FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
EFL Cup៖ Man City ទម្លាក់ Liverpool ទៅជួប Southampton ចំណែក Man United ប៉ះ Charlton វគ្គ៨ក្រុម
23, Dec 2022 , 11:19 am        
រូបភាព
Manchester City នឹងត្រូវធ្វើដំណើរការប្រកួតក្នុងពានរង្វាន់ EFL Cup នៅវគ្គ ៨ក្រុមដោយត្រូវជួបក្រុម Southampton ដែលមកពីក្របខណ្ឌ Premier league ដូចគ្នា ក្រោយបំបាកក្រុមការពារជើងឯក Liverpool ៣-២ នារាត្រីថ្ងៃទី២២ ខែធ្នូ នាកីឡដ្ឋាន Etihad។ Manchester United នឹងត្រូវប៉ះក្រុមដែលមកពីលីគលំដាប់ទី៣ Charlton Athletic។



​ជំនួបដ៏ខ្លាំងប្រចាំ EFL Cup នៅវគ្គ ១៦ក្រុម Man City យកឈ្នះ Liverpool ក្រុមការពារជើងឯកក្នុងលទ្ធផល ៣-២ ដើម្បីឡើងវគ្គ ៨ក្រុម ដោយត្រូវប៉ះ Southampton ដែលមកពី Premier League ដូចគ្នា។ ៣គ្រាប់ជ័យជម្នះរបស់មេឃខៀវធ្វើបានដោយខ្សែប្រយុទ្ធ Erling Haaland នាទី១០ ខ្សែប្រយុទ្ធ Riyad Mahrez នាទី៤៧ និង Nathan Ake នាទី៥៨ រីឯ ២គ្រាប់របស់ហង្ស់ក្រហមធ្វើបានដោយកីឡាករវ័យក្មេង Fabio Carvalho នាទី២០ និង Mohamed Salah នាទី៤៨។ ​
 
Man City ជើងឯក Premier league ជាក្រុមប្រកួតប្រជែងខ្លាំងមួយក្នុងពានរង្វាន់ EFL Cup នេះ។ រយៈពេល ៩ឆ្នាំចុងក្រោយ ពួកគេឈ្នះពាននេះចំនួន ៦លើក។ 
 
ក្រុម Nottingham Forest ក៏នឹងត្រូវរៀបចំទទួលស្វាគមន៍ Wolverhampton Wanderers រីឯក្រុមកំពុងឡើងជើង Newcastle United នឹងត្រូវជួបក្រុម Leicester City នៅវគ្គ ៨ក្រុម។
 
ក្រុម Charlton Athletic ដែលមកពីក្របខណ្ឌលីគទី៣ អង់គ្លេសបានបង្កើតរឿងរ៉ាវភ្ញាក់ផ្អើលឈានជើងឡើងមកកាន់វគ្គ ៨ក្រុម ដោយត្រូវជួបក្រុមបិសាចក្រហម Man United។ Charlton ទម្លាក់ Brighton & Hove Albion ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-៣ ក្រោយលទ្ធផលស្មើ ១២០នាទី ០-០។ Man United បំបាក់ក្រុម Burnley លទ្ធផល ២-០ កាលពីថ្ងៃទី២១ ខែធ្នូ។
ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនឹងត្រូវចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តទៅ៕
 
 
 

Tag:
 Manchester City
  EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com