ជាតិ
សម្ដេច ហ៊ុន សែន៖ ការឡើងថ្លៃ ឬចុះថោកតម្លៃជ្រូក ត្រូវថ្លឹងថ្លែងរវាងអ្នកចិញ្ចឹម និងអ្នកទទួលទាន សម្ដេច ហ៊ុន សែន នៅពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ថ្ងៃទី២៦ ខែធ្នូ។ រូបពី SPM
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ការឡើងថ្លៃ ឬចុះថោកតម្លៃជ្រូក គឺជាបញ្ហា ដែលទាមទារឱ្យរដ្ឋាភិបាល រកដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យមានតុល្យភាព រវាងអ្នកចិញ្ចឹម និងអ្នកទទួលទាន។
«ការដាំក្បាលចុះ នៃតម្លៃជ្រូកនៅពេលនេះ បានធ្វើឱ្យកសិករមិនសប្បាយចិត្ត ហើយនាំគ្នាជេរប្រទេច រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឬរដ្ឋាភិបាល។ ប៉ុន្តែ ពួកគេអត់ដឹងថា ជ្រូកចុះថោក ឬឡើងថ្លៃ ប៉ះពាល់ដល់ពលរដ្ឋក្នុងទំហំប៉ុណ្ណានោះទេ»។ នេះជាការលើកឡើងរបស់ សម្ដេច ហ៊ុន សែន នៅពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ថ្ងៃទី២៦ ខែធ្នូ។
សម្ដេច សន្និដ្ឋានថា សព្វថ្ងៃ នៅកម្ពុជា មានអ្នកចិញ្ចឹមជ្រូកប្រហែល១ម៉ឺនគ្រួសារ ខណៈអ្នកទទួលទានរាប់លាននាក់។ ក្នុងនោះ អ្នកទទួលទាន ទាមទារឱ្យសាច់ជ្រូកចុះថោក រីឯអ្នកចិញ្ចឹមវិញ ចង់ឱ្យជ្រូកបានតម្លៃខ្ពស់។ បច្ចុប្បន្ន រដ្ឋាភិបាល កំពុងថ្លឹងថ្លែង ធ្វើយ៉ាងណា ឱ្យតម្លៃជ្រូកនៅចំណុចកណ្ដាល ដែលផ្ដល់ផលចំណេញដល់ភាគីទាំងពីនេះ។
សម្ដេច ថ្លែងយ៉ាងដូច្នេះថា៖«អ្នកទទួលទានសាច់ជ្រូក គឺចង់ឱ្យសាច់ជ្រូកថោក ហើយអ្នកចិញ្ចឹម ចង់ឱ្យជ្រូកថ្លៃ អ៊ីចឹង ឥឡូវនេះ រដ្ឋាភិបាលស្ថិតលើការប្រតិកម្មរបស់ពលរដ្ឋ។ ម្ខាង១ម៉ឺនគ្រួសារ ទាមទារឱ្យរដ្ឋាភិបាល ធ្វើយ៉ាងម៉េច ឱ្យសាច់ជ្រូកហ្នឹងឡើងថ្លៃ ដើម្បីការចិញ្ចឹមមានផលចំណេញ។ ក្នុងនោះ ពលរដ្ឋជាច្រើនលានគ្រួសារ ដែលអត់ចិញ្ចឹមជ្រូក ចង់ឱ្យសាច់ជ្រូកថោក។ តម្រូវចិត្ត តែម្ខាងក៏អត់ត្រូវដែរ ដូច្នេះហើយ យើងត្រូវរកវិធី ដើម្បីឱ្យមានតុល្យភាព»។
នាយករដ្ឋមន្រ្តី អះអាងថា បញ្ហាដែលលំបាក សម្រាប់វិស័យកសិកម្មនៅពេលនេះ គឺការផលិតបានហើយ តែគ្មានទីផ្សារ។ ដូច្នេះ តម្រូវឱ្យមេដឹកនាំ រៀបចំផែនការចល័ត និងដាក់ចេញគោលដៅ ទៅតាមការរីកចម្រើន របស់ពលរដ្ឋ។
យោងតាមទិន្នន័យរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ តម្លៃជ្រូករស់ លក់មុខកសិដ្ឋាន ទូទាំងប្រទេស មានតម្លៃប្រហែល ៧៨០០រៀល ក្នុងមួយគីឡូក្រាម៕
Tag:
កសិកម្ម
សម្ដេច ហ៊ុន សែន
ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com