ជាតិ
សង្គមជាតិ
សាលាឆ្ងាយ ហើយគ្រួសារមិនសូវមាន​​លទ្ធភាព តែ​ ឡៃ សុភន តស៊ូរៀន​រហូត​បាននិទ្ទេស​ A
25, Dec 2022 , 5:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកផេក វិទ្យាល័យកំពង់ក្ដី
រូបភាពពីហ្វេសប៊ុកផេក វិទ្យាល័យកំពង់ក្ដី
រស់នៅទីដាច់ស្រយាលក្នុងភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង យុវតី ឡៃសុភន បានតស៊ូរៀន រហូតប្រឡងជាប់និទ្ទេស A ពីការប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិឆ្នាំ២០២២នេះក្នុងចំណោមបេក្ខជនជាប់និទ្ទេស A សរុប១១១នាក់ទូទាំងខេត្តសៀមរាប។ដោយសារជីវភាពលំបាក សុភន ធ្លាប់ត្រូវគ្រួសារស្នើ​ឱ្យឈប់រៀនហើយជួយរកលុយដើម្បីសម្រាលបន្ទុកគ្រួសារផងដែរ។

 
ឡៃ សុភន ជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់ដែលមានម្ដាយជាកសិករ និងឪពុក ជាអ្នកនេសាទ។ សុភន ជាសិស្សប្រឡងជាប់និទ្ទេស A មកពីវិទ្យាល័យកំពង់ក្ដីដែលគ្រួសារមានជីវភាពក្រខ្សត់ តែនាងនៅតែឱហាតរៀនសូត្រព្រោះចង់សម្រេចក្ដីស្រមៃក្លាយជាគ្រូពេទ្យនាពេលអនាគត។
 
ឆ្លើយប្រាប់សារព័ត៌មានថ្មីៗ សុភនថាម្ដងជាពីរដងម្ដាយធ្លាប់ចង់ឱ្យនាងឈប់រៀនហើយងាកមកជួយធ្វើស្រែ ឬរកការងារផ្សេងធ្វើដើម្បីជួយសម្រាលបន្ទុកគ្រួសារ តែនាងនៅតែជម្នះសុំម្ដាយទៅរៀនដោយប្ដេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រឱ្យល្អបំផុត។ អ្នកស្រី រី សុភាព ដែលជាម្ដាយរបស់សុភន បានលើកឡើងថា៖«ខ្ញុំធ្លាប់ចង់ឱ្យកូនឈប់ ព្រោះពិបាកពេក។ យើងអត់លុយឱ្យកូនរៀន​ហើយសាលាក៏ឆ្ងាយ អ៊ីចឹងខ្ញុំចង់ឱ្យឈប់មកជួយធ្វើស្រែ ធ្វើនេះធ្វើនោះ តែកូនមិនឈប់។អ៊ីចឹងមានតែឱ្យរៀនតទៅហ្នឹង»។
 
ស្រ្តីវ័យ៤៥ឆ្នាំរូបនេះមិនចាំឡើយថាបានចំណាយថវិកាប៉ុន្មានសម្រាប់កូនរៀន ដឹងត្រឹមមានតិចឱ្យតិចមានច្រើនឱ្យច្រើន ពេលខ្លះក៏គ្មានតែម្ដង។ អ្នកស្រី សុភាព សប្បាយចិត្តនិងមានមោកទភាពចំពោះលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កូនស្រីហើយក៏មានអារម្មណ៍សោកស្ដាយខ្លះៗ ដែលខ្លួនធ្លាប់ចង់ឱ្យកូនបោះបង់នាពេលកន្លងមក។អ្នកស្រី សុភាព ចង់ឱ្យកូនបន្តទៅថ្នាក់ឧត្តមសិក្សា ហើយរៀនអ្វីដែលចង់រៀនតែថាគ្មានលទ្ធភាពសម្រាប់ជួយផ្គត់ផ្គង់ឡើយ។ ស្រ្តីរូបនេះរំពឹងថានឹងការឧបត្ថម្ភពីសប្បុរសធម៌ ឬខាងសាលារៀនដើម្បីជួយកូនខ្លួនឱ្យបានសម្រេចបំណងផងដែរ។
 
អ្នកស្រី សុភាព ប្រាប់សារព័ត៌មានថ្មីៗដោយសម្ដីរដឺនដូច្នេះថា៖«ខ្ញុំឱ្យកូនទៅរៀនបើគេចង់ហើយបើមានគេជួយឱ្យកូនបានរៀន។ ព្រោះខ្ញុំគ្មានលទ្ធភាពទេ ត្រូវបង់អង្គការ (ធនាគារ) ផងកូនរៀនផង ហើយខ្ញុំលក់នំតិចតួច ធ្វើស្រែខ្លះ អ៊ីចឹងគ្មានលទ្ធភាពទេ»។ ក្រៅពី សុភន អ្នកស្រី សុភាពក៏ត្រូវបន្តផ្គត់ផ្គង់ការរៀនសូត្រកូនស្រីពៅម្នាក់ទៀតដែលពេលនេះនាងកំពុងរៀនថ្នាក់ទី១១។
 
យុវតី ឡៃ សុភន បញ្ជាក់ថា នាងត្រូវចំណាយយ៉ាងហោចណាស់២០ម៉ឺនរៀលក្នុងមួយខែលើថ្លៃរៀនបន្ថែម (បង់គួរ) សម្រាប់៣មុខវិជ្ជា មានគណិតវិទ្យា,រូបវិទ្យានិងគីមីវិទ្យា និងម្ហូបអាហារ រួមទាំងការស្នាក់នៅសាលាផងដែរ។ «ដោយសារផ្ទះខ្ញុំឆ្ងាយអ៊ីចឹងខ្ញុំត្រូវមកនៅសាលារហូតដល់ថ្ងៃអាទិត្យបានទៅផ្ទះ។ អ៊ីចឹងត្រូវចំណាយច្រើនម្ហូបអាហារ ទឹកភ្លើងត្រូវឱ្យសាលា១ខែ១ម៉ឺនរៀល ហើយរៀនគួរគណិត២ម៉ឺនរៀលក្នុងមួយខែហើយរូប និងគីមី១ម៉ឺនក្នុងមួយសប្ដាហ៍»។ នេះជាការលើកឡើងរបស់សុភន ដែលបន្តថា ចំពោះជីវវិទ្យា គ្រូឱ្យរៀនដោយមិនគិតថ្លៃឡើយ។
 
សុភន ថាថ្លៃចំណាយទាំងអស់គឺនាងពឹងផ្អែកលើគ្រួសារ ពុំមានការឧបត្ថម្ភពីខាងណាឡើយ។រៀងរាល់ចុងសប្ដាហ៍ ទំនេរពីការសិក្សា សុភន ក៏ឆ្លៀតធ្វើការងារខ្លះៗដូចជាស៊ីឈ្នួលច្រូតស្រូវ និងបេះចន្ទីឱ្យគេដើម្បីបានលុយខ្លះសម្រាប់ផ្គត់ផ្គង់ការចំណាយរបស់នាងផងដែរ។ សុភន ថានិទ្ទេស A ដែលនាងទទួលបាននេះមិនពិបាកខ្លាំងនោះឡើយ បើសិនជាខិតខំរៀន ហើយមានការតាំងចិត្ត។ សុភន ថាបើសិនជាមានឱកាសនាងចង់បន្តថ្នាក់បរិញ្ញាបត្រផ្នែកឱសថសាស្រ្ត ប៉ុន្តែបើសិនជាគ្មានលទ្ធភាពនាងនឹងទៅដាក់ពាក្យប្រឡងគ្រូ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ៕ 
 
 

Tag:
 បាក់ឌុប
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com