ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ប្រកាសគាំទ្រឥណ្ឌូណេស៊ីយ៉ាងខ្លាំងក្លា ក្នុងការជួយមីយ៉ាន់ម៉ា
23, Dec 2022 , 3:29 pm        
រូបភាព
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ទទួលញញួរប្រធានអាស៊ាន ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២។
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ទទួលញញួរប្រធានអាស៊ាន ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២។
ដោយ៖ ទេពញាណ 

ទោះផុតតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២៣ក្តី ក៏កម្ពុជា មិនដកដៃទាំងស្រុងចេញពីការជួយមីយ៉ាន់ម៉ាដែរ។ កម្ពុជា ប្រកាសទុកជាមុនថា នឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២៣ ក្នុងការស្វែងរកដំណោះស្រាយឲ្យមីយ៉ាន់ម៉ា ដើម្បីបានវិលត្រឡប់ទៅរកមាគ៌ាប្រជាធិបតេយ្យឡើងវិញ។



ការប្រកាសខាងលើនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ហើយសេចក្តីប្រកាសព័ត៌មាននេះ ត្រូវបានចេញ ដើម្បីផ្សព្វផ្សាយពីខ្លឹមសារនៃជំនួបពិភាក្សាក្រៅផ្លូវរវាងរដ្ឋមន្រ្តីការបរទេស និងតំណាងមួយចំនួននៃប្រទេសក្នុងតំបន់អាស៊ាន ដែលត្រូវរៀបចំឡើងនៅប្រទេសថៃ នៅថ្ងៃទី២២ ខែធ្នូនេះ។ អ្នកដែលស្ថិតក្នុងកិច្ចពិគ្រោះក្រៅផ្លូវការនេះ រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា រដ្ឋមន្រ្តីការបរទេសថៃ រដ្ឋមន្រ្តីការបរទេសឡាវ អនុរដ្ឋមន្រ្តីវៀណាត និងរដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ានម៉ា។ 
  

កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីបញ្ហាមីយ៉ាន់ម៉ា ដែលត្រូវបានរៀបចំឡើងនៅប្រទេសថៃ ក្នុងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ រូបពីក្រសួងការបរទេសកម្ពុជា 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ កិច្ចប្រជុំក្រៅផ្លូវការ ដែលរៀបចំដោយភាគីថៃនេះ មានការចួលរួមពីរដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ដែលជាថ្នាក់ដឹកនាំក្នុងកម្រិតនយោបាយ ខណៈកន្លងមក មិនថាកិច្ចប្រជុំផ្លូវការ ឬកិច្ចប្រជុំក្រៅផ្លូវការ ថ្នាក់ដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ាក្នុងកម្រិតនយោបាយបែបនេះ មិនដែលត្រូវបានអញ្ជើញឡើយ ដោយត្រូវបានអញ្ជើញតែមន្រ្តីត្រឹមកម្រិតក្រោមនយោបាយប៉ុណ្ណោះ។ 

អត្ថបទទាក់ទង
 
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល តួអង្គដែលចូលរួមក្នុងកិច្ចប្រជុំខាងលើ បានសរសើរកម្ពុជា ក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងទាំង៥ចំណុច នៅមីយ៉ាន់ម៉ា និងការជួយផ្តល់ជំនួយដល់ប្រជាជនមីយ៉ាន់ម៉ា។ 
 
កិច្ចព្រមព្រៀងទាំង៥ចំណុច រួមមាន ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនានៅមីយ៉ាន់ម៉ា ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា ទី៥ បេសកជនពិសេស ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។ កិច្ចព្រមព្រៀងទាំង៥ចំណុចនេះ ត្រូវមេដឹកនាំអាស៊ានសម្រេចរួមគ្នាកាលពីខែមេសា ឆ្នាំ២០២១ ដើម្បីយកទៅអនុវត្តនៅមីយ៉ាន់ម៉ា។ 
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទសកម្ពុជា បញ្ជាក់ថា កិច្ចពិគ្រោះក្រៅផ្លូវការខាងលើ បានផ្តល់ឱកាសល្អសម្រាប់រដ្ឋមន្រ្តីការបរទេស និងតំណាង ពិភាក្សាគ្នាដោយបើកចម្ហ និងស្មោះត្រង់។ ក្រសួងការបរទេសកម្ពុជា សង្កត់ធ្ងន់ថា អ្វីដែលសំខាន់ជាងនេះ អង្គប្រជុំ បានផ្លាស់ប្តូរទស្សនៈគ្នាលើវិធីសាស្រ្តជាក់ស្តែងដែលអាចពន្លឿនការអនុវត្តកិច្ចព្រមព្រៀងទាំង៥ចំណុច រួមទាំងយុទ្ធសាសច្រកចេញ ដែលអាចជួយឲ្យមីយ៉ាន់ម៉ាវិលត្រឡប់ទៅរកប្រក្រតីភាព និងសន្តិភាពឲ្យបានឆាប់បំផុត៕ 
 

Tag:
 កម្ពុជា
  បញ្ហាមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com