ជាតិ
សង្គមជាតិ
ចាប់បុរសថៃម្នាក់ ដែលលួចកែច្នៃអាវុធខុសច្បាប់នៅក្រុងប៉ោយប៉ែត
20, Dec 2022 , 5:29 pm        
រូបភាព
រូបពីហ្វេសប៊ុក៖ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
រូបពីហ្វេសប៊ុក៖ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់បានបុរសថៃម្នាក់ កាលពីថ្ងៃទី១៩ ខែធ្នុ ឆ្នាំ២០២២ ក្រោយរកឃើញថា រូបគេ បានលួចកែច្នៃអាវុធដោយខុសច្បាប់។



លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការខេត្តបន្ទាយមានជ័យ ប្រាប់សារព័ត៌មានថ្មីៗថា បុរសជនជាតិថៃជាជនសង្ស័យ ត្រូវបាននាំទៅកាន់ស្ថាប័នអយ្យការហើយ ដើម្បីសាកសួរ។ លោក លើកឡើងថា តំណាងអយ្យការ មិនទាន់ចោទប្រកាន់ជនសង្ស័យពីបទអ្វីជាផ្លូវការឡើយ ដោយលោក គ្រាន់តែបញ្ជាក់ថា បុរសនោះ ពាក់ព័ន្ធនឹងការកែច្នៃអាវុធខុសច្បាប់។ 
 
លោកព្រះរាជអាជ្ញរងរូបនេះ មានប្រសាសន៍ដូច្នេះថា៖«គាត់ បម្រុងនឹងនាំ [អាវុធកែច្នៃនោះ] ចេញទៅថៃវិញហើយ តែក៏ត្រូវចាប់ជាប់»។ បើតាមលោកព្រះរាជអាជ្ញារងដដែល អាវុធដែលបុរសជនជាតិថៃនោះកែច្នៃ មិនមានច្រើននោះទេ ដោយមានតែកាំភ្លើងកែច្នៃតែ១ដើមប៉ុណ្ណោះ បូករួមទាំងគ្រាប់ពិត។ 
 
យ៉ាងណា កងកម្លាំងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលចុះចាប់បុរសនោះ បានសរសេរលើក្រដាសអំពីបទល្មើសថា រូបគេ មានវ័យ៣៩ឆ្នាំ ហើយជាប់ពាក់ព័ន្ធនឹងបទផលិត ឬចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ។ ដូចជនសង្ស័យទូទៅដែរ បុរសជនជាតិថៃនោះ ត្រូវកងរាជអាវុធហត្ថ ថតរូបដោយឲ្យរូបគេកាន់ក្រដាសអំពីបទល្មើសរបស់គេ ដែលបានប្រព្រឹត្តនោះ៕ 
 

Tag:
 ករណីកែច្នៃអាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com