ជាតិ
រដ្ឋមន្រ្តីសាធារណការ ប្រាប់ឱ្យម្ចាស់រថយន្ត ជាង១៧ម៉ឺនគ្រឿង ទៅឆៀកតាមច្បាប់កំណត់
20, Dec 2022 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឱ្យម្ចាស់រថយន្ត ដែលពុំទាន់បានយករថយន្តទៅឆៀក ឬ ហួសសុពលភាព ត្រូវរួសរាន់ទៅឆៀកឱ្យបានទាន់ពេលវេលា ជៀសវាងទទួលការផាកពិន័យ។

 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា បច្ចុប្បន្នរថយន្តជាង ១៧ម៉ឺនគ្រឿង ពុំទាន់យកទៅឆៀកតាមការកំណត់ឡើយ ក្នុងចំណោមរថយន្តបានចុះបញ្ជីជាង ១លានគ្រឿងនៅទូទាំងប្រទេស។ រដ្ឋមន្ត្រីក្រសួងសាធរណការរូបនេះ ប្រាប់ឱ្យម្ចាស់យានយន្តទាំងនោះ ប្រញាប់ទៅឆៀកតាមការកំណត់ឱ្យបានត្រឹមត្រូវ។
 

ទីតាំងឆៀកយានយន្តសាលាខាផ្សារដីហ៊ុយ។
 
បើតាមលោក ចាន់ថុល វិធានការផាកពិន័យលើរថយន្តហួសសុពលភាព ហើយពុំទាន់បានឆៀកនោះ គឺនៅពេលទៅឆៀកត្រូវផាកពិន័យ ៥០០រៀលសម្រាប់រថយន្តតូច និងរថយន្តធំផាកពិន័យ ២០០០រៀលក្នុងមួយថ្ងៃ គិតតាមរយៈពេលថ្ងៃផុតកំណត់។
 
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) សាខាផ្សារដីហុយ រដ្ឋមន្រ្តីរូបនេះ បានបញ្ជាក់ថា ៖«បើកទៅបុកគេ ជាន់ហ្វ្រាំងមិនស៊ី កុងទ័រមិនដើរ ជាន់ទៅលឿនពេក បង្កជាគ្រោះថ្នាក់ចរាចរណ៍ដោយមិនដឹងខ្លួន ដូច្នេះយើងត្រូវយករថយន្តមកត្រួតពិនិត្យតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ និងពេលវេលាកំណត់តាមច្បាប់។ ​ច្បាប់បានកំណត់ហើយ សម្រាប់រថយន្តថ្មី ៤ឆ្នាំ ទើបយកមកឆៀក ហើយរថយន្តចាស់ ២ឆ្នាំម្ដង និងឡានដឹកទំនិញ ១ឆ្នាំម្ដង»។
 

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាព៖ ក្រសួងសាធារណការ
 
ក្រសួងសាធារណការ បានសម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក)ថ្មី នៅសាខាផ្សារដីហុយ ដើម្បីពង្រីកការផ្ដល់សេវាសាធារណៈឱ្យកាន់តែទូលំទូលាយ និងស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល។ រដ្ឋមន្រ្តីក្រសួងសាធារណការ បន្ថែមថា៖ «ពិតជាមានសារៈសំខាន់ណាស់ ចំពោះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ទៅតាមការកំណត់ ពីព្រោះវាជួយធានានូវការផ្តល់សុវត្ថិភាពដល់យានយន្តពេលបើបរនៅលើដងផ្លូវ និងរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាយានយន្តយន្ត»។
 
សូមជម្រាបថា មណ្ឌលឆៀករថយន្ត សាខាផ្សារដីហុយ ស្ថិតក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន So Brothers Co., Ltd. ដែលជាក្រុមហ៊ុនមួយក្នុងចំណោម៥ ដែលទទួលបានអាជ្ញាបណ្ណអនុញ្ញាតឱ្យធ្វើអាជីវកម្មត្រួតពិនិត្យលក្ខណបច្ចេកទេសយានយន្ត ពីក្រសួងសាធារណការ និងដឹកជញ្ជូន៕
 

 អ្នកជំនាញយករថយន្តឆៀក ដើម្បីបង្ហាញពីបច្ចេកទេសនៃការឆៀក។
 

Tag:
 ឆៀកយានយន្ត
 ក្រសួងសាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com