អន្តរជាតិ
លោក ពូទីន ថា លោកខាងលិចចង់ហែករុស្ស៊ី
× ថ្លែងក្នុងកិច្ចសម្ភាសដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៥ ខែធ្នូ រិះគន់លោកខាងលិចថាព្យាយាមបំបែកបំបាក់រុស្ស៊ី។ លោកក៏បែរជាអះអាងវិញថា ប្រតិបត្តិការសឹករបស់ខ្លួននៅអ៊ុយក្រែនគឺដើម្បីបង្រួបបង្រួមប្រជាជនរុស្ស៊ីតែប៉ុណ្ណោះ។
ក្នុងចំណោមហេតុផលផ្សេងទៀត ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បើកការវាយប្រហារនៅអ៊ុយក្រែន១០ខែមកនេះដោយអះអាងថា ប្រជាជនរុស្ស៊ី និងអ៊ុយក្រែនជាពូជសាសន៍តែមួយដោយផ្អែកលើប្រវត្តិសាស្រ្តរុស្ស៊ី។ បើតាមលោក ពូទីន អ្នកប្រឆាំងនយោបាយភូមិសាស្រ្តរុស្ស៊ីមានបំណងហែកហួររុស្ស៊ី។
«បំបែកបំបាក់ ហើយដណ្តើមយក នោះជាអ្វីដែលពួកគេតែងតែព្យាយាមសម្រេច ហើយនៅតែស្វះស្វែងធ្វើ»។ មេដឹកនាំរុស្ស៊ី លើកឡើងបែបនេះដោយសំដៅលោកខាងលិចក្នុងបទសម្ភាសមួយដែលចេញផ្សាយតាមទូរទស្សន៍រដ្ឋរុស្ស៊ីនៅថ្ងៃទី២៥ ខែធ្នូ។
លោក ពូទីន បន្ថែមថា ប៉ុន្តែគោលបំណងរបស់ក្រុងមូស្គូគឺខុសគ្នា ហើយនោះគឺបង្រួបបង្រួមប្រជាជនរុស្ស៊ី ហើយរដ្ឋាភិបាលរបស់លោកធ្វើតាមការសម្រេចដ៏ត្រឹមត្រូវក្នុងការការពារប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជន និងពូជសាសន៍រុស្ស៊ី។
ជាមួយគ្នានេះ ប្រធានាធិបតីរុស្ស៊ីក៏បានបញ្ជាក់ជាថ្មីថា ក្រុងមូស្គូត្រៀមជាស្រេចដើម្បីចូលតុចរចា។ ប៉ុន្តែ ទាក់ទងប្រព័ន្ធការពារមីស៊ីល Patriot ដែលអាម៉េរិកនឹងបញ្ជូនឱ្យអ៊ុយក្រែនជាលើកដំបូងវិញ លោកអះអាងថានឹងកម្ទេចវា១០០ភាគរយ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្វើដំណើរទៅអាម៉េរិកដែលជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងតាំងពីសង្រ្គាមក្នុងប្រទេស។ ទន្ទឹមនោះ ក្រសួងការពារជាតិអាម៉េរិកប្រកាសផ្តល់ជំនួយយោធាដល់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់១,៨៥ ពាន់លានដុល្លារបន្ថែមទៀត។ ក្នុងនោះរួមមានប្រព័ន្ធការពារមីស៊ីល Patriot ដែលជាប្រភេទប្រព័ន្ធការពារមីស៊ីលដែលបាញ់ពីអាកាសមកទីដីដ៏ទំនើប ហើយមានសមត្ថភាពបាញ់ទម្លាក់មីស៊ីល យន្តហោះ និងមីស៊ីលបាលីស្ទិកចម្ងាយខ្លី៕
© រក្សាសិទ្ធិដោយ thmeythmey.com