FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Messi កីឡាករដំបូង ពាក់អាវផាយស្បៃប្រពៃណីលំដាប់កំពូលអារ៉ាប់ ទទួលពាន World Cup
19, Dec 2022 , 4:00 pm        
រូបភាព
រូបពីហ្វេសប៊ុក Messi
រូបពីហ្វេសប៊ុក Messi
អាវផាយស្បៃបែបប្រពៃណីអារ៉ាប់ (Bisht) ត្រូវបាន Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនពាក់ដើម្បីទទួលពាន FIFA World Cup 2022។ អាវផាយស្បៃនេះ ត្រូវបានពាក់លើឥស្សរជនល្បីឈ្មោះ ដូចជាខ្សែរាជវង្ស បព្វជិត ឬក៏ត្រូវពាក់ក្នុងពិធីសំខាន់លំដាប់កំពូល និងពិធីអាពាហ៍ពិពាហ៍ជាដើម។  Messi ត្រូវបានប្រជាជនអារ៉ាប់លើកតម្កើង បន្ទាប់ពីជួយអាហ្សង់ទីន ឈ្នះបារាំង ក្នុងព្រឹត្តិការណ៍ World Cup កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅកាតា។



កីឡាករ Lionel Messi ទំនងជាត្រូវបានផ្ដល់កិត្តិយសយ៉ាងខ្លាំងពីប្រជាជនអារ៉ាប់ ដោយ Bisht ត្រូវបានពាក់​លើខ្លួនកីឡាកររូបនេះ ក្នុងពេលទទួលពានរង្វាន់ FIFA World Cup កាលពីថ្ងៃទី១៨ ខែធ្នូ។ អាវស្បៃខាងក្រៅពណ៌ខ្មៅ គឺជាសម្លៀកបំពាក់ប្រពៃណីបុរសនៅក្នុងពិភពអារ៉ាប់ ដែលជារឿយៗត្រូវបានពាក់សម្រាប់ឱកាសពិសេស សម្រាប់ជនកំពូលផ្សេងៗ ដូចជាអាពាហ៍ពិពាហ៍ជាដើម។ ម្យ៉ាងវិញទៀត Bisht ត្រូវបានពាក់ដោយរាជវង្ស ដែលទាក់ទងនិងបព្វជិត មន្ដ្រី ឬឥស្សរជនណាមួយ។
 
នេះ គឺជាការប្រកួត World Cup លើកដំបូងនៅក្នុងពិភពអារ៉ាប់ ហើយក៏ជាលើកទីមួយ ដែលអ្នកគាំទ្របានឃើញសម្លៀកបំពាក់ចូលរួមក្នុងការប្រារព្ធពិធីផ្ដល់ពានរង្វាន់ និងពិធីបិទ World Cup 2022។ នេះ ក៏ជាលើកទីមួយ ដែលសម្លៀកបំពាក់ប្រពៃណីត្រូវពាក់លើប្រធានក្រុមម្ចាស់ជើងឯក ហើយក៏ជាតារាបាល់ទាត់ដ៏ល្បីល្បាញទូទាំងពិភពលោក។
 
ម្ចាស់ពានរង្វាន់ Ballon d'Or ប្រាំពីរសម័យ Lionel Messi ត្រូវបានលោក Gianni Infantino ប្រធាន FIFA និងព្រះអង្គ​ម្ចាស់​  Tamim bin Hamad Al Thani នៃប្រទេស​កាតា (Emir of Qatar) បានប្រគល់រង្វាន់ជូនដោយផ្ទាល់ ដោយអាវ​ស្បៃពណ៌ខ្មៅ ត្រូវបាន​ផ្តល់​ដោយ Emir របស់​កាតាផ្ទាល់។
 
គួរបញ្ជាក់ផងដែរថា កីឡាករវ័យ ៣៥ឆ្នាំរូបនេះ បានដើរតួរយ៉ាងសំខាន់ចំពោះការប្រកួតជាមួយជម្រើសជាតិបារាំង ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយស៊ុតបញ្ចូលទីបានពីរដង និងបើកការស៊ុតបញ្ចូលទីក្នុងការស៊ុតបាល់កាត់សេចក្ដី ១១ម៉ែត្រ ឈ្នះ ៤-២ បន្ទាប់ពីការប្រកួតពេញម៉ោង បានបញ្ចប់ទៅត្រឹមលទ្ធផលស្មើ ៣-៣ និងការប្រកួតថែម ម៉ោង ១៥នាទី ២ដង។ Lionel Messi បានឈ្នះរង្វាន់កីឡាករល្អប្រចាំការប្រកួត (Player of the Match) និង កីឡាករល្អប្រចាំព្រឹត្តិការណ៍ (Player of the Tournament) បន្ទាប់ពីផ្លុំកញ្ចែចុងក្រោយ ដើម្បីដាក់ត្រាលើការប្រកួតជានិមិត្តរូបពិតប្រាកដសម្រាប់ខ្លួនគាត់៕
 

Tag:
 បាល់ទាត់
  World Cup
 FIFA
© រក្សាសិទ្ធិដោយ thmeythmey.com