ជាតិ
​​​ន​យោ​បាយ​ជាតិ​
សវនាការលើរឿងក្តីលោក កឹម សុខា៖ តាំងពីព្រឹក រហូតដល់ម៉ោង៧យប់ នៅមិនទាន់ចប់
21, Dec 2022 , 7:23 pm        
រូបភាព
ដោយគិតចាប់តាំងពីម៉ោងជាង៨ព្រឹកមក រហូតដល់ម៉ោង៧យប់ សវនាការលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានដំណើរការអស់ជាង១០មោងហើយ តែនៅតែមិនអាចបញ្ចប់បាន។ តុលាការភ្នំពេញ បើកសវនាការលើកនេះ ដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងដ៏ធំមួយនេះ។



គិតត្រឹមម៉ោង៧យប់នេះ នៅសល់មេធាវីម្នាក់របស់លោក កឹម សុខា ដែលត្រូវឡើងនិយាយ ខណៈមេធាវី២រូបរបស់មេដឹកនាំប្រឆាំងរូបនេះ បានឡើងនិយាយរួចហើយ។ ក្រោយមេធាវីទី៣របស់ខ្លួន និយាយចប់ លោក កឹម សុខា ក៏នឹងត្រូវឡើងនិយាយខ្លួនឯងដែរ។ សហការីរបស់សារព័ត៌មានថ្មីៗ ដែលស្ថិតក្នុងអង្គសវនាការ ឆ្លៀតចេញពីអង្គសវនាការ រាយការណ៍មកថា ក្រុមប្រឹក្សាជំនុំជម្រះ មិនអាចកំណត់នោះទេ ថា សវនាការនេះ នឹងត្រូវចប់នៅម៉ោងប៉ុន្មាន។

ក្រុមមេធាវីរបស់រដ្ឋាភិបាល និងតំណាងអយ្យការ បានឡើងធ្វើសេចក្តីសន្និដ្ឋានរបស់ខ្លួនរួចហើយ តាំងពីថ្ងៃមក។ មេធាវីរបស់រដ្ឋាភិបាល សរសេរសេចក្តីសន្និដ្ឋានដល់ទៅជាង៨០ទំព័រ ដាក់ជូនទៅតុលាការ ខណៈមេធាវីរបស់លោក កឹម សុខា សរសេរសេចក្តីសន្និដ្ឋាន៥៣ទំព័រប៉ុណ្ណោះ។ សេចក្តីសន្និដ្ឋានរបស់មេធាវីខាងរដ្ឋាភិបាល ជាការដាក់បន្ទុកលើលោក កឹម សុខា ឯសេចក្តីសន្និដ្ឋានរបស់មេធាវីដែលការពារក្តីឲ្យលោក កឹម សុខា គឺជាការដោះបន្ទុក។ 

សូមបញ្ជាក់ខ្លីថា នីតិវិធីនៃការធ្វើសេចក្តីសន្និដ្ឋាននេះ គឺជានីតិវិធីដែលឈានជិតដល់ការបញ្ចប់សំណុំរឿង។ ក្រោយបញ្ចប់ការធ្វើសេចក្តីសន្និដ្ឋាន តុលាការ អាចនឹងប្រកាសសាលក្រមភ្លាមៗ ឬកំណត់ពេលវេលា ដើម្បីប្រកាសនៅថ្ងៃណាមួយ៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com