អន្តរជាតិ
វត្តមានចុងភៅ Salt Bae ក្នុងទីលានអំឡុងអាហ្សង់ទីនលើក World Cup រងការរិះគន់ ខណៈ FIFA បើកការស៊ើបអង្កេត
23, Dec 2022 , 2:28 pm        
រូបភាព
សហព័ន្ធកីឡាករបាល់ទាត់អន្តរជាតិ​ ​(FIFA) បើកការស៊ើបអង្កេតលើវត្តមានរបស់ចុងភៅដ៏ល្បីល្បាញមួយរូបលើបណ្តាញអ៊ិនធឺណិតលោក Salt Bae ដែលបានចូលក្នុងទីលានអំឡុងប្រារព្ធពិធីអបអរជ័យជម្នះរបស់អាហ្សង់ទីន បន្ទាប់ពីបញ្ចប់ការប្រកួត ​World Cup ផ្តាច់ព្រ័ត្រ។ FIFA លើកឡើងថាវត្តមានរបស់លោក Salt Bae ក្នុងទីលានជាមួយកីឡាករ លើសដែនកំណត់។



Salt Bae ចុងភៅសញ្ជាតិតួកគីដែលឈ្មោះដើមហៅថា Nusret Gokce ចាប់ផ្តើមល្បីល្បាញខ្លាំងនៅលើបណ្តាញសង្គមអ៊ិនធឺណិតតាំងពីឆ្នាំ ២០១៧ តាមរយៈទេព្យកោសល្យនៃការចម្អិនសាច់ជាមួយការរោយអំបិលពីលើដោយប្រើដៃ។ 
 
អំឡុងវគ្គផ្តាច់ព្រ័ត្រ FIFA World Cup នៅកាតា Salt Bae ក៏បង្ហាញវត្តមានផងដែរ តែអ្វីដែលភ្ញាក់ផ្អើល រូបគេអាចចូលដល់ក្នុងទីលានថែមទៀតអំឡុងពេលអាហ្សង់ទីនប្រារព្ធការអបអរជ័យជម្នះ World Cup របស់ពួកគេ។ 
 
ពេលនោះ Salt Bae បានថតរូបនិងចាប់ដៃជាមួយក្រុមកីឡាកររបស់អាហ្សង់ទីនជាច្រើននាក់ ក្នុងចំណោមនោះក៏មានខ្សែប្រយុទ្ធ Angel Di Maria និង Lionel Messi។ លើសពីនេះចុងភៅវ័យ ៣៩ឆ្នាំរូបនេះក៏បានថតរូបកាន់ពានរង្វាន់ World Cup រូបទាំងរូបភាពខាំមេដាយមាសរបស់កីឡាករដែលធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់លើបណ្តាញអ៊ិនធឺណិត។
 
វត្តមានរបស់ ​Salt Bae អំឡុងការប្រារព្ធពិធីអបអរជ័យជម្នះពានរង្វាន់ពិភពលោករបស់អាហ្សង់ទីន បានក្លាយជាប្រធានបទក្តៅមួយដែលត្រូវបានមនុស្សជាច្រើនលើកយកមកនិយាយ រួមជាមួយមតិរិះគន់ជាច្រើន ហើយមកដល់ពេលនេះ FIFA បានសម្រេចបើកការស៊ើបអង្កេតលើបញ្ហានេះ។
 
«បន្ទាប់ពីបានពិនិត្យឡើងវិញ FIFA បានបើកការស៊ើបអង្កេតអំពីរបៀបដែលបុគ្គលម្នាក់ [Salt Bae] ទទួលបានសិទ្ធិចូលទៅក្នុងទីលានប្រកួតដោយមិនសមហេតុផល ពេលបា្ររព្ធពិធីអបអរជ័យជម្នះក្នុងកីឡដ្ឋាន Lusail Iconic ថ្ងៃទី១៨ ខែធ្នូ។ FIFA នឹងចាត់វិធានការទៅលើទង្វើរដែលហួសកម្រិតព្រំដែននេះ។»។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបានប្រកាសដោយ FIFA។
 
បើតាមច្បាប់របស់ FIFA ដែលបានចែងសម្រាប់ពានរង្វាន់ World Cup គឺមានតែក្រុមកីឡាករ មន្ត្រីសហព័ន្ធរបស់ក្រុមម្ចាស់ជើងឯក និងមន្ត្រីជាម្ចាស់ផ្ទះរៀបចំការប្រកួតប៉ុណ្ណោះដែលអាចមានសិទ្ធិកាន់ពាន។
 
ដោយឡែកកាលពីមុនប្រកួតជំនួបផ្តាច់ព្រ័ត្រ World Cup នៅប្រទេសកាតា Salt Bae ក៏បានបង្ហោះវីដេអូមួយដែលបង្ហាញថារូបគេបានអង្គុយក្បែលោក Gianni Infantino ដែលជាប្រធានស្ថាប័ន FIFA ផងដែរ។ ទង្វើរបស់ ចុងភៅដ៏ល្បីល្បាញរូបនេះ ត្រូវបានរិះគន់ថារូបគេព្យាភ្ជាប់ខ្លួនជាមួយបុគ្គលល្បីៗដើម្បីបង្កើនកេរ្តិ៍ឈ្មោះរបស់ខ្លួន៕
 
 
 

Tag:
 World Cup
  Salt bae
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com