កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ម៉ាឡេស៊ី ឈ្នះមីយ៉ាន់ម៉ា ទាំងតានតឹង ឯឡាវ មិនអាចផ្លាសប្ដូរកំណត់ត្រាចាញ់វៀតណាម
22, Dec 2022 , 2:07 pm        
រូបភាព
ការប្រកួតរវាង ឡាវ និង វៀតណាម ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup រូបពី AFF Mitsubishi Electric Cup
ការប្រកួតរវាង ឡាវ និង វៀតណាម ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup រូបពី AFF Mitsubishi Electric Cup
ការប្រកួតក្នុងពូល B នៃព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ម៉ាឡេស៊ី និងវៀតណាម ដណ្ដើមបាន ៣ពិន្ទុដូចគ្នា។ បើទោះឈ្នះលើមីយ៉ាន់ម៉ា លទ្ធផល១-០ នៅកីឡដ្ឋាន Thuwunna គ្រូជម្រើសជាតិម៉ាឡេស៊ី ចាត់ទុកនេះជាការប្រកួតដ៏តានតឹង ព្រោះដៃគូម្ខាងទៀត ក៏ធ្វើបានល្អផងដែរ។ ដោយឡែក ឡាវ បានចាញ់ វៀតណាម លទ្ធផល ៦-០ នៅកីឡដ្ឋាន National Stadium KM16 ដោយម្ចាស់ផ្ទះមិនអាចប្តូរកំណត់ត្រាចាញ់បាន។



ក្រុមភ្ញៀវ ម៉ាឡេស៊ី បានយកឈ្នះ ម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ក្នុងលទ្ធផល ០-១ ក៏ពិតមែន ប៉ុន្ដែការប្រកួតដ៏ជក់ចិត្តនេះ បានបង្ហាញពីកម្រិតប្រហាក់ប្រហែលគ្នា រវាងក្រុមទាំងពីរ។ លោក Kim Pan-gon គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់ម៉ាឡេស៊ី បាននិយាយថា គ្មានក្រុមណាមកប្រកួតដើម្បីការបរាជ័យទេ ជាពិសេសទៀត គឺការបរាជ័យក្នុងទឹកដីរបស់ខ្លួន ដែលប្រឈមមុខជាមួយនិងអ្នកគាំទ្រជាច្រើនរបស់ខ្លួន ទាំងការរិះគន់ ការសរសើរ និងការលើកទឹកចិត្ត។
  

ការប្រកួតរវាង មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup រូបពី AFF Mitsubishi Electric Cup
 
«ខ្ញុំ បានដឹងទៅហើយថា ការប្រកួត នឹងតានតឹងព្រោះគ្មានក្រុមណាមួយ ចង់ចាញ់ ជាពិសេសនៅចំពោះមុខអ្នកគាំទ្រពួកគេ។ និយាយពីទម្រង់លេង វាមិនស្រួលប៉ុន្មានទេ ប៉ុន្ដែយើងបានគ្រប់គ្រងបាល់ ក្នុងការប្រកួត។»។ លោក Kim Pan-gon បាននិយាយទៅកាន់អ្នកសារព័ត៌មានថដូច្នេះ។
 
ក្រោយបញ្ចប់ការប្រកួតនៅតង់ទី១ ដោយគ្មានគ្រាប់បាល់រវាងក្រុមទាំងពីរ កីឡាករ Faisal Halim របស់ម៉ាឡេស៊ី បានទំលាយសំណាញ់ទី ក្រុមម្ចាស់ផ្ទះ នៅនាទី៥២ ក្នុងតង់ទី២ ដែលនាំឲ្យក្រុមខ្លួននាំមុខ។ ការប្រកួតនេះ បានបញ្ចប់ពេលវេលាពេញម៉ោង ៩០នាទី ដោយលទ្ធផល មីយ៉ាន់ម៉ា ចាញ់ ម៉ាឡេស៊ី ១-០។
 
ក្នុងថ្ងៃដដែរ វេលាម៉ោង ៧:៣០យប់ ក្រុមជម្រើសជាតិ ឡាវ បានចាញ់ក្រុមភ្ញៀវ វៀតណាម ក្នុងលទ្ធផល ៦-០។ ម្ចាស់ផ្ទះ នៅតែមិនអាចផ្លាស់ប្ដូប្រវត្តិនៃការចាញ់ក្រុមវៀតណាម ដែលធ្លាប់ចាញ់ក្នុងព្រឹត្តិការណ៍នេះ អស់ចំនួន ៨លើករួចមកហើយ។ 
 
គួរបញ្ជាក់ឲ្យដឹងថា មីយ៉ាន់ម៉ា ត្រូវប្រកួតជាមួយ សិង្ហបុរី នៅថ្ងៃទី២៤ ខែធ្នូ, ស្វាគមន៍ ឡាវ នៅថ្ងៃទី៣០ ខែធ្នូ និងប៉ះជាមួយ វៀតណាម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ ចំណែក ម៉ាឡេស៊ី ត្រូវទទួល ជម្រើសជាតិឡាវ នៅថ្ងៃទី២៤ ខែធ្នូ, ជួបជាមួយវៀតណាម នៅថ្ងៃ២៧ ខែធ្នូ និង ថ្ងៃទី៣ ខែមករា ប្រកួតជាមួយសិង្ហបុរី។ ដោយឡែក សិង្ហបុរី ត្រូវប្រកួតជាមួយ វៀតណាម នៅថ្ងៃទី៣០ ខែធ្នូ និងថ្ងៃទី២៧ ខែធ្នូ ត្រូវប្រកួតជាមួយឡាវ៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com