អន្តរជាតិ
កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងធ្វើសមយុទ្ធរួមគ្នាជិតមួយសប្តាហ៍
21, Dec 2022 , 9:29 am        
រូបភាព
យោធាចិន និងរុស្ស៊ីក្នុងសមយុទ្ធកន្លងមក។ រូបថត Xinhua
យោធាចិន និងរុស្ស៊ីក្នុងសមយុទ្ធកន្លងមក។ រូបថត Xinhua
ដោយ:
សមយុទ្ធកងទ័ពជើងទឹករួមគ្នារវាងចិន និងរុស្ស៊ី នឹងចាប់ផ្តើមពីថ្ងៃទី២១​ ខែធ្នូ ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ តាំងពីក្រុងមូស្គូបើកការវាយប្រហារនៅអ៊ុយក្រែន។

 
តាមការប្រកាសរបស់ទីបញ្ជាការយោធាភូមិភាគខាងកើតរបស់ចិន សមយុទ្ធនេះនឹងធ្វើឡើងនៅជិតឆ្នេរនៃខេត្ត Zhejiang ភាគខាងត្បូងក្រុងសៀងហៃពីថ្ងៃទី២១ ខែធ្នូ ដល់ថ្ងៃទី២៧ ខែធ្នូ។ 
 
«លំហាត់រួមនេះសំដៅលើការបង្ហាញពីការប្តេជ្ញា និងសមត្ថភាពភាគីទាំងពីរក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខនៅដែនសមុទ្រ…និងធ្វើឱ្យភាពជាដៃគូសម្របសម្រួលជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីឱ្យកាន់តែស៊ីជម្រៅ»។ ទីបញ្ជាការយោធាភូមិភាគខាងកើតរបស់ចិនប្រកាសបែបនេះនៅថ្ងៃទី២០​ ខែធ្នូ។ 
 
ឯក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ថា នាវាចម្បាំងបំពាក់មីស៊ីល Varyag នាវាពិឃាត Marshal Shaposhikov និងកងនាវាចម្បាំងប៉ាស៊ីហ្វិករបស់រុស្ស៊ីពីរគ្រឿងនឹងត្រូវពង្រាយចូលរួមក្នុងសមយុទ្ធជាមួយចិន។ ខណៈចិនមិនទាន់បញ្ជាក់ពីកងកម្លាំងរបស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ីលើកឡើងថា ក្នុងសមយុទ្ធនេះកងទ័ពជើងទឹកចិនគ្រោងនឹងពង្រាយនាវាចម្បាំងជាច្រើន និងនាវាមុជទឹកមួយគ្រឿង ហើយយន្តហោះចម្បាំងរបស់ភាគីទាំងពីរក៏ចូលរួមដែរ។
 
សម្ព័ន្ធភាពចិន និងរុស្ស៊ីដែលមានទំនោរប្រឆាំងលោកខាងលិចកាន់តែខិតរកគ្នា ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ប៉ុន្មានសប្តាហ៍មុនប្រតិបត្តិការសឹករបស់រុស្ស៊ី ចិនដែលជាម៉ូយប្រេង និងហ្គាសដ៏ធំរបស់រុស្ស៊ីប្រកាសចំណងមិត្តភាពគ្មានដែនកំណត់ជាមួយក្រុងមូស្គូទៀតផង។ 
 
ប៉ុន្មានខែចុងក្រោយនេះ ចិន និងរុស្ស៊ីបានធ្វើសមយុទ្ធរួមគ្នាប្រភេទនេះជាញឹកញយដែលជាផ្នែកនៃគោលនយោបាយការបរទេសរបស់ពួកគេប្រឆាំងនឹងសណ្តាប់ធ្នាប់នយោបាយសេរីរបស់លោកខាងលិចដែលដឹកនាំដោយអាម៉េរិក។ 
 
ក្នុងខែវិច្ឆិកា យន្តហោះទម្លាក់គ្រាប់បែកចិន H-6K និងរុស្ស៊ី Tu-95 ហោះល្បាតរួមគ្នាលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត។ ជាផ្នែកនៃសមយុទ្ធនេះ យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីបានចុះចតលើទឹកដីចិនជាលើកដំបូង ហើយយន្តហោះទម្លាក់គ្រាប់បែកចិនហោះទៅកាន់មូលដ្ឋានទ័ពអាកាសរុស្ស៊ីដូចគ្នា។ នៅខែកញ្ញា ចិនបញ្ជូនទាហានជាងពីរពាន់នាក់ជាមួយរថយន្តយោធាជាងបីរយគ្រឿង យន្តហោះចម្បាំង២១គ្រឿង និងនាវាចម្បាំង៣គ្រឿងដើម្បីចូលរួមក្នុងសមយុទ្ធរួមជាមួយរុស្ស៊ី៕
 
 
 
 

Tag:
 រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com