កីឡាអន្តរជាតិ
អន្តរជាតិ
តើអ្នកស្រី Antonela Rocuzzo ភរិយា Messi ជានរណា?
25, Dec 2022 , 9:29 am        
រូបភាព
ព្រឹត្តិការណ៍ពានរង្វាន់ World Cup 2022 វគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតា បានបញ្ចប់ទៅដោយភាពអស្ចារ្យ។​ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនបានសម្រេចក្តីស្រមៃគ្រងតំណែងកំពូលពិភពលោកសារជាថ្មីក្រោយរង់ចាំ៣៦ឆ្នាំ។  Lionel Messi ជាតួអង្គសំខាន់ ក្នុងការជួយអាហ្សង់ទីនឈ្នះជើងឯក World Cup ជាលើកទី៣។ Messi តែងទទួលបានកម្លាំងចិត្តពីភរិយា និងកូនៗសម្រាប់ការប្រកួតធំៗ។

 
ក្រោយជ័យជម្នះដ៏អស្ចារ្យនេះ ប្រធានក្រុមនៃក្រុមអាហ្សង់ទីនក៏តែងតែមានដៃគូជីវិតដ៏យូអង្វែងរបស់គេនៅពីក្រោយសម្រាប់ការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ត រួមទាំងក្តីស្រលាញ់ពីភរិយាខ្លួនអ្នកស្រី Antonela Rocuzzo រួមទាំងកូនៗ៣នាក់ឈ្មោះ Thiago Mateo និង Ciro។
 
អ្នកស្រី Antonela បានផ្ញើសារគាំទ្រក្រុមអាហ្សង់ទីន ជាពិសេសចំពោះ Messi ផ្ទាល់តែម្តង់ដែលជាកីឡាករដ៏សំខាន់មួយរូបដែលបានព្យាយាមជម្នះគ្រប់រឿងរ៉ាវទាំងអស់ រួមទាំងការផ្តោតអារម្មណ៍យកចិត្តទុកដាក់អំឡុងការប្រកួត World Cup។ 
  


អ្នកស្រីបានបង្ហាញអារម្មណ៍រីករាយនៅបណ្តាញ Instagram ដូច្នេះថា៖«ម្ចាស់ជើងឯកពិភពលោក ខ្ញុំមិនដឹងថានឹងនិយាយចាប់ពីចំណុចណាទៅ ពិតជាមានមោទកភាពណាស់ដែលយើងទទួលបានអារម្មណ៍ដ៏អស្ចារ្យនេះ ហើយក៏សម្រាប់ Messi។»។ 
 
ភរិយាតារាបាល់ទាត់ឆ្នើមលំដាប់ពិភពលោកអ្នកស្រី Antonela Roccuzzo ក៏ជាប្រជាជនកើតនៅក្នុងទីក្រុង Rosario ជាមួយ Messi ដែរ ដោយអ្នកស្រីកើតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ១៩៨៨ ហើយមកដល់ពេលនេះមានវ័យ ៣៤ឆ្នាំ។ អ្នកស្រីជាកូនស្រីទី២ ក្នុងចំណោមបងប្អូនស្រី ៣រូប ដែលមានឪពុកឈ្មោះ Jose Roccuzzo និង Patricia Blanco ហើយក្រុមគ្រួសារអ្នកស្រីផ្ទាល់ជាអ្នកម្ចាស់ជំនួញនៃផ្សារទំនើបមួយ។ 
 
ទាក់ទងទៅនឹងអាជីពផ្ទាល់ អ្នកស្រី Antonela បានបញ្ចប់សិក្សាផ្នែកទន្តសាស្ត្រនៅសកលវិទ្យាល័យ Universidad del Rosario ដែលជាសញ្ញាប័ត្រទីមួយ ហើយនៅសកលវិទ្យាល័យដដែល អ្នកស្រីក៏បានចុះឈ្មោះថ្នាក់បរិញ្ញាបត្រទី២ សិក្សាផ្នែកទំនាក់ទំនងសង្គម ប៉ុន្តែការរៀននេះបានត្រឹមមួយឆ្នាំប៉ុណ្ណោះ។ 
 
បច្ចុប្បន្នអ្នកស្រី Antonela ក៏ជាបុគ្គលដ៏មានឥទ្ធិពលមួយរូបផងដែរនៅលើបណ្តាញសង្គម ដោយនៅលើ Instagram របស់អ្នកស្រីផ្ទាល់មានចំនួនអ្នកតាមដានប្រមាណ ២៦លាននាក់ ហើយក្នុងគណនីទៀតសោតអ្នកស្រីក៏ជាអ្នកផ្សព្វផ្សាយនូវផលិតផលម៉ាកយីហោរល្បីៗ និងភាគច្រើនបំផុតនៃការបង្ហោះទាំងនោះគឺជាជិវិតរស់នៅប្រចាំថ្ងៃ ការកម្សាន្តជាមួយគ្រួសារ។
 
ប្រវត្តិនៃការជួបគ្នាដំបូងរវាងអ្នកស្រីជាមួយតារាបាល់ទាត់ឆ្នើម​ Messi បានកើតឡើងតាំងពីមានវ័យកុមារភាពមកម្ល៉េះដោយអ្នកទាំងពីរជាប្រជាជនកើតនៅក្នុងទីក្រុង Rosario ដូចគ្នា។ អ្នកទាំងពីរបានស្គាល់គ្នារហូតមានទំនាក់ទំនងស្នេហា តាមរយៈបងប្អូនជីដូនមួយរបស់អ្នកស្រី Antonela ដែលរូបគាត់ត្រូវជាមិត្តភក្ក័ជិតស្និទ្ធរបស់ Messi ហើយអំឡុងវិស្សមកាលអ្នកទាំងពីរក៏បានជួបគ្នាក្នុងសង្កាត់ដែលរស់នៅក្បែគ្នានោះ។
 
យ៉ាងណាមិញត្រឹមវ័យ ១២ឆ្នាំ Messi បានឃ្លាតឆ្ងាយពីក្រុមគ្រួសារក៏ដូចជាមិត្តភក្ក័ដើម្បីផ្តោតអារម្មណ៍លើបាល់ទាត់ ជាមួយក្លិប Barcelona ។ Messi បានចុះកុងត្រាជាមួយក្លិបយ្សអេស្ប៉ាញ តាំងពីកុមារដើម្បីសិក្សាបន្ថែមអំពីកីឡាបាល់ទាត់ រហូតរូបគេបានលេងឱ្យក្រុមនិងចាកចេញកាលពីឆ្នាំ ២០២១​។
  


ប៉ុន្តែអំឡុងពេលប្រកបអាជីពឱ្យក្រុមឈុតធំរបស់ Barcelona អ្នកស្រី Antonela និង Messi បានជួបគ្នាម្តងទៀតហើយអ្នកទាំងពីរក៏បានចាប់ផ្តើមទំនាក់ទំនងស្នេហាតែម្តង។ ដោយរូបភាពគូស្នេហ៍នៃទំនាក់ទំនងរបស់អ្នកទាំងពីរត្រូវបានថតនិងបានផ្សាយជាសារធារណៈលើកដំបូងនៅឆ្នាំ ២០០៩ ក្នុងកម្មវិធីសម្តែងតាមដងវិថី Sitges Carnival បន្ទាប់មកអ្នកទាំងពីរត្រូវបានគេឃើញនៅឆ្នេរសមុទ្រក្នុងទីក្រុង Ibiza និងនៅ Rio de Janeiro និងសួនកម្សាន្ត Disneyland។
 
នៅក្នុងឆ្នាំ ២០១២ ថ្ងៃទី២ ខែវិច្ឆិកា Messi និងអ្នកស្រី Antonela បានបង្កើតកូនប្រុសច្បងដំបូងដែលឈ្មោះ ​Thiago បន្ទាប់មកកូនទី២ Mateo ក្នុងឆ្នាំ ២០១៥ និងកូនប្រុសទី៣ Ciro ក្នុងឆ្នាំ២០១៨។ តែយ៉ាងណា Messi និងភរិយាបានរៀបចំពិធីមង្គលការនៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០១៧ ក្រោយមានកូន ២រូបរួចទៅហើយ៕
 
 

Tag:
 Lionel Messi
  Antonela Rocuzzo
  World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com