FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីនសុំទោសអ្នកគាំទ្រ ជុំវិញការបញ្ឈប់ពិធីហែពាន World Cup ដោយសារបារម្ភគ្រោះថ្នាក់
21, Dec 2022 , 5:17 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ថ្ងៃទី២០ ខែធ្នូ បានផ្ញើសារសុំទោសអ្នកគាំទ្រក្រោយក្បួនដង្ហែ ពានរង្វាន់ World Cup 2022 ត្រូវបញ្ឈប់ភ្លាម ខណៈអ្នកគាំទ្រច្រើនម៉ឺននាក់បានឡោមព័ទក្បួនរថយន្តដង្ហែក្នុងទីក្រុងប៊ុយណូស៊ែ។ បញ្ឈប់ការដង្ហែពាន ដោយអ្នកចូលរួមច្រើនលើសលុបនិងបារម្ភពីគ្រោះថ្នាក់។ អ្នកគាំទ្រមួយចំនួនបានបង្ហាញអារម្មណ៍ខកចិត្ត។

 
ប្រជាជនអាហ្សង់ទីនរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវជាច្រើនក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន ខណៈមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតស្ថិតនៅចំកណ្តាលទីក្រុងត្រង់ទីតាំងវិមានឯករាជ្យ«The Obelisco» ក្នុងគោលបំណងចង់ឃើញក្រុមកីឡាករអាហ្សង់ទីនជាមួយពានរង្វាន់បាល់ទាត់ពិភពលោក World Cup។
 
តែការចូលរួមយ៉ាងច្រើនកុះករនោះបានបង្កើតឱ្យមានរូបភាពនៃគ្រោះថ្នាក់ ដោយអ្នកគាំទ្រទាំងអស់នោះបាននាំគ្នាសម្រុកឡោមព័ទរថយន្តក្រុង និងខ្លះទៀតបានព្យាយាមលោតតោងរថយន្តក្រុងនោះក្នុងពិធីដង្ហែពានរង្វាន់ដើម្បីចង់ឃើញក្រុមកីឡាករពិសេស Lionel Messi។ រដ្ឋាភិបាលអាហ្សង់ទីនបានប្រកាសថ្ងៃឈប់សម្រាក ២ថ្ងៃបន្ទាប់ពីទទួលបានជ័យជម្នះលើបារាំងនៅប្រទេសកាតា។
 
នាពិធីដង្ហែពាននោះការធ្វើដំណើរតាមរថយន្តក្រុងត្រូវបានក្រុមកីឡាករអាហ្សង់ទីនរួមទាំងគ្រូបង្វឹក មន្ត្រីក្រុមជម្រើសជាតិបោះបង់ចោលគម្រោងដង្ហែពាក់កណ្តាលផ្លូវ ដោយផ្លាស់ប្តូរទៅជិះឧទ្ធម្ភាគចក្រជំនួសវិញដើម្បីបង្ហាញនិងចូលរួមអបអរជាមួយអ្នកគាំទ្រ។
 
បើតាមលោក Gabriela Cerruti អ្នកនាំពាក្យតំណាងប្រធានាធិបតីអាហ្សង់ទីនបានបង្ហោះនៅលើ Twitter ថាក្រុមជើងឯកពិភពលោកបានធ្វើដំណើរតាមរយៈឧទ្ធម្ភាគចក្រ ដោយសារតែមិនអាចបន្តដំណើរតាមរថយន្តក្រុងព្រោះតែ​អ្នកចូលរួមច្រើនខ្លាំងមិនធ្លាប់មាន។
 
«ក្រុមម្ចាស់ជើងឯកពិភពលោកកំពុងតែហោះហើរជុំវិញទីក្រុងនឹងតាមដងផ្លូវនានាដោយឧទ្ធម្ភាគចក្រ ព្រោះតែការអបអរមិនអាចធ្វើដំណើរបានតាមរយៈរថយន្តក្រុងទៅកាន់គោលដៅទីតាំងប្រវត្តិសាស្រ្ត។ សូមចូលរួមអបអរដោយសុវត្ថិភាពសន្តិភាព ហើយបង្ហាញពួកគេនូវក្តីស្រលាញ់ និងការកោតសរសើររបស់យើង»។ លោក Cerruti បានបង្ហោះបែបនេះ។
 
បើតាមប្រធានសហព័ន្ធបាល់ទាត់អាហ្សង់ទីនលោក Chiqui Tapia ដែលមានវត្តមាននៅលើរថយន្តក្រុងជាមួយក្រុមគ្រូបង្វឹកនិងកីឡាករក៏បានសរសេរបង្ហោះលើ Twitter ដោយបានបន្ទោសទៅកាន់ក្រុមមន្ត្រីប៉ូលិសថា៖«ពួកគេមិនឱ្យយើងធ្វើដំណើរដើម្បីអាចជួបមនុស្សទាំងអស់បានឡើយដែលពួកគេស្ថិតនៅត្រង់វិមានឯករាជ្យ«The Obelisco» ហើយក្រុមភ្នាក់ងារការពារសុវត្តិភាពបានស្នើនិងមិនអនុញ្ញាតឱ្យយើងធ្វើដំណើរទៅមុខបន្តដូចគ្នា។ យើងពិតជាសុំទោសទៅកាន់អ្នកគាំទ្រគ្រប់រូបពីសំណាក់ក្រុមកីឡាករជើងឯករបស់យើង ពិតជាសោកស្តាយណាស់។»។
 
ក្រោយតែពីលោក Cerruti ព្រមទាំងលោក Tapia បានបង្ហោះសារដូច្នេះនៅលើបណ្តាញសង្គម Twitter អ្នកគាំទ្រជាច្រើនដែលបានរង់ចាំដើម្បីអបអរជ័យជម្នះរបស់ក្រុមនៅត្រឹងចំណុចវិមានឯករាជ្យ The Obelisco បានបង្ហាញការខកចិត្តដែលពួកគេមិនអាចឃើញក្រុមកីឡាករព្រមទាំងបានរង្វាន់ World Cup ដោយផ្ទាល់ភ្នែក៕
 
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com