អន្តរជាតិ
អាម៉េរិក អង់គ្លេស និង UN រិះគន់តាលីបង់ដែលមិនឱ្យនិស្សិតស្រីចូលរៀនសាកលវិទ្យាល័យ
21, Dec 2022 , 7:29 pm        
រូបភាព
ស្រ្តីអាហ្វហ្កានីស្ថានក្នុងថ្នាក់រៀននាពេលកន្លងមក។ រូបថត Xinhua
ស្រ្តីអាហ្វហ្កានីស្ថានក្នុងថ្នាក់រៀននាពេលកន្លងមក។ រូបថត Xinhua
ដោយ:
ក្រសួងអប់រំឧត្តមសិក្សាអាហ្វហ្កានីស្ថាន នៅថ្ងៃទី២០ ខែធ្នូ ចេញលិខិតបញ្ជាឱ្យសាកលវិទ្យាល័យឯកជន និងរដ្ឋក្នុងប្រទេសទាំងអស់ហាមប្រាមនិស្សិតស្រីចូលរៀន រហូតដល់មានការផ្តល់ដំណឹងពេលក្រោយ។ អាម៉េរិក ក៏ដូចជាអង់គ្លេសរិះគន់ចំណាត់ការនេះជាខ្លាំងដោយអះអាងថា វានឹងធ្វើឱ្យតាលីបង់កាន់តែឃ្លាតឆ្ងាយពីសហគមន៍អន្តរជាតិ។

 
ជាងមួយឆ្នាំក្រោយពួកតាលីបង់ឡើងកាន់កាប់អំណាចនៅអាហ្វហ្កានីស្ថានម្តងទៀត សិទ្ធិសេរីភាពរបស់ក្មេងស្រី និងស្រ្តីអាហ្វហ្កានីស្ថានត្រូវបានរឹតបន្តឹងជាខ្លាំង។ ដោយអះអាងថាដើម្បីការពារតម្លៃស្នូលរបស់សាសនាអ៊ីស្លាម ប្រយោជន៍ជាតិ ក៏ដូចជាកិត្តិយសរបស់ស្រ្តី រដ្ឋាភិបាលតាលីបង់មិនអនុញ្ញាតឱ្យស្រ្តីទៅធ្វើការ ឬធ្វើដំណើរទៅណាឆ្ងាយដោយគ្មានបុរសអមដំណើរនោះទេ។ 
 
ពីមុន ក្មេងស្រី និងស្រ្តីអនុញ្ញាតឱ្យបន្តសិក្សាកម្រិតថ្នាក់បឋម និងសាកលវិទ្យាល័យ លើកលែងតែកម្រិតសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យប៉ុណ្ណោះ។ ប៉ុន្តែ ក្រសួងអប់រំឧត្តមសិក្សាអាហ្វហ្កានីស្ថានដែលគ្រប់គ្រងដោយពួកតាលីបង់នៅថ្ងៃទី២០​ ខែធ្នូ ចេញលិខិតបញ្ជាឱ្យសាកលវិទ្យាល័យរដ្ឋ និង​​​​​ឯកជនផ្អាកមិនឱ្យនិស្សិតស្រីចូលរៀនភ្លាមៗ។ 
 
«អ្នកទាំងអស់គ្នាត្រូវបានជូនដំណឹងឱ្យអនុវត្តបទបញ្ជាឱ្យផ្អាកការអប់រំស្រ្តីជាបន្ទាន់រហូតដល់មានការជូនដំណឹង»។ នេះបើយោងតាមលិខិតដដែលដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងអប់រំលោក Neda Mohammad Nadeem ហើយបញ្ជូនទៅឱ្យសាកលវិទ្យាល័យឯកជន និងរដ្ឋទាំងអស់នៅអាហ្វហ្កានីស្ថាន។ 
 
រដ្ឋាភិបាលតាលីបង់ចេញសេចក្តីប្រកាសនេះ ស្របពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំនៅទីក្រុងញូវយ៉កពីបញ្ហាអាហ្វហ្កានីស្ថាន។ ទាំងអ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN) ប្រេសិតអាម៉េរិក អង់គ្លេស និងតំណាងពិសេសរបស់អគ្គលេខាធិការ UN ទទួលបន្ទុកកិច្ចការអាហ្វហ្កានីស្ថាននាំគ្នារិះគន់ចំណាត់ការរបស់តាលីបង់។ 
 
អ្នកនាំពាក្យ UN លោក Stephane Dujarric ប្រាប់អ្នកកាសែតនៅថ្ងៃទី២០ ខែធ្នូ ថា តាលីបង់បំពានកិច្ចសន្យាមួយទៀតច្បាស់ណាស់តាមរយៈចំណាត់ការដ៏គួរឱ្យព្រួយបារម្ភនេះ ហើយបន្ថែមថាវាពិតជាពិបាកស្រមៃណាស់ថាអាហ្វហ្កានីស្ថាននឹងអាចអភិវឌ្ឍបែបណាដោយគ្មានការចូលរួមពីស្រ្តី និងការអប់រំរបស់ពួកគេ។ 
 
ចំណែកឯ អគ្គរដ្ឋទូតរងអាម៉េរិកប្រចាំ UN លោក Robert Wood លើកឡើងថា ដរាបណាតាលីបង់មិនគោរពសិទ្ធិមនុស្សរបស់ប្រជាជនអាហ្វហ្កានីស្ថានទាំងអស់ពិសេសសិទ្ធិស្រ្តី ពួកគេកុំសង្ឃឹមថាក្លាយជាសមាជិកសហគមន៍អន្តរជាតិដោយស្របច្បាប់។ ស្របគ្នានេះ តំណាងពិសេសរបស់អគ្គលេខាធិការ UN ទទួលបន្ទុកកិច្ចការអាហ្វហ្កានីស្ថាន លោកស្រី Roza Otunbayeva អះអាងថាការបិទសាកលវិទ្យាល័យនេះនឹងធ្វើឱ្យទំនាក់ទំនងរបស់រដ្ឋបាលតាលីបង់ជាមួយសហគមន៍អន្តរជាតិថមថយ៕ 
 
 
 

Tag:
 អាហ្វហ្កានីស្ថាន
  អាម៉េរិក
  UN
© រក្សាសិទ្ធិដោយ thmeythmey.com