ជាតិ
សង្គមជាតិ
អាវុធហត្ថព្រះសីហនុ ប្រើពេល១០ថ្ងៃ បង្ក្រាបជនល្មើស១០នាក់ និងរឹបអូសគ្រឿងញៀនជាង១តោន
23, Dec 2022 , 10:52 am        
រូបភាព
គ្រឿងញៀនជាង១តោន ដែលកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់បាន (រូបពីទំព័រហ្វេសប៊ុក៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ)។
គ្រឿងញៀនជាង១តោន ដែលកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់បាន (រូបពីទំព័រហ្វេសប៊ុក៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ)។
ក្រោយប្រតិបត្តិការត្រូវបានបញ្ចប់សព្វគ្រប់ គ្រឿងញៀនសរុប ដែលកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ រឹបអូសបាន មិនមែនជិត៩០០គីឡូគ្រាមឡើយ គឺជាង១តោន។ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ហោះព័ត៌មាលម្អិតលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ជុំវិញប្រតិបត្តិការនៃការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនទ្រង់ទ្រាយធំនេះ។

 
ប្រតិបត្តិការខាងលើ ចាប់ផ្តើមតាំងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២១ ខែធ្នូ។ នៅថ្ងៃទី២១ ខែធ្នូ កងរាជអាវុធហត្ថ បានរៀបចំសំណុំរឿង ជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅកាន់អយ្យការអមតុលាការខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។ វា មិនមែនពាក់ព័ន្ធតែនឹងករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀននោះទេ តែក៏ពាក់ព័ន្ធនឹងករណីសម្អាតប្រាក់ថែមទៀត។ 
 
កងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រកាសដូច្នេះថា៖«ប្រតិបត្តិការស្រាវជ្រាវបង្រ្កាបមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនលក្ខណ:ទ្រង់ទ្រាយធំ បានបិទបញ្ចប់និងទទួលជោគជ័យនាពេលនេះ ដោយមានការចូលរួមសហការយ៉ាងស្និតល្មួត និងយកចិត្តទុកដាក់បំផុត អស់រយ:ពេល១០ថ្ងៃ»។ 
 
ជនសង្ស័យទាំងអស់ ដែលត្រូវចាប់បាន មាន១០នាក់ គឺ បុរសជនជាតិចិន៦នាក់ បុរសជនជាតិចិនតៃវ៉ាន់១នាក់ និងបុរសជនជាតិខ្មែរ៣នាក់។ ក្រៅពីគ្រឿងញៀនជាង១តោន កម្លាំងសមត្ថកិច្ច នៅចាប់បានវត្ថុតាងជាច្រើនទៀត ដូចជា រថយន្ត៨គ្រឿង ជាដើម។ 
 
ប្រតិបត្តិការនៃការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំនេះ ទទួលការបញ្ជាពីក្រោយដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រីឯ អ្នកដែលដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ គឺលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការចូលរួមសម្របសម្រួលពីតំណាងអយ្យការអមតុលាការខេត្តព្រះសីហនុ។ 
 
ក្នុងប្រតិបត្តិការនេះ ក៏មានការចូលរួមសហការពីតំណាងអយ្យការអមតុលាការខេត្តសៀមរាប តំណាងអយ្យការអមតុលាការខេត្តស្វាយរៀង តំណាងអយ្យការអមតុលាការខេត្តខេត្តបន្ទាយមានជ័យ រួមទាំងកងកម្លាំងតាមបណ្តាខេត្តទាំងនេះ និងកងកម្លាំងនៃស្ថាប័នពាក់ព័ន្ធនានាផងដែរ។  
 
សូមរម្លឹកថា ក្នុងថ្ងៃដំបូងនៃការចុះបង្ក្រាបរបស់សមត្ថកិច្ច ព័ត៌មាន ត្រូវបានផ្សព្វផ្សាយថា គ្រឿងញៀន ដែលត្រូវរឹបអូសបាន មានតែជិត៩០០គីឡូក្រាមប៉ុណ្ណោះ។ លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់សារព័ត៌មានថ្មីៗថា គ្រឿងញៀនទាំងនោះ ត្រូវឧក្រិដ្ឋជន រៀបចំបម្រុងដឹកចេញពីកម្ពុជាទៅកាន់ប្រទេសទី៣។ លោក ប៉ាន់ប្រមាណក្រៅផ្លូវការ ឆ្នាំ២០២២នេះ គ្រឿងញៀនក្នុងរង្វង់៥តោន ដែលត្រូវចាប់បាន៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com