ជាតិ
សុខភាព
៤ ចំណុចសំខាន់ៗ ពី App «កំណត់ត្រាទឹកនោមផ្អែម CarnetDia»
25, Dec 2022 , 2:59 pm        
រូបភាព
ភ្នំពេញ៖ CarnetDia គឺជាឈ្មោះកម្មវិធីទូរសព្ទដៃមួយ ដែលត្រូវបានបង្កើតឡើងដោយគ្រូពេទ្យជំនាញទឹកនោមផ្អែមមួយក្រុម ដើម្បីថែទាំ និងតាមដានស្ថានភាពជំងឺទឹកនោមផ្អែម។ ពលរដ្ឋ អ្នកមានជំងឺទឹកនោមផ្អែម និងសាច់​ញាតិ អាចប្រើកម្មវិធីនេះបានដោយឥតគិតថ្លៃ តាមដានស្ថានភាពជំងឺទឹកនោមផ្អែម និងប្រើជាអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។



កម្មវិធី«CarnetDia កំណត់ត្រាទឹកនោមផ្អែម»  មានមុខងារសំខាន់ៗ ចំនួន៤ ដែលធ្វើឱ្យលោកអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖ 
វីដេអូ រូបភាព និង អត្ថបទ៖ ជាឯកសារអប់រំអំពីជំងឺទឹកនោមផ្អែម ជាភាសាជាតិ ហើយត្រូវបានផលិតឡើង ដោយមានការចូលរួមពីក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម។
 
កត់ត្រាតេស្ដជាតិស្ករ៖ ជាកំណត់ត្រាបែបឌីជីថល ងាយស្រួល រហ័ស និងសុវត្ថិភាព ដោយកាត់បន្ថយការប្រើប្រាស់ក្រដាស តាមទម្លាប់ពីមុនៗមក។ អ្នកជំងឺទឹកនោមផ្អែម ឬសាធារណជន អាចបង្កើតគណនីផ្ទាល់ខ្លួន ដើម្បីបញ្ចូលលទ្ធផលតេស្ដ និងរក្សាទុករាល់តេស្ដជាតិស្កររបស់ខ្លួន ទុកសម្រាប់តាមដាន ក៏ដូចជាបង្ហាញ ឬផ្ដល់ទៅកាន់វេជ្ជបណ្ឌិតឯកទេស។ ក្នុងនោះក៏មានការប្រើប្រាស់ បច្ចេកវិទ្យា Bluetooth ដើម្បីទាញយកលទ្ធផលតេស្ដជាតិស្ករដោយស្វ័យប្រវត្តិ ពីឧបករណ៍តេស្ដជាតិស្ករ (អាចដំណើរតែជាមួយ Android និង ឧបករណ៍តេស្ដតែមួយប្រភេទ) បញ្ជូនទៅរក្សាទុកក្នុងកម្មវិធី។  រាល់ទិន្នន័យទាំងអស់ គ្មានបុគ្គលណាម្នាក់ដឹងនោះឡើយ ប្រសិនបើពួកគាត់មិនបានចែករំលែកឱ្យដឹងនោះ។
 
រាប់ជំហាន៖ មុខងារនេះ ជួយលើកទឹកចិត្តអ្នកជំងឺ ឱ្យធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីជួយដល់សុខភាពរបស់ពួកគាត់ផងដែរ។
 
វាយតម្លៃ៖ ជាមុខងារវាយតម្លៃហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២ ។ សាធារណជនទូទៅ អាច​វាយតម្លៃខ្លួនឯង តាមរយៈការឆ្លើយនឹងកម្រងសំណួរដែលមាននៅក្នុងកម្មវិធី។ បន្ទាប់ពីបានផ្ដល់ចម្លើយរួចរាល់ អ្នកនឹងទទួលបានលទ្ធផលវាយតម្លៃ ពីកម្រិតហានិភ័យរបស់ខ្លួន ថាតើស្ថិតក្នុងដំណាក់កាលណាមួយ ដែលអាចប្រឈមមុខនឹងជំងឺទឹកនោមផ្អែម។ កម្រងសំណួរនេះ យកគំរូតាមប្រទេសអូស្ដ្រាលី និងជប៉ុន ហើយត្រូវបានកែសម្រួលបន្ថែម ឱ្យស្របនឹងបរិបទនៅកម្ពុជា។ 
 
វេជ្ជបណ្ឌិត (Telemedicine)៖ មុខងារនេះ សម្រាប់អ្នកជំងឺ និងវេជ្ជបណ្ឌិតធ្វើការទំនាក់ទំនងគ្នាជាប្រចាំ តាមការចាំបាច់ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩។ សាធារណជនទូទៅ ក៏អាចប្រើប្រាស់មុខងារនេះ ដើម្បីស្វែងរកវេជ្ជបណ្ឌិតណាម្នាក់ ដែលខ្លួនពេញចិត្តដើម្បីប្រឹក្សា ពិគ្រោះ និងព្យាបាល។ ក្នុងនោះដែរ ក៏មានបញ្ជីវេជ្ជបណ្ឌិតឯកទេស ប្រមាណជា ៦០រូបទៀតផង។
សាធារណជនអាចទាញយក App កំណត់ត្រាទឹកនោមផ្អែមឈ្មោះថា«CarnetDai» ពី App
Storeតាមតំណនេះ​ https://apps.apple.com/kh/app/carnetdia/id1435695534  និងពី Play Store
តាមរយៈតំណនេះ https://play.google.com/store/apps/details?id=kh.info.carnetdia ៕​ 
 
 

Tag:
 ជំងឺទឹកនោមផ្អែម
  CarnetDia
  កំណត់ត្រាទឹកនោមផ្អែម
© រក្សាសិទ្ធិដោយ thmeythmey.com