រថយន្ត
អន្តរជាតិ
អាល្លឺម៉ង់នាំមុខគេលើទីផ្សារនាំចេញរថយន្ត បន្ទាប់មកមានជប៉ុន អាម៉េរិក កូរ៉េខាងត្បូង និងម៉ិកស៊ិក
19, Dec 2022 , 8:29 pm        
រូបភាព
ដោយ: ធីតា
ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Markets Research Future បង្ហាញពីសក្តានុពលនៃទីផ្សាររថយន្ត ដោយមានរថយន្តប្រមាណ១១០លានគ្រឿង ត្រូវបានលក់ចេញកាលពីអំឡុងឆ្នាំ២០២១។ របាយការណ៍បានបន្ថែមថា កំណើនប្រចាំឆ្នាំនឹងឡើង៤,៥ភាគរយរហូតដល់ឆ្នាំ២០៣០។

 
របាយការណ៍ដែលផ្សាយនៅលើ trademap.org បញ្ជាក់ឲ្យឃើញថា អាល្លឺម៉ង់ជាប្រទេសលំដាប់ទី១ ដែលផលិតរថយន្តអស្ចារ្យជាងគេ ជាពិសេសផលិតផលក្នុងស្រុកដូចជា Mercedes, BMW, Audi និង Porsche ជាដើម។ យោងតាមតួលេខឆ្នាំ២០២១ អាល្លឺម៉ង់បានចំណូលពីការនាំចេញរថយន្តរហូតដល់១៣៩ពាន់លានដុល្លារ។
 
ជប៉ុនដែលកំពូលឧស្សាហកម្មយានយន្តនៅអាស៊ី ឈរលំដាប់លេខ២ ដោយបានចំណូលពីការនាំចេញរថយន្តក្នុងរង្វង់៨៥ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា។ ផលិតផលល្បីល្បាញរបស់ជប៉ុន ចេញពីក្រុមហ៊ុន Toyota Motor Corporation, Nissan, Honda Motor និង Suzuki។
 
លេខ៣ គឺសហរដ្ឋអាម៉េរិក ដែលបាននាំចេញក្នុងខ្ទង់៥៤ពាន់លានដុល្លារ ក្នុងនោះមានផលិតផលរបស់ Ford Motor Company, General Motors Company, Chevrolet និង Chrysler ជាដើម ខណៈ Tesla ដើរតួគំរូគេលើផលិតផលរថយន្តអគ្គិសនី។
 
កូរ៉េខាងត្បូង ឈរលំដាប់លេខ៤ ជាមួយនឹងទឹកប្រាក់សរុប៤៤ពាន់លានដុល្លារកាលពីឆ្នាំ២០២១ ដោយផលិតផលកំពូលៗរួមមាន Kia, Hyundai, Renault, Samsung និង Ssang Yong។ ក្រៅពីនេះ General Motors ក៏មានផលិតផលរបស់ខ្លួននៅប្រទេសអភិវឌ្ឍន៍ក្នុងទ្វីបអាស៊ីមួយនេះផងដែរ។
 
ម៉ិកស៊ិកដែលជាប្រទេសនៅតំបន់អាម៉េរិកខាងជើង ក៏ទាក់ទាញក្រុមហ៊ុនធំៗឲ្យបោះមូលដ្ឋាននៅទីនោះផងដែរ ក្នុងនោះមានដូចជា Suzuki, Honda, Hyundai, McLaren ជាដើម។ កាលពីឆ្នាំ២០២១ ប្រទេសនេះ បាននាំចេញរថយន្តក្នុងខ្ទង់៣៩ពាន់លានដុល្លារ។
 
អេស្ប៉ាញ (នាំចេញ៣៣ពាន់លានដុល្លារ), បែលហ្ស៊ិក (៣១ពាន់លានដុល្លារ), ចក្រភពអង់គ្លេសរួមទាំងអៀរឡង់ខាងជើង (នាំចេញ៣០ពាន់លានដុល្លារ) សុទ្ធតែជាប្រទេសដែលមានសក្តានុពលលើឧស្សាហកម្មយានយន្តនៅតំបន់អឺរ៉ុប ដោយឈរនៅលំដាប់ទី៦, ៧ និងទី៨។
 
កាណាដា ដែលស្ថិតនៅអាម៉េរិកខាងជើង ស្ថិតនៅលេខ៩ ដោយនាំចេញបាន២៩ពាន់លានដុល្លារ ខណៈស្លូវ៉ាគី ដែលស្ថិតនៅអឺរ៉ុបកណ្តាល នាំចេញបានជាង២៦ពាន់លានដុល្លារ។ របាយការណ៍កាលពីឆ្នាំ២០២១ បង្ហាញផងដែរថា ចិន ស្ថិតនៅលេខ១១ ដោយនាំចេញបាន២៤ពាន់លានដុល្លារ រីឯសាធារណរដ្ឋឆែក ជាប់ក្នុងចំណោម Top 12 ជាមួយនឹងចំណូល២៣ពាន់លានដុល្លារពីការនាំចេញ។
 
១២ប្រទេសផ្សេងទៀត ដែលជាមូលដ្ឋាននៃការផលិតរថយន្តនាំចេញខ្ពស់រួមមាន បារាំង អ៊ីតាលី ស៊ុយអែត ហុងគ្រី ថៃ តួកគី អូទ្រីស អេមីរ៉ាតអារ៉ាប់រួម រូម៉ានី ឥណ្ឌា អាហ្វ្រិកខាងត្បូង និងហូឡង់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com