អន្តរជាតិ
មន្រ្តីប៉ាឡេស្ទីនថា រដ្ឋាភិបាលលោក ណេតាន់យ៉ាហ៊ូ ចង់បោះបង់ដំណោះស្រាយរដ្ឋពីរ​ ហើយលេបទឹកដីប៉ាឡេស្ទីន
26, Dec 2022 , 5:39 pm        
រូបភាព
ដោយ:
មន្រ្តីជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់ នៅថ្ងៃទី២៥ ខែធ្នូ អះអាងថា រដ្ឋាភិបាលអ៊ីស្រាអែលថ្មីដែលបង្កើតដោយនាយករដ្ឋមន្រ្តីជាប់ឆ្នោត បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងតែជំនួសសន្តិភាព និងដំណោះស្រាយរដ្ឋពីរ ជាមួយនឹងការលេបទឹកដី  ហើយការតាំងលំនៅនៅទឹកដីជម្លោះមិនដាច់ស្រេចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលវិញ។

 
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលដែលកាន់តំណែងយូរបំផុត លោក Benjamin Netanyahu និងប្លុកស្តាំនិយមរបស់លោកឈ្នះការបោះឆ្នោតសភាកាលពីខែវិច្ឆិកា។ លោក Netanyahu ប្រកាសនៅថ្ងៃទី២៣ ខែធ្នូ ថាបានជោគជ័យបង្កើតរដ្ឋាភិបាលចម្រុះហើយ។ 
 
ពាក់ព័ន្ធរឿងនេះ សមាជិកគណៈកម្មាធិការប្រតិបត្តិអង្គការរំដោះប៉ាឡេស្ទីន លោក Ahmad Majdalani ព្រមាននៅថ្ងៃទី២៥ ខែធ្នូ ថា រដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអែលនេះគឺជាផ្លាស់ប្តូរទាំងស្រុងនៃលក្ខណៈនយោបាយ និងអភិបាលកិច្ច។ លោកបន្ថែមថា ដំណើរការសន្តិភាព និងជម្រើសដំណោះស្រាយរដ្ឋពីរលែងមាននៅក្នុងរបៀបវារៈរដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអែលទៀតហើយ។
 
«រដ្ឋាភិបាលស្តាំនិយមជ្រុលបានផ្លាស់ប្តូរដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា និងដំណោះស្រាយរដ្ឋពីរដើម្បីដោះស្រាយបញ្ហាអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាមួយនឹងការលេបទឹកដី តាំងទីលំនៅ និងបោសសម្អាតជនជាតិភាគតិច»។ លោក Majdalani ប្រាប់វិទ្យុសំឡេងប៉ាឡេស្ទីនបែបនេះ។ 
 
មន្រ្តីប៉ាឡេស្ទីនជាន់ខ្ពស់រូបនេះបញ្ជាក់ថា ផែនការរបស់រដ្ឋាភិបាលថ្មីនេះនឹងបញ្ឆេះជម្លោះម្តងទៀត ហើយ​ប៉ាឡេស្ទីនក៏នឹងមិនមែនជាភាគីតែមួយដែលបេ្តជា្ញលើកិច្ចព្រមព្រៀងនោះទៀតដែរ។ 
 
ដំណោះស្រាយរដ្ឋពីរនេះសំដៅលើការៀបចំ និងបែកចែកទឹកដីជាពីររដ្ឋរវាងជនជាតិជី្វហ្វរបស់អ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីនឱ្យរួមរស់ជាមួយគ្នាក្នុងតំបន់តែមួយ ពោលគឺនៅលើទឹកដីរបស់ប៉ាឡេស្ទីនមុនអ៊ីស្រាអែលកាន់កាប់។ អ៊ីស្រាអែលគ្រប់គ្រងតំបន់ហ្ស៊េរុយសាឡិមខាងលិចតាំងពីឆ្នាំ១៩៤៨មកម្ល៉េះ ខណៈដណ្តើមបានតំបន់ហ្ស៊េរុយសាឡិមខាងកើតក្នុងឆ្នាំ១៩៦៧ ហើយក៏បានលេបទីក្រុងនេះពីប៉ាឡេស្ទីនទាំងស្រុងនៅឆ្នាំ១៩៨០។
 
ប៉ុន្តែដំណោះស្រាយរដ្ឋពីរនេះបានជាប់គាំង ដែលកិច្ចចរចាសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនចុងក្រោយបំផុតគឺនៅឆ្នាំ២០១៤។ ប៉ាឡេស្ទីនចង់បង្កើតរដ្ឋប៉ាឡេស្ទីននៅលើទឹកដីដែលអ៊ីស្រាអែលកាន់កាប់ក្នុងឆ្នាំ ១៩៦៧ រួមទាំងតំបន់ West Bank និង Gaza Strip ដោយមានហ្ស៊េរុយសាឡិមខាងកើតជារដ្ឋធានីរបស់ខ្លួន៕
 
 
 
 

Tag:
 អ៊ីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com