ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងអយ្យការ ស្នើម្តងទៀត ឲ្យឃាត់ខ្លួនលោក កឹម សុខា ឡើងវិញ
21, Dec 2022 , 3:48 pm        
រូបភាព
លោក កឹម សុខា ដើរចេញពីផ្ទះ ទៅកាន់រថយន្ត ដើម្បីធ្វើដំណើរទៅចូលរួមសវនាការនាពេលកន្លងមក។ រូបពី AFP
លោក កឹម សុខា ដើរចេញពីផ្ទះ ទៅកាន់រថយន្ត ដើម្បីធ្វើដំណើរទៅចូលរួមសវនាការនាពេលកន្លងមក។ រូបពី AFP
លោកព្រះរាជអាជ្ញារង ប្លង់ សុផល ដែលជាតំណាងម្នាក់របស់អយ្យការ ស្នើទៅក្រុមប្រឹក្សាជំនុំជម្រះ ឲ្យចេញដីកាឃាត់ខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឡើងវិញ។ ការស្នើនេះ ធ្វើឡើងក្នុងសវនាការ នៅថ្ងៃទី២១ ខែធ្នុ ឆ្នាំ២០២២នេះ។



លើសពីនេះ តំណាងអយ្យការ ស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះ ដាក់ទោសបន្ថែមលើលោក កឹម សុខា។ យ៉ាងណា ក្រុមប្រឹក្សាជំនុំជម្រះ មិនទាន់ថ្លែងអ្វីនៅឡើយទេ ដោយទុកឱកាសឲ្យភាគីនីមួយៗ ឡើងការពារខ្លួន និងលើកអំណះអំណាងរៀងៗខ្លួនជាមុនសិន។ 

ការបើកសវនាការលើកនេះ គឺដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងរបស់លោក កឹម សុខា។ ក្រុមមេធាវីរបស់រដ្ឋាភិបាល និងតំណាងអយ្យការ បានឡើងធ្វើសេចក្តីសន្និដ្ឋានរបស់ខ្លួនរួចអស់ហើយ។ សហការីរបស់សារព័ត៌មានថ្មីៗ ដែលកំពុងស្ថិតក្នុងអង្គសវនាការ រាយការណ៍ថា មកដល់ម៉ោងជិត៤ល្ងាចនេះ គឺដល់វេនដែលក្រុមមេធាវីរបស់លោក កឹម សុខា ត្រូវឡើងធ្វើសេចក្តីសន្និដ្ឋានវិញម្តង។ 

ចំពោះលោករាជអាជ្ញារង ប្លង់ សុផល ក្រោយធ្វើសេចក្តីសន្និដ្ឋានចប់ លោក ក៏ស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះ ចេញដីកាឃាត់ខ្លួនលោក កឹម សុខា។ សូមរម្លឹកត្រង់កន្លែងនេះថា ក្នុងសវនាការ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ តំណាងអយ្យការ បានស្នើឲ្យចាប់លោក កឹម សុខា ដាក់ពន្ធនាគារឡើងវិញម្តងរួចមកហើយ តែកាលនោះ ត្រូវក្រុមប្រឹក្សាជំនុំជម្រះបដិសេធ។ 

គួរដឹងថា នីតិវិធីនៃការធ្វើសេចក្តីសន្និដ្ឋាននេះ គឺជានីតិវិធីដែលឈានជិតដល់ការបញ្ចប់សំណុំរឿង។ ក្រោយបញ្ចប់ការធ្វើសេចក្តីសន្និដ្ឋាន តុលាការ អាចនឹងប្រកាសសាលក្រមភ្លាមៗ ឬកំណត់ពេលវេលា ដើម្បីប្រកាសនៅថ្ងៃណាមួយ៕ 


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com