ជាតិ
កម្មវិធីទូរសព្ទដៃ khmer Tech Market ត្រូវបានបង្កើតដើម្បីដំណោះស្រាយឌីជីថល
22, Dec 2022 , 10:19 am        
រូបភាព
ដោយ:
មជ្ឈមណ្ឌលកម្ពុជា៤.0 បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃ Khmer Tech Market ឬជាភាសាខ្មែរ «ផ្សារបច្ចេកវិទ្យាខ្មែរ» នារសៀលថ្ងៃទី២១ខែធ្នូនៅអគារ The Kampus ក្រោមវត្តមានរបស់លោក ហ៊ុន ម៉ានី ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលនេះ។

 
«ផ្សារបច្ចេកវិទ្យាខ្មែរ» ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើរតួនាទីជាថ្នាលឌីជីថលដំបូងគេនៅកម្ពុជា ដើម្បីផ្ដល់ទីតាំង និងឱកាសឱ្យមានការផ្គូរផ្គង រវាងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់លើសេវាកម្មបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្ម។ កម្មវិធីទូរសព្វដៃ Khmer Tech Market ក៏នឹងក្លាយជាថ្នាលឌីជីថលសម្រាប់ការបង្កើតនូវតម្រូវការថ្មីៗ ដើម្បីផ្តល់ឱកាសដល់អ្នកជំនាញ និងអ្នកបច្ចេកទេសចផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្មនៅកម្ពុជាអាចមានលទ្ធភាពផ្សព្វផ្សាយអំពីសេវាកម្មរបស់ខ្លួន និងងាយស្រួលស្វែងរកផ្សារផងដែរ។
 
នៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ Khmer Tech Market លោក អាំង សុវណ្ណរ័ត្ន ដែលជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានពន្យល់ថា៖«អ្នកប្រើប្រាស់កម្មវិធីទូរសព្ទដៃមួយនេះ ដែលជាអ្នកផ្គត់ផ្គង់សេវា និងអ្នកត្រូវការសេវា នឹងមិនតម្រូវឱ្យបង់ថ្លៃ ឬបង់សមាជិកភាពអ្វីឡើយ។ តួអង្គដេលជាអ្នកផ្គត់ផ្គង់សេវា អាចជាក្រុមហ៊ុន អ្នកធ្វើការឯករាជ្យ និស្សិត អ្នកកំពុងបំពេញការងារ និងអ្នកពុំមានការងារធ្វើជាដើម។ តួអង្គដែលជាអ្នកមានតម្រូវការអាចជាសាធារណជនទូទៅ ស្ថាប័នរដ្ឋ ឯកជន និងអង្គការ ។ល។»។ 
 


លោក ហ៊ុន ម៉ានី ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានវាយតម្លៃ អំពីភាពចាំបាច់ និងសារសំខាន់នៃកម្មវិធីទូរសព្ទដៃមួយចុងក្រោយនេះ ដែលត្រូវបានបង្កើត និងអភិវឌ្ឍដោយមជ្ឈមណ្ឌលរបស់លោក។ សម្រាប់លោក «ផ្សារបច្ចេកវិទ្យាខ្មែរ» នឹងក្លាយជាថ្នាលឌីជីថលដេលប្រមូលផ្ដុំគ្រប់ភាគីពាក់ព័ន្ធក្នុងការផ្ដល់ដំណោះស្រាយឌីជីថល សម្រាប់អាជីវកម្ម ការបំពេញការងារ និងសកម្មភាពសេដ្ឋកិច្ចជាដើម។
 
លោក ហ៊ុន ម៉ានី បានពន្យល់អ្នកចូលរួមដែលរួមមាននិស្សិត វិស័យឯកជនយ៉ាងដូច្នេះ៖«ការចាប់យកបច្ចេកវិទ្យា គឺពិតជាមានភាពចាំបាច់ និងចំពេលវេលា ស្របតាមទិសដៅរបស់រដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីធានាកំណើនរយៈពេលវែងសម្រាប់កម្ពុជា។»។
 
នៅក្នុងបរិបទនេះ លោកបានអំពាវនាវដល់យុវជនឱ្យព្យាយាមសម្របខ្លួន និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យា។ សម្រាប់ លោក ហ៊ុន ម៉ានី សង្គមសេដ្ឋកិច្ចអនាគតនឹងបន្តប្រែប្រួល ទាំងលើទិដ្ឋភាពឱកាស និងបញ្ហាប្រឈម ដែលទាមទារឱ្យប្រជាពល មិនត្រឹមតែត្រៀមខ្លួនដោះស្រាយនោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់ឱ្យអស់លទ្ធភាព មនសិការ ដើម្បីកែប្រែបញ្ហាទាំងនោះឱ្យក្លាយជាឱកាស។ 
 
ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បញ្ជាក់យ៉ាងដូច្នេះ៖«ប្រជាពលរដ្ឋ ជាពិសេសយុវជនត្រូវត្រៀមខ្លួនដើម្បីស្រូបយក ប្រើប្រាស់ និងសម្របខ្លួនឱ្យបានទាន់ពេលវេលា ទៅតាមការផ្លាស់ប្ដូរនៃបច្ចេកវិទ្យា ដែលយើងអាចនិយាយបានថា មនុស្សត្រូវផ្សារភ្ជាប់នឹងបច្ចេកវិទ្យា ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យា។»។
 
មជ្ឈមណ្ឌលកម្ពុជា៤.0 ត្រូវបានបង្កើតឡើងដើម្បីបង្កើតជាទីតាំងប្រមូលផ្ដុំ Open House សម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការផ្តល់ដំណោះស្រាយឌីជីថល, បញ្ជ្រាបការយល់ដឹងពីបច្ចេកវិទ្យាដល់ស្រទាប់មហាជន បណ្ដុះបណ្ដាល និងតម្រង់ទិសតាមរយៈកម្មវិធីអក្ខរកម្មឌីជីថល៕

គេហទំព័រ៖ www.khmertechmarket.com

ទាញយកកម្មវិធីទូរស័ព្ទ (Mobile App)៖
 
Android (Play Store): https://bit.ly/3HVaFsD
iOS (App Store): https://bit.ly/3FTTJ3Y
 
បណ្ដាញសង្គម Khmer Tech Market៖ Facebook  | Website  | YouTube  | Instagram  | LinkedIn 
 







 







© រក្សាសិទ្ធិដោយ thmeythmey.com