កីឡាជាតិ
ជាតិ
AFF Cup៖ មីយ៉ាន់ម៉ា ស្វាគមន៍ ម៉ាឡេស៊ី មុនជំនួបរវាង ឡាវ និង វៀតណាម
21, Dec 2022 , 3:14 pm        
រូបភាព
ការប្រកួតពូលដំបូង នៃពូល B នឹងចាប់ប្រកួតនៅល្ងាចវេលាម៉ោង ៤:៣០នាទី ថ្ងៃទី២១ ខែធ្នូ ក្នុងព្រឹត្តិការណ AFF Mitsubishi Electric Cup ដោយ ជម្រើសជាតិមីយ៉ាន់ម៉ា ត្រូវស្វាគមន៍ ម៉ាឡេស៊ី នៅកីឡដ្ឋាន Thuwunna។ ម្ចាស់ផ្ទះ ឡាវ ត្រូវប្រកួតជាមួយក្រុមភ្ញៀវ វៀតណាម នៅកីឡដ្ឋាន National Stadium KM16 វេលាម៉ោង ៧:៣០នាទី។



មីយ៉ាន់ម៉ា គឺជាក្រុម ដែលបានបង្ហាញខ្លួនចំនួន ១៤លើក ក្នុងព្រឹត្តិការណ៍ AFF Championship ដូចគ្នាទៅនិងប្រទេសម៉ាឡេស៊ីដែរ។ ចំនួនចូលរួមនេះ រាប់បញ្ចូលទាំងការប្រកួតនាចុងឆ្នាំ២០២២ នេះផងដែរ។ ម៉ាឡេស៊ី ធ្លាប់ឈ្នះជើងឯក កាលពីឆ្នាំ២០១០ និងជើងឯករងចំនួន ៣លើក។ ដោយឡែក មីយ៉ាន់ម៉ា មិនធ្លាប់ឈ្នះជើងឯកសោះ ប៉ុន្ដែធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំ២០១៦។
  

ក្រុមជម្រើសជាតិឡាវ រូបពី AFF Mitsubishi Electric Cup
 
ក្នុងព្រឹត្តិការណ៍ AFF Championship រវាងមីយ៉ាន់ម៉ា និងម៉ាឡេស៊ី ធ្លាប់ជួបគ្នាចំនួន ៦លើក។ ការប្រកួតនាឆ្នាំ ២០០៤ មីយ៉ាន់ម៉ា បានយកឈ្នះ ម៉ាឡេស៊ី ក្នុងលទ្ធផល ១-០។ ក្នុងព្រឹត្តិការណ៍នាឆ្នាំដដែរនេះ ម៉ាឡេស៊ី បានយកឈ្នះ មីយ៉ាន់ម៉ាវិញ ក្នុងលទ្ធផល ២-១ ក្នុងវគ្គដណ្ដើមយកជ័យលាភីលេខ៣។ លុះចូលដល់ការប្រកួតឆ្នាំ ២០០៧ ក្រុមទាំងពីរ បានត្រឹមស្មើ ដោយលទ្ធផល ០-០។ ចំណែក ការប្រកួតនាឆ្នាំ២០១៤ ក្រុមទាំងពីរ ក៏មិនមានគ្រាប់បាល់ទៅលើគ្នា ទៅវិញទៅមក។ នៅឆ្នាំ២០១៦ ដែលមីយ៉ាន់ម៉ា គ្រងដំណែងជើងឯក ម៉ាឡេស៊ី បានចាញ់ ក្នុងលទ្ធផល ១-០។ ចូលមកដល់ឆ្នាំ២០១៨ ម៉ាឡេស៊ី បានសងសឹក ដោយឈ្នះលើ មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៣-១។
 
តើការប្រកួតនោះថ្ងៃនេះ ក្រុមណាជាអ្នកទទួលបានជ័យជម្នះ?
 
នៅក្នុងថ្ងៃជាមួយគ្នានេះ វេលាម៉ោង ៧:៣០យប់ ម្ចាស់ផ្ទះ ក្រុមជម្រើសជាតិឡាវ ត្រូវទទួល ក្រុមជម្រើសជាតិវៀតណាម នៅកីឡដ្ឋាន National Stadium KM16។ ជម្រើសជាតិឡាវ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFF Championship ចំនួន ១៣លើក ខណៈ វៀតណាម បានចូលរួមប្រកួត ១៤លើក។ វៀតណាម ធ្លាប់គ្រងដំណែងជើងឯក ចំនួនពីរលើក នៅឆ្នាំ២០០៨ និងឆ្នាំ២០១៨ និងជាជើងឯករង ១លើក នៅឆ្នាំ១៩៩៨។ ចំណែក ឡាវ ពុំធ្លាប់បានជ័យលាភីណាមួយក្នុងព្រឹត្តិការណ៍នេះទេ។
 
ក្រុមទាំងពីរនេះ ធ្លាប់ជួបគ្នា ៩លើក ក្នុងព្រឹត្តិការណ៍ AFF Championship។ ក្នុង៩ជំនួបនោះ ឡាវ ពុំធ្លាប់ឈ្នះ វៀតណាមទេ ដោយបានត្រឹមស្មើ ១ប្រកួត កាលពីឆ្នាំ១៩៩៦ ក្នុងលទ្ធផល ១-១។ 
 
តើឡាវ អាចកែប្រែប្រវត្តិសាស្ដ្រចាញ់ក្រុមជម្រើសជាតិវៀតណាមបានទេ?
 
ក្រុមជម្រើសជាតិឡាវ រូបពី AFF Mitsubishi Electric Cup
 

ក្រុមជម្រើសជាតិឡាវ រូបពី AFF Mitsubishi Electric Cup
 


Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com