ជាតិ
សង្គមជាតិ
អយ្យការ បើកការស៊ើបសួរករណីយកគ្រាប់បែកទៅបង្កប់ជិតរដ្ឋសភា
22, Dec 2022 , 1:45 pm        
រូបភាព
ផ្សែងនៃការបំផ្ទុះគ្រាប់បែកដៃ ដែលរៀបចំបំផ្ទុះចោលដោយមន្រ្តីស៊ីម៉ាក់ នៅមុខរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ រូបពីវីដេអូលើបណ្តាញសង្គម
ផ្សែងនៃការបំផ្ទុះគ្រាប់បែកដៃ ដែលរៀបចំបំផ្ទុះចោលដោយមន្រ្តីស៊ីម៉ាក់ នៅមុខរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ រូបពីវីដេអូលើបណ្តាញសង្គម
តំណាងអយ្យការអមតុលាការភ្នំពេញ កំពុងបើកការស៊ើបសួរជនសង្ស័យ លើករណីគ្រាប់បែក ដែលត្រូវប្រទះឃើញនៅជិតរដ្ឋសភា កាលពីពេលថ្មីៗនេះ។ នេះបើតាមការអះអាងរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ ទៅកាន់ក្រុមអ្នកកាសែតតាមបណ្តាញតេឡេក្រាម នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។



លោក ប្លង់ សុផល ប្រាប់អ្នកកាសែតថា ករណីយកគ្រាប់បែកទៅបង្កប់ជិតរដ្ឋសភានេះ គឺជាបទបោះបង់អាវុធក្នងនៅទីសាធារណៈ ដែលមានចែងក្នុងមាត្រា៤៩១ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ យ៉ាងណា ព័ត៌មានបន្ថែមទៀត ដូចជា មានជនល្មើសប៉ុន្មាននាក់ ដែលត្រូវចោទប្រកាន់ ជាដើម លោកព្រះរាជអាជ្ញារងរូបនេះ មិនទាន់អាចផ្តល់ឲ្យនោះទេ ដោយលោក លើកហេតុផលថា បើលោក ផ្តល់ព័ត៌មានទាំងអស់នាពេលនេះ គឺស្មើនឹងការបង្ហាញពីការសម្ងាត់ក្នុងវិជ្ជាជីវៈ ដែលត្រូវការពារដោយច្បាប់។

កាលពីថ្ងៃទី១៦ធ្នូ លោក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់សារព័ត៌មានថ្មីៗថា សមត្ថកិច្ច បានចាប់ជនជាតិចិន៤នាក់ និងជនជាតិខ្មែរម្នាក់ ដែលពាក់ព័ន្ធនឹងករណីយកគ្រាប់បែកដៃ១គ្រាប់ ទៅទម្លាក់ទុកជិតរដ្ឋសភា។ គ្រាប់បែកដៃនោះ ត្រូវប្រជាពលរដ្ឋប្រទះឃើញ កាលពីព្រឹកថ្ងៃទី១៥ធ្នូ ហើយបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅជិតរដ្ឋសភា។

គ្រាប់បែកនោះ ត្រូវជនសង្ស័យ បង្កប់នៅក្នុងនំខេក។ ក្រោយទទួលបានដំណឹង សមត្ថកិច្ចរាជធានីភ្នំពេញ និងមន្រ្តីជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក៏រៀបចំបំផ្ទុះគ្រាប់បែកនោះចោលនៅនឹងកន្លែងកើតហេតុតែម្តង៕ 

Tag:
 ករណីយកគ្រាប់បែកទៅលាក់ទុកជិតរដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com