FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីន ទទួលបានប្រាក់រង្វាន់សរុប ៨១លានដុល្លារពីការឈ្នះ World Cup នៅកាតា
19, Dec 2022 , 2:39 pm        
រូបភាព
រូបភាព៖ FIFA World Cup
រូបភាព៖ FIFA World Cup
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានក្លាយជាជើងឯក FIFA World Cup លើកដំបូង ក្រោយរង់ចាំ៣៦ឆ្នាំ តាមរយៈការយកឈ្នះបារាំងនៅវគ្គផ្តាច់ព្រ័ត្រ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ។ ឈ្នះជើងឯកបាល់ទាត់នៅកាតាឆ្នាំ២០២២​ ក្រុមមកពីអាម៉េរិកឡាទីនមួយនេះទទួលបានប្រាក់រង្វាន់សរុបចំនួន៨១លានដុល្លារ។



ក្រោយឆ្លងកាត់ការប្រកួតទី៦៤ នៅយប់ថ្ងៃទី១៨ ខែធ្នូ គេបានរកឃើញជើងឯក World Cup ឆ្នាំ២០២២នេះហើយ។ អាហ្សង់ទីនបានក្លាយជាម្ចាស់ជើងឯកលើកទី៣ក្នុងប្រវត្តិសាស្ត្រ ដោយបារាំងបានត្រឹមរងជើងឯក។ ក្រូអាស៊ីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ និងក្រុមអាហ្រ្វិកម៉ារ៉ុកបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤។
 
សម្រាប់កម្មវីធី World Cup នៅកាតា FIFA ចំណាយទឹកប្រាក់សរុបចំនួន៤៤០លានដុល្លារលើប្រាក់រង្វាន់សម្រាប់ក្រុមទាំង៣២។ ក្រុមទាំង ៣២ ដែលមានឈ្មោះទៅកាន់ការប្រកួត FIFA World Cup ឆ្នាំ ២០២២ សុទ្ធតែទទួលបាន ៩លានដុល្លាររៀងខ្លួនរួចស្រេច ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ 
 
ក្រុមណាដែលឆ្លងផុតវគ្គចែកពូល ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ នឹងទទួលបាន១៣លានដុល្លារបន្ថែម។ ឈានដល់វគ្គ៨ក្រុមចុងក្រោយ ទទួលបាន១៧លានដុល្លារបន្ថែមទៀត។
សម្រាប់ក្រុមជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកនៅកាតា អាហ្សង់ទីនទទួលបានប្រាក់រង្វាន់សរុបរហូតដល់ទៅ៨១លានដុល្លារឯណោះ តាមរយៈប្រាក់ដែលទទួលបានតាមដំណាក់កាលប្រកួតរបស់ពួក។ បារាំងដែលបានត្រឹមរងជើងឯកទទួលបានប្រាក់រង្វាន់សរុប៦៩លានដុល្លារផងដែរ។
 
ក្រុមលេខ៣ក្រូអាស៊ី​ទទួលបានប្រាក់រង្វាន់៦៦លានដុល្លារ និងក្រុមម៉ារ៉ុកដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលផងដែរនោះទទួលបានប្រាក់រង្វាន់ពី FIFA ចំនួន៦៤លានដុល្លារ៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com