ជាតិ
សង្គមជាតិ
រថភ្លើង១គ្រឿងនៅកម្ពុជា រត់រហូតឆេះម៉ាស៊ីនភ្លើង
26, Dec 2022 , 5:29 pm        
រូបភាព
រថភ្លើង១គ្រឿងរបស់ក្រុមហ៊ុន Royal Rail Way បានឆេះក្បាលម៉ាស៊ីនភ្លើង ក្នុងអំឡុងកំពុងរត់ដឹកទំនិញ។ ហេតុការណ៍ឆេះក្បាលម៉ាស៊ីនរថភ្លើងនេះ កើតឡើងនៅចំណុចភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។



នាយកដ្ឋានផ្សព្វផ្សាយអប់រំនៃក្រសួងមហាផ្ទៃ បានផ្សាយលើគេហទំព័រ ដោយផ្អែកតាមសម្តីរបស់លោកវរសេនីយ៍ទោ​ ប៉ាង​ ផង់​ អធិការស្តីទីនៃនគរបាលស្រុកថ្មគោលថា ​ មូលហេតុ គឺបណ្តាលមកពី​ក្បាលរថភ្លើងតូច តែសណ្តោងទូចំនួន១២ទូ ដែលផ្ទុកស្រូវដល់ទៅ៧២០តោន ដែលលើសកម្លាំងម៉ាស៊ីន ទើបធ្វើឲ្យម៉ាស៊ីន ប្រឹងអូសរហូតកកិតចេញផ្កាភ្លើង ហើយក៏ឆាបឆេះតែម្តង។

លោកអធិការស្តីទីរូបនេះ អះអាងថា ក្បាលម៉ាស៊ីនរថភ្លើង ខូចប្រហែល៥០ភាគរយ តែមិនបង្កឲ្យមានរបួសដល់មនុស្ស និងមិនមានការខូចខាតដល់ស្រូវឡើយ។ កម្លាំងនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងទៅចុះពន្លត់អគ្គិភ័យនេះ រហូតដល់អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕
 

Tag:
 ករណីឆេះរថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com