ជាតិ
អភិបាលខេត្តកំពង់ស្ពឺ ផ្តល់ម៉ូតូម្នាក់១គ្រឿងដល់សិស្សនិទ្ទេស A ២២នាក់
23, Dec 2022 , 4:02 pm        
រូបភាព
ភ្នំពេញ៖ ដើម្បីលើកទឹកចិត្តដល់ការខិតខំសិក្សារបស់សិស្សានុសិស្ស លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រកាសផ្តល់រង្វាន់ម៉ូតូ(HONDA BEAT)ដល់សិស្សនិទ្ទេស A ទាំង២២នាក់ ម្នាក់មួយគ្រឿង។ នេះបើតាមការចេញផ្សាយលើហ្វេសប៊ុកផេកផ្លូវការរបស់លោក។

 
លោក វ៉ី សំណាង បានបង្ហាញអារម្មណ៍រីករាយចំពោះលទ្ធផលប្រឡងរបស់សិស្សានុសិស្សខេត្តកំពង់ស្ពឺតាមរយៈសំណេរលើហ្វេសប៊ុកផ្លូវការរបស់លោកដូច្នេះថា៖«សូមចូលរួមអបអរសាទរជាមួយក្មួយៗដែលសិស្សជ័យលាភីថ្នាក់ទី១២ សម័យប្រលងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ទាំងអស់។ ជាពិសេសសូមកោតសរសើរចំពោះក្មួយៗដែលទទួលបាននិទ្ទេស A ទាំង២២នាក់។ ដោយឡែកដើម្បីលើកទឹកចិត្តដល់ក្មួយៗ  អ៊ំនៅតែរក្សារង្វាន់ «ម៉ូតូ» ម្នាក់មួយដដែលសម្រាប់សិស្សនិទ្ទេស A»។
 
គួរបញ្ជាក់ផងដែរថា បេក្ខជនប្រឡងក្នុងខេត្តកំពង់ស្ពឺមានចំនួន ៤១០២នាក់ ដោយសិស្សបាននិទ្ទេសA ចំនួន ២២នាក់ និទ្ទេសB ចំនួន ២១៧នាក់ និទ្ទេសC  ចំនួន ៧៨២នាក់ ក់ និទ្ទេសD ចំនួន ១២៤៤នាក់ និងនិទ្ទេសE ចំនួន ១.២២៦នាក់។ 
 
លទ្ធផលនៃការប្រសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបានប្រកាសតាមបណ្តាខេត្តទាំងអស់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីការប្រកាសលទ្ធផលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរួចរាល់មុនមួយថ្ងៃ។ 
 
បេក្ខជន​ចំនួន ៩០ ៩៥០នាក់ ត្រូវជា​៧២,៣៣ភាគរយ បាន​ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យ​ប្រឡង ៥ ធ្នូ ២០២២។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងចំណោម​បេក្ខជន​ដែល​ប្រឡង​ជាប់ សិស្សនិទ្ទេស A មាន​១០៤៩នាក់ និទ្ទេស B មាន​៧២៣២នាក់ និទ្ទេស C មាន​១៩ ០៥៣នាក់ និទ្ទេស D មាន ៣១ ១៦៦នាក់ និងនិទ្ទេស E មាន ៣២ ៤៥០នាក់៕
 
 

Tag:
 បាក់ឌុប២០២២
  ខេត្តកំពង់ស្ពឺ
  លោក វ៉ី សំណាង
  សិស្សនិទ្ទេស A
© រក្សាសិទ្ធិដោយ thmeythmey.com