FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Premier League មាន​៧ប្រកួតក្នុង​ថ្ងៃ​ Boxing Day នា​រាត្រីនេះ
26, Dec 2022 , 3:09 pm        
រូបភាព
ការប្រកួតពានរង្វាន់ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២២-២៣ បានវិលត្រលប់មកវិញហើយថ្ងៃទី២៦ ខែធ្នូ នេះ ​ដោយជំនួបចំនួន ៧គូ ត្រូវបន្តការប្រកួតប្រជែងគ្នាដណ្តើមពិន្ទុបន្តចាប់ផ្តើមរាត្រីនេះទៅ។ ក្របខណ្ឌ Premier League បានវិលត្រលប់មកវិញក្រោយព្រឹតិ្តការណ៍ World Cup 2022 បានបញ្ចប់ទៅបានត្រឹម ១សប្តាហ៍ប៉ុណ្ណោះ។

 
ការវិលត្រលប់មកវិញនៃក្របខណ្ឌ Premier League រាត្រីនេះគឺនៅចំថ្ងៃ Boxing Day តែម្តងដែលក្របខណ្ឌកំពូលអង់គ្លេសមួយនេះតែងតែមានការប្រកួតជារៀងរាល់រដូវកាល។ Boxing Day គឺជា​ថ្ងៃ​បន្ទាប់ពី​ពិធីបុណ្យ​ណូអែល ពោលគឺ​ថ្ងៃទី២៦ ខែធ្នូ ដែល​គេ​និយម​ប្រារព្ធ​ឡើង​នៅ​លោកខាងលិច។ នៅថ្ងៃនេះ អ្នកបម្រើ និង​និ​យោ​ជិ​ក​នានា​តែងតែ​ទទួលបាន​នូវ​ប្រអប់​ដែលជា​អំណោយ (Christmas box) ពី​ចៅហ្វាយ ថៅកែ ឬ​ន​យោជក​របស់ខ្លួន។ រីឯនេះ Boxing Day ត្រូវបាន​គេ​ចាត់ទុកជា​ថ្ងៃ​នៃ​ការផ្តល់​អំណោយ​ដល់​ជនក្រីក្រ ហើយ​ហាង​លក់ទំនិញ​នានា​ក៏បាន​ធ្វើ​ការលក់​បញ្ចុះតម្លៃ​ផងដែរ។
 
មាន់ខ្នាយ​មាស​ ​Tottenham Hotspur ក្រុមចំណាត់ថ្នាក់លេខ៤ នៃតារាង Premier League នឹងត្រូវចាប់ផ្តើមការប្រកួតដំបូងគេបង្អស់ដោយធ្វើដំណើរទៅកាន់ទឹកដីកីឡដ្ឋាន Gtech Community ប្រកួតទល់ក្រុមម្ចាស់ផ្ទះ Brentford ចំណាត់ថ្នាក់លេខ១០ក្នុងតារាង វេលាម៉ោង ៧:៣០យប់។ 
 
ការប្រកួតក្នុងកីឡដ្ឋាន Selhurst Park វេលាម៉ោង ១០យប់​ក្រុម​ Crystal Palace ដឹកនាំដោយលោក Patrick Vieira នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ​ Fulham ដែលដឹកនាំដោយលោក Marco Silva។ Crystal Palace នៅចំណាត់ថ្នាក់លេខ ១១ ត្រូវទទួល Fulham ចំណាត់លេខ៩ ដែលមាន ៩ពិន្ទុដូចគ្នា។
 
​ជំនួបក្នុងកីឡដ្ឋាន Goodison Park ម្ចាស់ផ្ទះ Everton ដែលដឹកនាំដោយលោក Prank Lampard នឹងកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១៧ ក្នុងតារាងត្រូវទទួលស្វាគមន៍ក្រុមបាតតារាង Wolverhampton Wanderers វេលាម៉ោង ១០យប់។
 
​Leicester City របស់លោក Brandan Rodgers ស្ថិតនៅចំណាត់ថ្នាក់លេខ១៣ នឹងត្រូវទទួលស្វាគមន៍ក្រុមខ្លាំងកំពុងឡើងជើង Newcastle United ចំណាត់ថ្នាក់លេខ៣ របស់លោក Eddie Howe ក្នុងកីឡដ្ឋាន King Power Stadium វេលាម៉ោង ១០យប់។
 
ក្រុមលំដាប់ទី១៩ បាតតារាំងមួយទៀត ​Southampton នឹងទទួលស្វាគមន៍ក្រុម Brighton & Hove Albion ចំណាត់ថ្នាក់លេខ៧ ក្នុងកីឡដ្ឋាន ​St. Mary’s វេលាម៉ោង ១០យប់។ Southampton កំពុងត្រូវការប្រជែងពិន្ទុខ្លាំងដើម្បីគេចផុតពីតំបន់កាត់ចោល។
 
ការប្រកួតដ៏តានតឹងនិងជក់ចិត្តសម្រាប់ Premier League សប្តាហ៍នេះវេលាម៉ោង ០០:៣០យប់ Aston Villa ចំណាត់ថ្នាក់ទី១២ ដែលដឹកនាំដោយលោក Unai Emery អ្នកចាត់ការថ្មីទើបដឹកនាំបានត្រឹមតែប៉ុន្មានប្រកួតក្រោយផ្លាស់មកពីទឹកដីអេស្ប៉ាញត្រូវស្វាគមន៍ Liverpool របស់លោក Jurgen Klopp ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៦។​
 
ជំនួបចុងក្រោយវេលាម៉ោង ៣យប់រំលងអាធ្រាត្រ​ លោក Mikel Arteta នឹងដឹកនាំកាំភ្លើងធំ ​Arsenal ក្រុមនាំមុខកំពូលតារាង បើកទ្វារកីឡដ្ឋាន ​Emirate ទទួលបានស្វាគមន៍ក្រុមភ្ញៀវ West Ham United របស់លោក ​David Moyes៕
 
 
 

Tag:
 World Cup
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com