FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ផ្តាច់ព្រ័ត្រ៖ កូនកំលោះ-ក្រមុំឥណ្ឌាមួយគូ ពាក់អាវបារាំង និងអាហ្សង់ទីន នៅថ្ងៃរៀបការ
20, Dec 2022 , 11:39 am        
រូបភាព
ពលរដ្ឋនៅក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា តែងតែបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាក្នុងវិស័យកីឡាបាល់ទាត់ បើទោះតំបន់នេះមានអ្នកគាំទ្រងុបងល់ក្នុងប្រភេទកីឡាគ្រីឃីតដែលជាកីឡាប្រពៃណីខ្លួនក្តី។ អ្វីដែលភ្ញាក់ផ្អើល នៅចំថ្ងៃការប្រកួតផ្តាច់ព្រ័ត្រ World Cup ២០២២ មានកូនកំលោះ ក្រមុំមួយគូក្នុងរដ្ឋ Kerala បង្ហាញពីការគាំទ្រក្រុមអាហ្សង់ទីន និងបារាំងរៀងខ្លួន ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ពួកគេ។


មុនជំនួបវគ្គផ្តាច់ព្រ័ត្រ World Cup កាតា នៅថ្ងៃទី១៨ ខែធ្នូ រវាងអាហ្សង់ទីន និងបារាំង ប្រទេសនៅជុំវិញពិភពលោកភាគច្រើន ត្រៀមការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ឬផ្ទាំងសំពត់សនៅតាមដងផ្លូវ ដើម្បីពលរដ្ឋពួកគេដែលស្រឡាញ់វិស័យបាល់ទាត់បានទស្សនា។
 
គូស្នេហ៍ឥណ្ឌាមួយគូ បានរៀបចំថ្ងៃពិសេសក្នុងជីវិតរបស់ពួកគេ ចំថ្ងៃប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់កីឡាបាល់ទាត់ពិភពលោក ប៉ុន្តែកូនកំលោះក្រមុំទាំងពីរបានបង្ហាញពីការគាំទ្រក្រុមរៀងខ្លួន។ ប៉ុន្មានម៉ោងមុនការប្រកួតផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងបារាំងនៅកីឡដ្ឋាន Lusail របស់ប្រទេសកាតា Sachin R និង Athira បានរៀបការជាមួយគ្នានៅក្នុងពិធីមួយដែលធ្វើឡើងនៅទីក្រុង Kochi ប្រទេសឥណ្ឌា។
 
Sachin R ដែលជាកូនកំលោះ ជាអ្នកគាំទ្រដ៏ក្លៀវក្លារបស់តារាបាល់ទាត់ Lionel Messi និងក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈកូនក្រមុំ Athira ជាអ្នកគាំទ្រក្រុមបាល់ទាត់បារាំង។ បើទោះពួកគេបានយល់ព្រមលើលក្ខខណ្ឌជាច្រើនមុនក្លាយជាប្តីប្រពន្ធក្នុងពិធីអាពាហ៍ពិពាហ៍ ប៉ុន្តែគូស្នេហ៍ទាំងពីរមិនសម្របសម្រួលគ្នាអំពីក្រុមដែលពួកគេគាំទ្រក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនោះឡើយ។
 
ដោយស្រឡាញ់ងប់ងុលចំពោះក្រុមដែលខ្លួនគាំទ្រចំថ្ងៃប្រកួតផង ទាំងកូនក្រមុំ និងកូនកំលោះបានពាក់អាវក្រុមជម្រើសជាតិរៀងខ្លួនពីលើឈុតរៀបការនៅចំពោះមុខអ្នកចូលរួមពិធីរៀបការពួកគេ។ កូនកំលោះ Sachin យកអាវអាហ្សង់ទីនលេខ១០របស់ Messi មកគ្របខ្លួន ឯកូនក្រមុំ Athira យកអាវបារាំងលេខ១០ របស់ Kylian Mbappe មកគ្របខ្លួនដូចគ្នា។
 
អាហ្សង់ទីនបានឈ្នះវគ្គផ្តាច់ព្រ័ត្រ ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងលទ្ធផល ៤-២ លើក្រុមបារាំង ហើយជ័យជម្នះនេះផ្តល់ឱកាសឱ្យ Messi វ័យ ៣៥ឆ្នាំ ស្គាល់រសជាតិលើកពាន World Cup ជាលើកដំបូងក្នុងអាជីព។
 
សូមបញ្ជក់ថា រដ្ឋ​ Kerala ជាកន្លែងដែលមានអ្នកគាំទ្រ Messi យ៉ាងច្រើន។ ក្រោយឈ្នះពាន World Cup ពលរដ្ឋនៅទីនោះបានប្រារព្ធពិធីទទួលជ័យជម្នះតាំងពីយប់ថ្ងៃទៅ១៨ ខែធ្នូ ដោយអ្នកគាំទ្រគ្រវីទង់ជាតិអាហ្សង់ទីន និងបាញ់កាំជ្រួចពេញតំបន់នោះ៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com