រថយន្ត
អន្តរជាតិ
រថយន្តវៀតណាម VF8 មិនសូវ​ត្រូវប៉ាន់​នៅទីផ្សារអាម៉េរិកឡើយ ដោយសាររត់មិនបាន​ឆ្ងាយ
26, Dec 2022 , 8:29 pm        
រូបភាព
ដោយ: ធីតា
ក្រុមហ៊ុន VinFast របស់​វៀតណាម បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ប្រជ្រៀតខ្លួន​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនីពិភពលោក។ ប៉ុន្តែ​ឧបសគ្គ​ក៏បាន​កើតឡើង​ដំណាល​គ្នា​ផងដែរ ដោយសារម៉ូដែល​រថយន្ត VF8 រត់បាន​ចម្ងាយ​តែ២៨៨គីឡូម៉ែត្រ​ប៉ុណ្ណោះក្នុងការបញ្ចូល​ចរន្ត​ម្តង ដូច្នេះ​វាមិន​បាន​ឆ្លើយ​តបពេញលេញទៅនឹង​តម្រូវការ​របស់អតិថិជន​អាម៉េរិក​បាន​ឡើយ។

 
កាលពី​ខែវិច្ឆិកា កន្លងមក VinFast បាន​នាំ​ចេញ​រថយន្តអគ្គិសនី VF8 ចំនួន​៩៩៩គ្រឿង​ដំបូង​ទៅ​កាន់​ទីផ្សារអាម៉េរិក ហើយនឹង​បន្ត​នាំ​ចេញ VF9 នា​ដើម​ឆ្នាំ​២០២៣។ បន្ទាប់ពី​ទីផ្សារអាម៉េរិក ក្រុមហ៊ុន​យានយន្ត​វៀតណាម ក៏​ត្រៀម​នាំ​ចេញ​ផលិត​ផល​របស់ខ្លួន​ទៅ​កាន់កាណាដា និងអឺរ៉ុប ផងដែរ។
 
លោក Nguyen Viet Quang អនុប្រធាន និងជាអគ្គនាយក Vingroup បាន​លើកឡើងថា៖ «ការនាំ​ចេញ​ VF8 ចំនួន​៩៩៩គ្រឿង​ជាលើកដំបូង គឺ​ជា​ដំណាក់កាលដ៏ចង​ចាំ​របស់ VinFast និង Vingroup ហើយ​ក៏ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ផង​ដែរ​សម្រាប់​ឧស្សាហកម្ម​យានយន្ត​វៀតណាម»។
 
ជាមោទកភាព​សម្រាប់​វៀតណាម ប៉ុន្តែ​គេ​ក៏បាន​មើល​ឃើញ​បញ្ហា​ដំណាល​គ្នា​ផងដែរ ដោយសារអតិថិជន​អាម៉េរិក មិន​សូវ​ចាប់​អារម្មណ៍​លើ VF8 City Edition នេះឡើយ។ ទោះជា​រថយន្តអគ្គិសនី​១០០ភាគរយពិត​មែន ប៉ុន្តែ​ការ​រត់បាន​ចម្ងាយ​ផ្លូវ​តិចជាង​៣០០គីឡូម៉ែត្រ វាពិតជាពិបាក​ណាស់​ក្នុងការ​ប្រកួត​ប្រជែងទីផ្សារ​ជាមួយ​ក្រុម​ហ៊ុន​ធំៗ​ផ្សេងទៀតនៅអាម៉េរិក។
 
នៅសហរដ្ឋអាម៉េរិក រថយន្តអគ្គិសនីអាច​រត់បាន​ប្រមាណ​៤០២គីឡូម៉ែត្រ​រាល់​ការ​សាក​ថ្មមួយ​លើក ដូច្នេះ​ចម្ងាយ​តែ​២៨៨គីឡូម៉ែត្រ គឺ​មាន​កម្រិត​២១ភាគរយ​ទាប​ជាង​ចម្ងាយ​ផ្លូវ​ធម្មតា​។ ជាមួយ​នឹង​តម្លៃ​ដំបូងជិត៦ម៉ឺន​ដុល្លារអាម៉េរិក ក៏​ពិបាក​ប្រកួត​ប្រជែង​ផងដែរ។
 
សម្រាប់​រថយន្តដែលមាន​កម្រិត​ប្រហាក់​ប្រហែល​ Audi Q4 50 e-tron មាន​តម្លៃ​ប្រមាណ​៥៥ ២០០​ដុល្លារ ដោយរត់បានចម្ងាយ​៣៨០គីឡូម៉ែត្រ, Cadillac Lyriq Propulsion តម្លៃ​ ៦២ ៩៩០ដុល្លារ (៥០២គីឡូម៉ែត្រ), Tesla Model Y តម្លៃ​ ៥២ ២០០ដុល្លារ (៤៥៥គីឡូម៉ែត្រ), Tesla Model Y Grande Autonomy តម្លៃ ៦៥ ៩៩០​ដុល្លារ (៥៣១គីឡូម៉ែត្រ)៕
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com