កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកស្រី Yi-shu វ័យ៦៥ឆ្នាំ ចូលរួមប្រកួតកីឡា E-Sport នៅតៃវ៉ាន់ និងសរសើរកីឡានេះល្អសម្រាប់ខួរក្បាល
21, Dec 2022 , 5:54 pm        
រូបភាព
លោកយាយ Chiang Yi-shu ពេលកំពុងតេស្តហ្គេម League of Legends នៅលើកុំទ្យូទ័រ មុនការប្រកួត។ រូបពៅ Ricky Ho
លោកយាយ Chiang Yi-shu ពេលកំពុងតេស្តហ្គេម League of Legends នៅលើកុំទ្យូទ័រ មុនការប្រកួត។ រូបពៅ Ricky Ho
ដោយ:
អ្នកស្រី Chiang Yi-shu មានវ័យ៦៥ បានចូលរួមប្រកួតកីឡាអេឡិចត្រូនិក (E-Sport) នៅក្នុងប្រទេសតៃវ៉ាន់។ អ្នកស្រី Yi-shu ថាការលេងកីឡាអេឡិចត្រូនិកលើវិញ្ញាសា League of Legends ល្អសម្រាប់ខួរក្បាល។



ឆ្នាំត្រឹមរយៈពេល១ឆ្នាំ អ្នកស្រី Chiang Yi-shu យល់ច្បាស់ពីការលេងហ្គេមអេឡិចត្រូនិក League of Legends ខណៈ១ឆ្នាំមុនលោកស្រី មិនស្គាល់អ្វីជាកុំទ្យូទ័រ និងមិនដឹងអ្វីជាកីឡាអេឡិចត្រូនិកឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌សិង្ហបុរី CNA នៅថ្ងៃទី២១ ខែធ្នូ។
 
អ្នកស្រី Yi-shu ដែលបច្ចុប្បន្នមានវ័យ៦៥ឆ្នាំ ជាសមាជិកក្រុម Hungkuang Evergreen Gaming ដែលមានសមាជិកវ័យចាស់ចាប់ពីអាយុ ៦២-៦៩ ឆ្នាំ។ អ្នកស្រី ទើបតែបរាជ័យក្នុងការប្រកួតដំបូងកាលពីថ្ងៃទី១៧ ខែធ្នូ សប្តាហ៍មុន នៅលើវិញ្ញាសា League of Legends (PC) ដែលដឹកនាំការប្រកួតដោយលោក Huang Jianji ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ហ្គេមពហុព័ត៌មាន និងកម្មវិធីនៃសាកលវិទ្យាល័យ Hungkuang ក្នុងប្រទេសតៃវ៉ាន់។
 
លោកស្រី Yi-shu បានចាប់ផ្តើមលេងកីឡាអេឡិចត្រូនិក ជាមួយកុំព្យូទ័រ ក្នុងរយៈពេលមួយឆ្នាំ ហើយលោកស្រីយល់ថាកីឡានេះល្អសម្រាប់ខួរក្បាល ពិសេសការប្រើដៃ។
«និយាយឱ្យត្រង់ទៅ ខ្ញុំដឹងតិចតួចណាស់ពីកុំទ្យូទ័រ។ ខ្ញុំមិនដែលគិតចង់រៀនពីវាទេ ព្រោះខ្ញុំចូលចិត្តការប្រាស្រ័យទាក់ទងជាមួយមនុស្ស។ ប៉ុន្តែ ពេលដែលខ្ញុំចាប់ផ្តើមលេង ខ្ញុំយល់ថា វាល្អសម្រាប់ខួរក្បាល និងភាពរហ័សរហួនក្នុងការប្រើដៃ​»។ អ្នកស្រី Yi-shu បន្ថែមដូច្នេះ។
 
បន្ថែមពីលើនេះទៀត អ្នកស្រី Yi-shu ថា ទោះបីជាក្រុមបានចាញ់កាលពីថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ក៏ពិតមែន សម្រាប់អ្នកស្រី និងមិត្តរួមក្រុមគ្រាន់តែប្រកួតកីឡាអេឡិចត្រូនិកលើវិញ្ញាសា League of Legends ដើម្បីមានឱកាសរៀនសូត្រពីអ្វីដែលថ្មី និងយកឈ្នះលើភាពល្ងង់ខ្លៅរបស់ខ្លួនលើផ្នែកបច្ចេកវិទ្យាអេឡិចត្រូនិកប៉ុណ្ណោះ។
គួរបញ្ជាក់ថា​ ការប្រកួតហ្គេមអេឡិចត្រូនិក លើវិញ្ញាសា League of Legends លេងលើកុំទ្យូទ័រ(PC) ត្រូវមានសមាជិកក្រុមចាប់ពី៥នាក់ឡើងទៅ។ ពេលប្រកួតក្រុមនីមួយៗ មានសមាជិកត្រឹម៥នាក់ បម្រុង១នាក់ និងគ្រូវបង្វឹក១នាក់៕
 
 
 
 

Tag:
 កីឡាអេឡិចត្រូនិក
 E-Sport
© រក្សាសិទ្ធិដោយ thmeythmey.com