កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
AFF Cup៖ ជំនួបលើកទី៦ ទល់ឥណ្ឌូណេស៊ី តើកម្ពុជា អាចរកបានជ័យជម្នះលើកដំបូងឬទេ?
23, Dec 2022 , 7:59 am        
រូបភាព
ក្រុមជម្រើសជាតិកម្ពុជា ត្រូវចាប់ផ្ដើមការប្រកួតទី២ ក្នុងពូល A  នៃព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 ជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅកីឡដ្ឋាន Gelora Bung Karno នៅទីក្រុងចាការតា វេលាម៉ោង ៤:៣០ល្ងាច [ម៉ោងនៅកម្ពុជា]។ ៥ប្រកួតក្នុងពានរង្វាន់ជើងឯកអាស៊ាននេះ កម្ពុជាបរាជ័យក្រោមថ្វីជើងឥណ្ឌូណេស៊ីទាំងអស់។ តើកម្ពុជា អាចរកបាន៣ពិន្ទុលើកដំបូងពីឥណ្ឌូណេស៊ីឬទេសម្រាប់ជំនួបលើកទី៦នេះ?

 
ជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃទី២១ ខែធ្នូ ដើម្បីត្រៀមប្រកួតជាមួយក្រុមម្ចាស់ផ្ទះ។ ក្រុមភ្ញៀវនេះ ទើបតែទទួលជោគជ័យ ក្នុងប្រកួតដំបូង​នៃពូល A ដោយយកឈ្នះ ក្នុងលទ្ធផល ៣-២ លើក្រុមហ្វីលីពីន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
 
ក្រុមទាំង២នេះ បានជួបគ្នា ៥លើករួចមកហើយ ក្នុងព្រឹត្តិការណ៍ AFF Championship ដោយគិតចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២១។ ជំនួបទាំងនេះ កម្ពុជា មិនធ្លាប់ឈ្នះ ឥណ្ឌូណេស៊ីទេ។ ក្នុងឆ្នាំ១៩៩៦ កម្ពុជា ចាញ់ ៣-០ និងឆ្នាំ២០០២ ចាញ់ក្នុងលទ្ធផល ៤-២។ កម្ពុជា ធ្លាប់បរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងលទ្ធ ៨-០ នាឆ្នាំ២០០៤ និង៤-០ នៅឆ្នាំ២០០៨។ លុះចូលដល់ឆ្នាំ២០២១ កម្ពុជា ចាញ់ម្ដងទៀត ដោយលទ្ធផល ៤-២។ តើជំនួបលើកទី៦ ក្នុងព្រឹត្តិការណ៍តំបន់អាស៊ាន កម្ពុជា អាចកែប្រែប្រវត្តិសាស្ដ្រ ដែរឬទេ?
 
យោងទៅលើការផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បាននិយាយចំពោះការប្រកួតនេះថា៖«ទោះបីជា យើង ត្រៀមខ្លួនបានល្អសម្រាប់ការប្រកួត អំឡុងពេលប្រមូលផ្ដុំហ្វឹកហាត់នៅកម្ពុជា ប៉ុន្ដែដូច ដែលយើងបានដឹង កាលវិភាគដ៏លំបាកបំផុតមួយ។ យើង ទើបមកដល់ម្សិលមិញ ថ្ងៃនេះយើង បានហាត់ ហើយស្អែកយើងប្រកួត។ ឥណ្ឌូណេស៊ី ជាក្រុមមួយដែលលេងបានល្អ មានកីឡាករលេងនៅក្រៅស្រុក និងល្អៗច្រើន ដូច្នេះយើង នឹងលេងដោយបង្កើន ការប្រុងប្រយ័ត្នខ្ពស់ នៅថ្ងៃស្អែក។»។
 
ដោយឡែក លោក Mochamad Iriawan ប្រធានសមាគមន៍បាល់ទាត់ឥណ្ឌូណេស៊ី សម្ដែងការជឿជាក់លើការត្រៀមខ្លួនរបស់កីឡាករ និងគ្រូបង្វឹក្រុមជម្រើសជាតិ។ ប្រធានរូបនេះ និយាយថា៖«កីឡាកររបស់ឥណ្ឌូណេស៊ី ត្រៀមខ្លួនប្រកួត AFF Cup។ យើងមានសុទិដ្ឋិនិយមចំពោះសមាសភាពកីឡាករ ដែលរើសដោយលោកគ្រូជម្រើសជាតិ Shin Tae-yong។»។
 
ក្នុងថ្ងៃជាមួយគ្នា នាវេលាម៉ោង ៥:០០ល្ងាច ក្រុមជម្រើសជាតិហ្វីលីពីន ត្រូវប្រកួតជាមួយក្រុមភ្ញៀវ ព្រុយណេ។ ក្រុមម្ចាស់ផ្ទះ ទើបចាញ់ក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ៣-២ រីឯ ព្រុយណេ បរាជ័យ ក្នុងជំនួបជាមួយក្រុមការពារដំណែងជើងឯក ថៃ ក្នុងលទ្ធផល ៥-០។ ជម្រើសជាតិព្រុយណេ គឺជាក្រុមដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះតិចជាងគេ បន្ទាប់ពីទីម័រខាងកើត ដោយបានចូលរួមចំនួន ២លើក គឺនៅឆ្នាំ១៩៩៦ និងឆ្នាំ២០២២។ ចំណែក ហ្វីលីពីន បានចំនួន ១៣លើក។ ជំនួបរវាងក្រុមទាំង២ នៅឆ្នាំ១៩៩៦ ជម្រើសជាតិព្រុយណេ បានយកឈ្នះ ហ្វីលីពីន ក្នុងលទ្ធផល ១-០។ 
 
លោក Mario Rivera គ្រូជម្រើសជាតិព្រុយណេ បានបញ្ជាក់ថា បើទោះជាបរាជ័យក្នុងជំនួបជាមួយជម្រើសជាតិថៃ ប៉ុន្ដែស្មារតីប្រកួត របស់កីឡាករ នៅតែបន្ដមាន។ បើទោះជាមមាញឹកក្នុងការធ្វើដំណើរ និងមិនមានពេលគ្រប់គ្រាន់ ដើម្បីសម្រាក់ប៉ុន្ដែ កីឡាករ នៅតែប្រឹងប្រកួតដើម្បីជ័យជំនះ។
 
«ថ្ងៃនេះ គឺជាពេលវេលាហ្វឹកហាត់ ហើយមានអារម្មណ៍ថាស្រស់ស្រាយឡើងវិញបន្ទាប់ពីការប្រកួតជាមួយជម្រើសជាតិថៃ។​ ប៉ុន្ដែ ស្មារតីប្រកួត គឺតែងតែមានក្នុងអារម្មណ៍កីឡាករ និងការស្វែងរកជ័យជំនះ។»។ លោក Mario បាននិយាយដូច្នេះ បើយោងតាមការផ្សាយរបស់ ហ្វេសប៊ុករបស់សមាគមន៍បាល់ទាត់ព្រុយណេ៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup)
© រក្សាសិទ្ធិដោយ thmeythmey.com