FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
មន្ត្រីរដ្ឋាភិបាលបារាំងនិងប្រធានសហព័ន្ធមិនពេញចិត្ត ចំពោះកីឡាករអាហ្សង់ទីន ដែលបានឌឺដងលើ Mbappe
× មន្ត្រីរដ្ឋាភិបាលបារាំងនិងប្រធានសហព័ន្ធមិនពេញចិត្ត ចំពោះកីឡាករអាហ្សង់ទីន ដែលបានឌឺដងលើ Mbappe ក្នុងការប្រារព្ធពិធីអបអរជ័យជម្នះក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ មន្ត្រីបារាំង ចាត់ទុកការឌឺដងនោះថា ជាចេតនាប្រមាថលើក្រុមបារាំង។
អំឡុងពេលក្រុមបាល់ទាត់អាហ្សង់ទីន ប្រារព្ធពិធីដង្ហែពានរង្វាន់ និងអបអរជ័យជម្នះខ្លួន ក្នុងទីក្រុង Buenos Aires នោះ អ្នកគាំទ្រក្រុមអាហ្សង់ទីនមួយចំនួនតូច បាននាំគ្នាដុតគម្របមឈូសដោយបានដាក់រូបថត ដែលមានមុខរបស់ Mbappe នៅលើនោះ។
អ្នកចាំទីដែលឈ្នះស្រោមដៃមាស Emiliano Martinez ក៏បានកាន់រូបកូនតុក្កតាទារកហហើយមានបិទរូបថតរបស់ Mbappe ដែលបង្ហាញពីការឌឺដងផងដែរ អំឡុងពេលដង្ហែពានរង្វាន់ World Cup។ រូបភាពទាំងពីរនោះ ទទួលបានការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក និងបង្ហាញការសោកស្តាយចំពោះទង្វើរនោះ។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែត Ouest France ប្រធានសហព័ន្ធបាល់ទាត់បារាំងលោក Noel Le Graet បានបង្ហាញភាពភ្ញាក់ផ្អើលចំពោះទង្វើទាំងនោះ ហើយលោកបានចាត់ទុកថា ជាការប្រមាថមកលើក្រុមកីឡាករបារាំងយ៉ាងខ្លាំង។
«វាពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង យើងនឹងចាប់ផ្តើមនិតិវិធីចំពោះរឿងនេះ ក្រុមកីឡាកររបស់យើង បានផ្តល់អ្វីគ្រប់យ៉ាងក្នុងការប្រកួតដ៏អស្ចារ្យមកកាន់ក្រុមបារាំង ដើម្បីទទួលបានភាពជោគជ័យ។ នេះជារឿងដែលសំខាន់ដែលយើងត្រូវតែគាំទ្រទៅកាន់ពួកគេ។លើបញ្ហានេះខ្ញុំក៏បានសរសេរសារទៅសហព័ន្ធអាហ្សង់ទីន ដោយខ្ញុំយល់ថាវាហាក់បីជារឿងដ៏ហួសហេតុក្នុងបរិបទនៃកីឡា។»។ លោក Le Graet បាននិយាយបែបនេះ។
មិនមែនត្រឹមតែប្រធានសហព័ន្ធបាល់ទាត់បារាំងម្នាក់ឡើយ ដែលបង្ហាញអារម្មណ៍មិនពេញចិត្ត លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង ក៏បាននិយាយប្រាប់វិទ្យុ Sud Radio អំពីអាកប្បកិរិយារបស់កីឡាករអាហ្សង់ទីនដូច្នេះថា៖«គ្មានភាពថ្លៃថ្នូរបន្តិចសោះ តើឯណាទៅការលេងដោយយុត្តិធម៌? វាគួរតែមានផ្តល់ការគោរពដល់គូប្រកួត ហើយគួរបង្ហាញការគោរពទៅដល់អ្នកដែលចាញ់ដែរ។ តើសហព័ន្ធបាល់ទាត់ពិភពលោកកំពុងតែធ្វើអ្វី?»។
Mbappe អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ទល់នឹងអាហ្សង់ទីន បានបង្ហាញទម្រង់លេងបានយ៉ាងល្អបំផុត ដោយបានស៊ុតបញ្ចូលទីតាមក្រុមអាហ្សង់ទីនរហូតដល់ទៅ ៣គ្រាប់ហើយ ដែលការប្រកួតឈានដល់ម៉ោងបន្ថែម ១២០នាទី ។ ប៉ុន្តែភ្នាក់ស្នៀតចាញ់បាល់កាត់សេចក្តី ១១ម៉ែត្រ។ Mbappe ឈ្នះស្បែកជើងមាសក្រោយរកបាន ៨គ្រាប់នៅព្រឹត្តិការណ៍ World Cup។
កាលពីថ្ងៃទី១៩ ខែធ្នូ សហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) ថ្កោលទោសចំពោះការរើសអើងជាតិសាសន៍តាមប្រព័ន្ធអ៊ីនធឺណិត ក្រោយក្រុមចាញ់អាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ FIFA Worl Cup នៅកាតា។ FFF សន្យាថានឹងចាត់វិធានការលើក្រុមរើសអើងទាំងនោះ ក្រោយកំណត់គោលដៅបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com