ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកប្រឆាំងមួយក្រុមទៀត ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ពីបទរូមគំនិតក្បត់ជាតិ
22, Dec 2022 , 4:09 pm        
រូបភាព
ដោយ៖ ទេពញាណ  

ជនជាប់ចោទ១ក្រុមទៀត ដែលជាអ្នកមាននិន្នាការប្រឆាំង ត្រូវតុលាការភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។ ក្នុងសំណុំរឿងនេះ មានមនុស្សសរុបជិត៤០នាក់ ហើយពួកគេ រងបទចោទដូចគ្នា គឺបទរួមគំនិតក្បត់ជាតិ។



លោក ឡោ ជុនធី មេធាវីការពារក្តីឲ្យជនជាប់ចោទមួយចំនួន ក្នុងចំណោមជនជាប់ចោទជិត៤០នាក់នោះ ប្រាប់សារព័ត៌មានថ្មីៗថា ពួកគេ ត្រូវតុលាការ សម្រេចឲ្យជាប់ពន្ធនាគារក្នុងរយៈពេលផ្សេងៗគ្នា។ ដោយមិនអាចចាំអស់ លោកមេធាវី លើកឡើងត្រួសៗថា ជនជាប់ចោទ៣នាក់ ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ជនជាប់ចោទ១១នាក់ ត្រូវជាប់ពន្ធនាគារ៧ឆ្នាំ ជនជាប់ចោទខ្លះ ត្រូវលើកលែងការចោទប្រកាន់ និងជនជាប់ចោទខ្លះ ត្រូវព្យួរទោស។ អ្នក ដែលត្រូវព្យួរទោស មិនត្រូវជាប់ឃុំក្នុងពន្ធនាគារឡើយ។ 
 
លោក ឡោ ជុនធី ផ្តល់ព័ត៌មានទៀតថា ក្នុងចំណោមជនជាប់ចោទជិត៤០នាក់នោះ មានតែ៣នាក់ប៉ុណ្ណោះ គឺលោក គង់ ម៉ាស់ លោក ខាន់ ប៊ុនផេង និង លោក វឿង សំណាង ដែលចូលរួមស្តាប់ការប្រកាសសាលក្រម ក្នុងសវនាការនាព្រឹកថ្ងៃទី២២ធ្នូនេះ។ លោក បន្តថា អ្នកដែលត្រូវតុលាការ ដាក់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ គឺអ្នកទាំង៣នេះឯង។ លោក បន្ថែមថា ចំពោះអ្នកដែលមិនទាន់ត្រូវចាប់ខ្លួន តុលាការ ចេញដីកាបង្គាប់សមត្ថកិច្ច ឲ្យតាមចាប់ខ្លួន។  

លោកមេធាវី មានប្រសាសន៍ដូច្នេះថា៖«ខ្ញុំ បានពិភាក្សាជាមួយក្តីរួចហើយ ខ្ញុំ នឹងប្តឹងទៅសាលាឧទ្ធរណ៍»។ 
 
ការគាំទ្រគម្រោងចូលស្រុករបស់អ្នកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ គឺជាអង្គហេតុ ដែលនាំឲ្យអ្នកជិត៤០នាក់ខាងលើ ត្រូវចោទប្រកាន់ពីរួមគំនិតក្បត់ជាតិ។ នេះជាការអះអាងរបស់លោកមេធាវី ឡោ ជុនធី ដដែល។ អ្នកស្រី មូរ សុខហួរ ប្រកាសថា ចូលស្រុក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ តែខកខាន។ 
 
ការកាត់ទោសលើអ្នកប្រឆាំងដល់ទៅជិត៤០នាក់ គឺជាការកាត់ទោសទ្រង់ទ្រាយធំ១បន្ថែមទៀត ខណៈការកាត់ទោសទ្រង់ទ្រាយធំលើអ្នកប្រឆាំងបែបនេះ ធ្លាប់កើតមានរួចមកហើយ។ កាលពីខែមិថុនា ឆ្នាំ២០២២ អ្នកប្រឆាំងប្រមាណពី៤០នាក់ទៅ៥០នាក់ ត្រូវតុលាការភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ដោយក្នុងនោះ អ្នកខ្លះ ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ អ្នកខ្លះ ត្រូវជាប់ពន្ធនាគារ៨ឆ្នាំ តែក៏មានអ្នកខ្លះ ត្រូវព្យួរទោសដែរ។ ពួកគេ ត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារពួកគេ បង្ហាញការគាំទ្រផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី។
 
គួរដឹងថា អ្នកប្រឆាំង ដែលត្រូវកាត់ទោសលើកនេះ និងត្រូវកាត់ទោសលើកមុនៗ មិនមែនកំពុងជាប់ឃុំក្នុងពន្ធនាគារទាំងអស់ឡើយ ដោយអ្នកខ្លះ កំពុងរស់នៅឯក្រៅប្រទេសឯណោះ៕ 
 
   
 
 

Tag:
 កាត់ទោសអ្នកប្រឆាំង
  បទរួមគំនិតក្បត់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com