ជាតិ
សង្គមជាតិ
សង់ត្រាល់ រកឃើញពលករខ្មែរខុសច្បាប់ជាង២ពាន់នាក់ ដែលត្រូវអាជ្ញាធរថៃចាប់បាន ក្នុងឆ្នាំ២០២២
19, Dec 2022 , 5:32 pm        
រូបភាព
ពលករខ្មែរ ដែលឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ត្រូវបានបញ្ជូនឲ្យត្រឡប់មកស្រុកកំណើតវិញ កាលពីឆ្នាំ២០២១។ រូបពី ទីបញ្ជាការវរសេនាតូចលេខ-៨១៩
ពលករខ្មែរ ដែលឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ត្រូវបានបញ្ជូនឲ្យត្រឡប់មកស្រុកកំណើតវិញ កាលពីឆ្នាំ២០២១។ រូបពី ទីបញ្ជាការវរសេនាតូចលេខ-៨១៩
ចាប់តាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ២០២២នេះ អាជ្ញាធរថៃ បានឃាត់ពលរដ្ឋខ្មែរដែលចំណាកស្រុកចំនួន៩២ករណី ដោយក្នុងនោះ មានមនុស្ស២១២១នាក់ ដែលស្រ្តី និងកុមារតូចៗ មានជាង៤០ភាគរយ។ តួលេខនេះ ត្រូវបានបង្ហាញក្នុងសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (អង្គការសង់ត្រាល់) ដែលចេញក្នុងទិវាអ្នកចំណាកស្រុកអន្តរជាតិលើកទី២៣ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ 



អង្គការសង់ត្រាល់ លើកឡើងថា ពលករខ្មែរជាង២ពាន់នាក់នោះ ដែលលួចឆ្លងដែនទៅប្រទេសថៃ គឺគ្មានឯកសារច្បាប់ ដូចជាលិខិតឆ្លងដែន ជាអាទិ៍ ហើយពួកគាត់ ត្រូវបានអាជ្ញាធរថៃចាប់នៅតាមព្រំដែន។ អង្គការនេះ សង្កត់ធ្ងន់ដូច្នេះថា៖«ប្រជាពលរដ្ឋខ្មែរ ភាគច្រើន ទៅរកការងារធ្វើនៅក្រៅប្រទេសទាំងប្រថុយប្រថានខ្ពស់»។ 
 
អង្គការសង់ត្រាល់ បង្ហាញមូលហេតុចម្បងមួយចំនួន ដែលបណ្តាលឲ្យពលរដ្ឋខ្មែរចេញទៅថៃដោយខុសច្បាប់ រួមមាន ការជំរុញ ការអូសទាញ និងភាពលំបាកក្នុងការរត់ឯកសារស្របច្បាប់ពីអាជ្ញាធរកម្ពុជា។ 
 
ជីវភាពក្រីក្រ ការពុំមានការងារធ្វើក្នុងស្រុក និងការទទួលបានប្រាក់ឈ្នួលទាប ជំរុញឲ្យមានការចំណាកស្រុកដោយខុសច្បាប់។ ទទួលបានប្រាក់ឈ្នួលខ្ពស់ ឱកាសការងារមានភាពល្អប្រសើរ និងមានសាច់ញាតិនៅទីនោះដែរ គឺសុទ្ធតែជាវិធីសាស្រ្តអូសទាញរបស់មេខ្យល់ ដែលនាំឲ្យមានការចំណាកស្រុកដោយខុសច្បាប់។ (សាច់ញាតិ គឺសំដៅលើសាច់ញាតិរបស់មេខ្យល់ ដោយមេខ្យល់ កុហកថា សាច់ញាតិរបស់គេ ក៏ធ្វើការនៅកន្លែង ពលករខ្មែរ ត្រូវទៅដែរ)។ ការរត់ឯកសារជាមួយអាជ្ញាធរកម្ពុជា ជួបការលំបាក ដូចជា រង់ចាំរយៈពេលយូរ នីតិវិធីស្មុគស្មាញ ឯកសារច្បាប់ ឬសេវា មានតម្លៃខ្ពស់ គឺជាហេតុដែលជំរុញឲ្យមានការចំណាកស្រុកដោយខុសច្បាប់។ ទាំងនេះ គឺជាការបកស្រាយរបស់អង្គការសង់ត្រាល់។ 
 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឆ្លើយតបថា ប្រជាពលរដ្ឋខ្មែរខ្លះ ចង់ដឹងស្ថានភាពការងារ និងទិដ្ឋភាពស្រុកទេសរបស់គេ  ដូច្នេះ ពួកគាត់ ក៏សម្រេចចិត្តចំណាកស្រុកទៅស្រុកគេ ដូចជា ថៃ ជាដើម តែពេលទៅដល់ ពួកគាត់ ក៏ជួបការខកចិត្ត។ លោក អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ កុំឲ្យចាញ់បោកមេខ្យល់ ដែលប្រើវិធីសាស្រ្តផ្សេងៗក្នុងការអូសទាញពួកគាត់។ 
 
តាមរយៈសារព័ត៌មានថ្មីៗ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លើកសុភាសិតខ្មែរ១ឃ្លា មកក្រើនរម្លឹកថា ជួញជិត ប្រសើរជាងជួញឆ្លាយ ដោយលោក ចង់មានន័យថា ស្វែងរកការងារធ្វើក្នុងស្រុក ប្រសើរជាងការចំណាកស្រុកទៅក្រៅប្រទេស។ លោក ចាត់ទុក ការចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរខ្លះ ថាជាការទៅផ្សងព្រេងនៅស្រុកគេ។ 
 
ចំពោះការរកឃើញរបស់អង្គការសង់ត្រាល់ថា ការរត់ឯកសារស្របច្បាប់ពីអាជ្ញាធរកម្ពុជា មានភាពលំបាក ទើបបណ្តាលឲ្យប្រជាពលរដ្ឋខ្មែរ ជ្រើសរើសយកការចំណាកស្រុកដោយខុសច្បាប់ ត្រូវលោក ផៃស៊ីផាន ច្រានចោល ហើយលោក ចាត់ទុកថាមិនត្រឹមត្រូវឡើយ។ លោក មានប្រសាសន៍បែបនេះថា៖«ការឆ្លើយដាក់កំហុសលើរាជរដ្ឋាភិបាល យើង មិនអាចទទួលយកបានទេ»។ 

សារព័ត៌មានថ្មីៗ បានហៅទូរស័ព្ទទៅលោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ ដើម្បីការបំភ្លឺជុំវិញស្ថានភាពចំណាកស្រុកខុសច្បាប់របស់ពលករខ្មែរ តែលោក មិនលើកទូរស័ព្ទ។
 
សង់ត្រាល់ អះអាងក្នុងសេចក្តីថ្លែងការណ៍ថា ពលរដ្ឋខ្មែរដែលចំណាកស្រុកដោយមិនស្របច្បាប់ ត្រូវប្រឈមបញ្ហានានា រួមមាន រស់នៅ និងធ្វើការងារដោយមានភាពភ័យខ្លាចនឹងការចាប់ខ្លួនពីអាជ្ញាធរ, ត្រូវចំណាយច្រើន, ត្រូវកាត់កងប្រាក់ឈ្នួលឲ្យទៅមេខ្យល់ ឬថៅកែ ដើម្បីរត់ការឯកសារឲ្យ, ការងារមិនស្ថិតស្ថេរ, មិនទទួលបានការការពារសិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ការងារ, មិនទទួលបានការគាំពារសង្គម, និងងាយធ្លាក់ក្នុងស្ថានការភាពរងគ្រោះនៃអំពើជួយដូរមនុស្ស ។ល។
 
ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋខ្មែរ ដែលចំណាកស្រុកទៅក្រៅប្រទេស អង្គការសង់ត្រាល់ ដាក់សំណើមួយចំនួនទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ត្រូវពង្រីកវិសាលភាពនៃការផ្តល់កិច្ចគាំពារសង្គមដល់ពលករចំណាកស្រុក, ផ្តល់សេវាគាំទ្រផ្នែកច្បាប់ដល់ពលករចំណាកស្រុក និងជំរុញសិទ្ឋិទទួលបានយុត្តិធម៌សម្រាប់ជនរងគ្រោះពីអំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានគ្រប់រូបភាព, គួរកំណត់តម្លៃនៃការស្នើសុំធ្វើឯកសារក្នុងតម្លៃសមរម្យ ជាដើម៕ 
 
 
 

Tag:
 ពលករចំណាកស្រុក
  សង់ត្រាល់
© រក្សាសិទ្ធិដោយ thmeythmey.com