អន្តរជាតិ
ប៉ូលិសប៉េរូតែងខ្លួនជា «តាណូអែល» ហើយចាប់អ្នកជួញដូរគ្រឿងញៀនបាន៤នាក់
× មនុស្ស៤នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកញ្ចប់ថ្នាំកូកាអ៊ីន និងកញ្ឆា ក្នុងប្រតិបត្តិការមួយនៅក្រុង Lima ប្រទេសប៉េរូ កាលពីដើមសប្តាហ៍កន្លងមក។ ឈានដល់ការចាប់បានជនល្មើសទាំងនោះ គឺដោយសារតែពួកគេមិនចាប់អារម្មណ៍នឹងក្រុមប៉ូលិស ដែលបានតុបតែងខ្លួនធ្វើជាតាណូអែល។
មន្ត្រីប៉ូលិសប៉េរូ បានអះអាងប្រាប់សារព័ត៌មាន N+Media ថា ប្រតិបត្តិការស៊ើបអង្កេត និងតាមចាប់ជនល្មើស បានចាប់ផ្តើមឡើងអស់រយៈពេល៣ថ្ងៃ ដោយក្រុមប៉ូលិសតុបតែងខ្លួនជាសាន់តាក្លូស ហើយគ្រប់ច្រកល្ហកនៅតំបន់ Surquillo នៃក្រុង Lima។
«នេះជារដូវណូអែល ដូច្នេះបើមានលោកតាណូអែលដើរតាមផ្លូវច្បាស់ជាគ្មានអ្នកចាប់អារម្មណ៍ជាពិសេសនោះឡើយ។ យើងបានទាញយកឱកាសនេះដើម្បីបើកប្រតិបត្តិការ»។ លោក David Villanueva មន្ត្រីប៉ូលិសជាតិប៉េរូ បានបញ្ជាក់ប្រាប់ក្នុងបទសម្ភាសជាមួយ América TV។
តាមការស្រាវជ្រាវ ប៉ូលិសបានរកឃើញទីតាំងរបស់ក្រុមជនល្មើស ហើយប៉ូលិសស្រីមួយរូប បានយកញញួរវែងមួយទៅវាយបំបែកទ្វារឈើ ដើម្បីសម្រុកចូលចាប់ក្រុមល្មើសច្បាប់ទាំងនោះ។ ក្រុមជនល្មើសមិនបាននិយាយពាក្យ រីករាយថ្ងៃណូអែលនោះឡើយ ដោយពួកគេដឹងភ្លាមៗថា ជាក្រុមសមត្ថកិច្ច។
ជនល្មើស៤នាក់ ដែលមានប្រុស៣នាក់ និងស្រី១នាក់ ត្រូវបានចាប់ខ្លួន ជាមួយកូនកញ្ចប់ថ្នាំញៀនប្រភេទកូកាអ៊ីនតូចៗចំនួន៦ពាន់កញ្ចប់ ថ្នាំកូកាអ៊ីនចំនួន១០៤ថង់ និងកញ្ឆាចំនួន២៧៩ថង់។ កញ្ចប់ និងថង់ទាំងនោះ ត្រូវបានយកទៅទុកលាក់ក្នុងផ្ទះ។
ប៉េរូ ត្រូវបានចាត់ទុកជាមូលដ្ឋានមួយដែលផលិតកូកាអ៊ីនច្រើនជាងគេលើពិភពលោក ដូចជាកូឡុំប៊ី និងបូលីវី យ៉ាងដូច្នោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com