្ធឆ្នើម Lionel Messi ជាអ្នកសម្រេចស៊ុតបាល់ពិន័យ ១១ម៉ែត្របញ្ចូលទីលើបារាំង នាំមុខ ១-០។ ទោះនាំមុខប៉ុន្តែអាហ្សង់ទីននៅតែបន្តទម្រង់លេងដ៏ល្អរបស់ខ្លួនទល់បារាំងដោយការការពារមិនធ្វេរប្រហែលឱ្យបារាំងមានឱកាសនាំបាល់លេងដល់មុខតំបន់គ្រោះថ្នាក់ខ្លួនបានឡើយ។ 
 
គ្រាប់បាល់ទីពីរសម្រាប់ក្រុមមកពីអាម៉េរិកខាងត្បូងបានកើតឡើងបន្ថែមដោយខ្សែបម្រើប្រយុទ្ធ Angel Di Maria នៅនាទី៣៦ ដែលជាបាល់វាយបកក្រោយឆ្មក់យកបាល់បានពីកីឡាករបារាំង។ បញ្ចប់ការប្រកួតក្នុងវគ្គទីមួយអាហ្សង់ទីននាំមុខបណ្តោះអាសន្នលើបារាំង ២-០។ 
 
ចាប់ផ្តើមការប្រកួតវគ្គទីពីរអាហ្សង់ទីននៅតែបន្តដាក់សម្ពាធខ្លាំងលើបារាំង និងការសម្រុកខ្លាំងនៅតំបន់ប្រអប់គ្រោះថ្នាក់របស់បារាំងជារឿយៗ ប៉ុន្តែឱកាសរកគ្រាប់បាល់បន្ថែមស៊ុតលើបារាំងមិនកើតមានឡើយ ខណៈដែលបារាំងបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ជាមួយការផ្លាស់ប្តូរកីឡាករសំខាន់មួយចំនួនចេញ និងកីឡាករថ្មីចូល។ ត្រឹមនាទី៧៥ បារាំងរកបានឱកាសស៊ុតសំដៅទីលើអាហ្សង់ទីនបានត្រឹមតែ ២លើកប៉ុណ្ណោះហើយជាស្ថិតិដ៏តិចបំផុតសម្រាប់បារាំងក្នុងការប្រកួត។ 
 
ក្រោយអាហ្សង់ទីនបានផ្លាស់ប្តូរកីឡាករល្អៗចេញមួយចំនួនធ្វើឱ្យបារាំងរកបានឱកាសវាយសម្រុកវិញ បារាំងរកបានឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រត្រឹមនាទី៧៨ ក្រោយកីឡាករអាហ្សង់ទីនបង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់ Kylian Mbappe សម្រេចសំណាញ់ទីនាទី៨០ តាមបាន១គ្រាប់ឱ្យបារាំងវិញ។ ត្រឹមតែ ១នាទីប៉ុណ្ណោះ Kylian Mbappe ក៏រកបានឱកាសស៊ុតបន្ថែមគ្រាប់បាល់តាមស្មើ ២-២ ដោយ Kylian Mbappe ដដែលនៅនាទី៨១។ 
 
លទ្ធផលអាហ្សង់ទីនស្មើ ២-២ លើបារាំងបានបន្តអូសបន្លាយរហូតដល់បញ្ចប់ការប្រកួត ក្រុមទាំងសងខាងឈានដល់ការប្រកួតបន្ថែម ១៥នាទី ២ដងដើម្បីកាត់សេចក្តីស្វែករកជើងឯក World Cup 2022។ អាហ្សង់បន្ថែមឱកាសឈ្នះពានរង្វាន់របស់ខ្លួនលើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំ ក្រោយ Messi ស៊ុតបន្ថែមគ្រាប់ទី៣ នៅនាទី១០៩ យ៉ាងណាមិញហៀបបញ្ចប់ការប្រកួតបារាំងទទួលបានបាល់ពិន័យ ១១ម៉ែត្រសារជាថ្មីជាឱកាសតាមស្មើ ៣-៣ វិញ។ បញ្ចប់បន្ថែម ១៥នាទី ២ដង ក្រុមទាំងពីរឈានជើងដល់ការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ។ 
 
អាហ្សង់ទីនទោះត្រូវបារាំងតាមស្មើវិញរហូតដល់ទី៣ គ្រាប់ ប៉ុន្តែពួកគេនៅតែធ្វើបានយ៉ាងល្អគ្រងតំណែងជើងឯកពិភពលោកដោយយកឈ្នះបារាំងក្នុងការស៊ុតបាល់កាត់សេចក្តីក្នុងលទ្ធផល ៤-២។

ជ័យជម្នះលើបារាំងជួយឱ្យអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup លើកទី៣ ក្នុងប្រវត្តិសាស្ត្រខ្លួន និងជាលើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំចាប់តាំងពីឆ្នាំ ១៩៨៦ មកដែលពួកគេបានឈ្នះលើកចុងក្រោយ។ ខ្សែប្រយុទ្ធឆ្នើម Lionel Messi សម្រេចក្តីស្រមៃខ្លួនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ដែលខ្លួនបានតាមប្រម៉ាញ់ជាយូឆ្នាំមកហើយក្នុងអាជីពជាកីឡាករបាល់ទាត់ដ៏កំពូល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com