អន្តរជាតិ
តួកគី ផ្ដល់ម៉ាស៊ីនស្ទូង២០គ្រឿង និងឧបករណ៍បណ្ដុះគ្រាប់ពូជ ដល់កម្ពុជា ការចុះ MOU ភ្នាក់ងារសម្របសម្រួល កិច្ចសហប្រតិបត្តិការរបស់ទួរគី និងសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១៧ ខែធ្នូ។ រូបពី សហព័ន្ធស្រូវអង្ករកម្ពុជា
× ភ្នំពេញ៖ ទីភ្នាក់ងារសម្របសម្រួល កិច្ចសហប្រតិបត្តិការរបស់តួកគី (TIKA) បានផ្ដល់ម៉ាស៊ីនស្ទូង២០គ្រឿង និងឧបករណ៍បណ្ដុះគ្រាប់ពូជ ដល់សហគមន៍កសិកម្មចំនួន៥ នៅកម្ពុជា។
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូងអង្ករកម្ពុជា និងលោក Burak SARITARLA ប្រធានគម្រោងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងកម្ពុជា របស់ទីភ្នាក់ងារ សម្របសម្រួលកិច្ចសហប្រតិបត្តិការប្រទេសតួកគី បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ក្នុងការលើកកម្ពស់ជីវភាពរបស់កសិករកម្ពុជា កាលពីថ្ងៃទី១៧ ធ្នូ។ តាមរយៈ MOU នេះ តួកគី បានផ្ដល់ម៉ាស៊ីនស្ទូងស្រូវ ២០គ្រឿង និងឧបករណ៍បណ្តុះគ្រាប់ពូជ ដល់សហគមន៍កសិកម្មចំនួន ៥ នៅខេត្តកំពង់ចាម កំពង់ធំ ព្រៃវែង និងតាកែវ។
ជាការរំពឹង ម៉ាស៊ីនស្ទូងស្រូវនេះ នឹងអាចជួយដល់សហគមន៍កសិកម្មឱ្យមានភាពប្រសើរឡើងនូវបច្ចេកទេស និងសមត្ថភាពក្នុងការផលិតកម្មពូជ ស្រូវបន្ថែមទៀត។ នេះ គឺជាគម្រោងទី១ របស់ ទីភ្នាក់ងារសម្របសម្រួល កិច្ចសហប្រតិបត្តិការតួកគី នៅកម្ពុជា លើវិស័យកសិកម្ម ខណៈទីភ្នាក់ងារមួយនេះ បានពិចារណា នឹងបន្តជួយដល់សហគមន៍កសិកម្មបន្ថែមទៀត។
គួរឱ្យដឹងថា រយៈពេល ១១ខែ ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញអង្ករទៅទីផ្សារប្រទេសតួកគី កើនដល់៣ពាន់តោន។ បន្ថែមពីនេះ ភាគីទាំងពីរ បានឯកភាពធ្វើកិច្ចសហប្រត្តិបត្តិការ ជាមួយគ្នាបន្តទៀត លើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងផលិតកម្មស្រូវ៕
Tag:
កសិកម្ម
ម៉ាស៊ីនស្ទូង
ឧបករណ៍បណ្ដុះគ្រាប់ពូជ
© រក្សាសិទ្ធិដោយ thmeythmey.com