អន្តរជាតិ
លោក ត្រាំ នឹងប្រឈមមុខជាប់ពន្ធនាគារ ក្រោយត្រូវសភាចោទប្រកាន់បួនករណីជុំវិញការតវ៉ានៅសភា
20, Dec 2022 , 4:59 pm        
រូបភាព
ដោយ:
សមាជិកសភាអាម៉េរិកដែលស៊ើបអង្កេតលើករណីសម្រុកចូលសភាកាលពីឆ្នាំមុន នៅថ្ងៃទី១៩ ខែធ្នូ ចេញសេចក្តីស្នើទៅក្រសួងយុត្តិធម៌ឱ្យចោទប្រកាន់អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ពីបទឧក្រិដ្ឋបួនករណី។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែលគណៈកម្មាធិការពិសេសរបស់រដ្ឋសភាអាម៉េរិកបញ្ជូនសំណុំរឿងប្រឆាំងអតីតប្រធានាធិបតី ស្របគ្នានឹងក្រសួងយុត្តិធម៌កំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មនេះស្រាប់ដែលអាចឱ្យ លោក ត្រាំ ជាប់ពន្ធនាគារបាន។

 
គណៈកម្មាធិការពិសេសរបស់រដ្ឋសភាដែលមានទាំងសមាជិកមកពីបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ នៅថ្ងៃទី១៩ ខែធ្នូ បោះឆ្នោតជាឯកច្ឆន្ទបញ្ជូនសំណុំរឿងរបស់អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ទៅក្រសួងយុត្តិធម៌។ 
 
បន្ទាប់ពីចំណាយពេលស៊ើបអង្កេត១៨ខែលើការសម្រុកចូលសភាកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការពិសេសរបស់រដ្ឋសភាស្នើឱ្យក្រសួងយុត្តិធម៌កាត់ទោសលោក ត្រាំ ជុំវិញឧក្រិដ្ឋកម្មបួនករណីដូចជារារាំងនីតិវិធីផ្លូវការរបស់សភា រួមគំនិតបោកប្រាស់ ធ្វើសេចក្តីថ្លែងការណ៍ក្លែងក្លាយ និងជួយ ឬញុះញង់ឱ្យមានការបះបោរ។ 
 
«កុបកម្ម ជាការបះបោរប្រឆាំងអាជ្ញាធរអាម៉េរិក។ វាជាបទល្មើសសហព័ន្ធដ៏ធ្ងន់ធ្ងរដែលបញ្ជាក់ក្នុងរដ្ឋធញ្ញនុញ្ញ»។ សមាជិករដ្ឋសភា Jamie Raskin ដែលជាសមាជិកគណៈកម្មាធិការពិសេសតំណាងបក្សប្រជាធិបតេយ្យលើកឡើងបែបនេះ ស្របពេលលោកប្រកាសពីបទចោទប្រកាន់អំឡុងកិច្ចប្រជុំ។
 
បន្ថែមពីលើនេះ សមាជិកគណៈកម្មាធិការពិសេសរបស់រដ្ឋសភាទាំង៩ដែលពីរនាក់មកពីបក្សសាធារណរដ្ឋ និងប្រាំពីរនាក់មកពីបក្សប្រជាធិបតេយ្យគ្រោងនឹងចេញរបាយការណ៍៨ជំពូកដែលត្រូវបានចងក្រងតាមរយៈសម្ភាសសាក្សីជាងមួយពាន់នាក់ និងរាប់ម៉ឺនឯកសារដែលប្រមូលបាន។ 
កិច្ចប្រជុំនៅថ្ងៃទី១៩ ខែធ្នូ នេះជាជំនួបចុងក្រោយរវាងសមាជិកទាំង៩ មុនពេលសភាអាណត្តិទី១១៨ ចាប់ផ្តើមនៅថ្ងៃទី៣​ ខែមករា ឆ្នាំ២០២៣។ 
 
បើទោះគណៈកម្មាធិការពិសេសរបស់រដ្ឋសភាមិនមានអំណាចកាត់ទោស ការបញ្ជូនសំណុំរឿងនេះតំណាងឱ្យកិច្ចប្រឹងប្រែងស៊ើបអង្កេតដ៏សំខាន់ចុងក្រោយរបស់គណៈកម្មាធិការនេះ ហើយដើម្បីជាការដាក់សម្ពាធបន្ថែមលើក្រសួងយុត្តិធម៌របស់ប្រធានាធិបតីអាម៉េរិក ចូ​ បៃឌិន ឱ្យបន្តជំហានកាត់ទោសអតីតប្រធានាធិបតីអាម៉េរិក។
 
សូមបញ្ជាក់ថា ករណីដែលគណៈកម្មាធិការពិសេសរបស់រដ្ឋសភាស៊ើបអង្កេតកន្លងមកនោះគឺ លោក ត្រាំ រៀបចំ និងសម្របសម្រួលផែនការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតី ហើយទប់ស្កាត់ការផ្ទេរអំណាចប្រធានាធិបតី។ ដោយសារតែការអះអាងមិនពិតរបស់លោក ត្រាំ ជុំវិញការលួចសន្លឹកឆ្នោតឆ្នាំ២០២០ មនុស្សជាច្រើននាក់បានសម្រុកចូលសភា រុះរើអាសនៈរបស់បក្សប្រជាធិបតេយ្យ ក៏ដូចជាបង្កឱ្យមានហិង្សាបណ្តាលឱ្យមនុស្សយ៉ាងតិច៥នាក់ស្លាប់៕
 
 
 
 
 
.
 
 
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com