អន្តរជាតិ
ក្រុម​គ្រួសារកូន​ភ្លោះ​៩នាក់ ចាក​ចេញពីម៉ារ៉ុក​វិលទៅ​រស់​នៅ​ផ្ទះខ្លួន​នៅ​ម៉ាលីវិញ
21, Dec 2022 , 8:29 am        
រូបភាព
ដោយ: ធីតា
ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ក្រុមគ្រួសារ​ម៉ាលី​មួយ​បង្កើត​បាន​កូន​ភ្លោះ​ដល់ទៅ​៩នាក់​ក្នុង​ពេល​តែមួយ។ ១៩​ខែក្រោយចាប់កំណើត​ និងធំធាត់នៅម៉ារ៉ុក ទីបំផុត​ពួក​គេ​បាន​វិល​ត្រឡប់​ទៅម៉ាលី​វិញហើយ កាលពីពេលថ្មី​ៗកន្លងទៅនេះ។

 
«មិនមែនជារឿងងាយ​ស្រួល​នោះទេ ក្នុងការបំពេឲ្យពួកគេ​គេង​រួមគ្នា។ យើង​ត្រូវ​បីពួកគេ​រហូតដល់គេងលក់។ ពួក​គេចូល​ចិត្តឲ្យបំពេបី ទើបអាចគេង​លក់»។ អ្នក​ស្រី Halima Cisse អាយុ​២៧​ឆ្នាំ ដែលជាម្តាយ បាន​រៀបរាប់យ៉ាងដូច្នេះក្នុងបទសម្ភាសជា​មួយក្រុមការងារសៀវភៅ​កំណត់ត្រាពិភពលោក។

 
 
កូនភ្លោះ​៩​ក្នុងពេល​តែមួយ គឺជាកំណត់ត្រាថ្មីដែលទទួល​ស្គាល់​ដោយ Guinness World Records ខណៈកន្លង ស្ត្រីអាម៉េរិក Nadya Suleman ជាម្ចាស់កំណត់ត្រា​ដែល​បង្កើត​បាន​កូន​ភ្លោះ​៨នាក់​ កាលពី​ឆ្នាំ​២០០៩។
 
ដំបូងឡើយ ក្រុម​វេជ្ជបណ្ឌិតនៅម៉ាលី ពិនិត្យឃើញថា អ្នក​ស្រី Halima មាន​កូន​ភ្លោះ​៧នាក់ ប៉ុន្តែ​ក្រោយពេល​រដ្ឋាភិបាល​ម៉ាលីរ៉ាប់រង​រាល់ការ​ចំណាយ ដោយ​បញ្ជូនទៅ​អ្នកស្រីទៅគ្លីនិកជំនាញនៅម៉ារ៉ុក គេពិនិត្យឃើញកូនភ្លោះពីរនាក់ទៀត។
 
លោក Abdelkader Arby ដែលជាឪពុក​ បាន​បញ្ជាក់ថា៖ «យើងចាប់ដោយកូន​៧នាក់ ហើយព្រះអល់ឡោះប្រទានឲ្យយើងមាន​ដល់​៩នាក់»។


កូនភ្លោះដែល​ស្រី​៥នាក់ និង​ប្រុស​៤នាក់នោះ ត្រូវបាន​សម្រាល​តាមរយៈការ​វះកាត់ (Caesarean section) ក្រោយ​ស្ថិតក្នុងផ្ទៃ​រយៈពេល​៣០​សប្តាហ៍។ ទារកម្នាក់ៗ មាន​ទម្ងន់​ចន្លោះពី​០,៥គីឡូក្រាម ទៅ​១គីឡូក្រាម។
 
កូន​ៗទាំង​៩នាក់ និង​ម្តាយ​ស្ថិតក្រោម​ការយក​ចិត្តទុកដាក់ជាពិសេស។ វេជ្ជបណ្ឌិត Dochdi Talib បាន​បញ្ជាក់ថា៖ «យើង​ត្រូវ​ព្យាបាល​ម្តាយមុនគេ ដើម្បីជាក់ច្បាស់ថា គ្មាន​ករណីហូរ​ឈាម​ច្រើន​ក្រោយពេល​សម្រាលនោះឡើយ»។
 
ឪពុកម្តាយ​នៃកុមារទាំង​៩នាក់ សម្តែងការ​ដឹងគុណជាពិសេស​ដល់​ក្រុមគ្រូពេទ្យម៉ាលី និងម៉ារ៉ុក ដែល​បានយក​ចិត្ត​ទុកយ៉ាង​ខ្លាំង​ចំពោះ​ពួក​គាត់។ «ពេទ្យ​តាមមើលថែយើង​តាំងពី​ព្រឹក ថ្ងៃត្រង់ និងល្ងាច​ជាបន្តបន្ទាប់»។ អ្នកស្រី Halima បាន​បញ្ជាក់យ៉ាងដូច្នេះ ដោយរំលឹកពីការប្រឹងខ្នះខ្នែង​របស់​រដ្ឋាភិបាល​ខ្លួន​ផងដែរ។
 
លោក​ Abdelkader និងអ្នកស្រី Halima មាន​កូន​ស្រីអាយុ៤ឆ្នាំ ឈ្មោះ Souda ម្នាក់ហើយ។ បច្ចុប្បន្ន ពួក​គាត់​ស្ថិតនៅ​ប្រទេសកំណើត​របស់​ខ្លួន ដោយ​ព្យាយាម​បោះជំហានទៅមុខ​ជាមួយ​កូន​តូចៗ​ទាំង​១០នាក់៕
 

Tag:
 ម៉ាលី
© រក្សាសិទ្ធិដោយ thmeythmey.com