កីឡាអន្តរជាតិ
អន្តរជាតិ
Premier League ៖ Arsenal បន្តភាពខ្លាំង ដោយយកឈ្នះ West Ham ឯ Newcastle ឡើងលេខ២
27, Dec 2022 , 10:59 am        
រូបភាព
ក្រុមកាំភ្លើងធំ Arsenal វិលត្រលប់មកកាន់ការប្រកួតក្របខណ្ឌ ​Premier League ដោយបន្តភាពខ្លាំងរបស់ខ្លួននៅដដែល ដោយបានបំបាក់ក្រុមភ្ញៀវ West Ham United ក្នុងទឹកដីកីឡដ្ឋាន Emirates ក្នុងលទ្ធផល ៣-១ ។ Arsenal បន្តនាំមុខកំពូលតារាង មានពិន្ទុដាច់ក្រុមលេខ២ ដល់ទៅ ៧ពិន្ទុដដែល។



ក្រុមកីឡាករវ័យក្មេងកំពុងមានទេព្យកោសល្យល្អៗ បានបង្ហាញការចាប់អារម្មណ៍ និងភាពទាក់ទាញខ្លាំងក្រោមការដឹកនាំរបស់លោក Mikel Arteta ជាអ្នកចាត់ការទូទៅ ខណៈកាន់លោក Arsene Wenger ក៏បានអង្គុយទស្សនាការប្រកួតនេះដែរ។ លោក Wenger បានវិលត្រលប់មកកាន់ទឹកដី Emirates លើកដំបូង ចាប់តាំងពីបានប្រកាសលាលែងពីតំណែងអ្នកចាត់ការក្រុមកាលពីឆ្នាំ ២០១៨ ក្រោយដឹកនាំបានរយៈពេល ២២ឆ្នាំ។
 
កីឡាករ Bukayo Saka, Gabriel Martinelli និង Eddie Nketiah របស់ Arsenal បាននាំជ័យជម្នះមកកាន់ក្រុម ក្រោយពេលកីឡាករ Said Benrahma ស៊ុតនាំមុខមុនឱ្យ West Ham។
ជ័យជម្នះបានជួយឱ្យ Arsenal រក្សាកំណត់ត្រាឈ្នះការប្រកួតលីគកំពូលអង់គ្លេសជាជំនួបក្នុងទឹកដីកីឡដ្ឋាន Emirates ឱ្យស្ថិតនៅ ១០០ភាគរយដដែល ដោយពួកគេមាន ៤០ពិន្ទុនាំមុខនៅកំពូលតារាង ពីការប្រកួតចំនួន ១៥លើក។ ចំណាត់ថ្នាក់បណ្ណោះអាសន្ន កាំភ្លើងធំនាំមុខក្រុមលេខ២ Newcastle United ដាច់ ៧ពិន្ទុ ដែលជាក្រុមលេងបានចំនួន ១៦ប្រកួត ខណៈក្រុម ​Manchester City ឈរលេខ៣ មាន៣២ពិន្ទុលេងបានត្រឹមសប្តាហ៍ទី១៤។
 
ចំណែក Newcastle United ឈានជើងឡើងមកកាន់ចំណាត់ថ្នាក់លេខ២ បណ្ណោះអាសន្នលើ Man City ក្រោយបំបាក់ក្រុមម្ចាស់ផ្ទះ Leicester City ដែលដឹកនាំដោយលោក Brendan Rodgers លទ្ធផល ៣-០។ 
 
ចាប់ផ្តើមការប្រកួតមិនដល់ ២នាទីផងនោះ Newcastle ទទួលបានបាល់ពិន័យ ១១ម៉ែត្រតែម្តងពីក្រុមម្ចាស់ផ្ទះ ដោយកីឡាករខ្សែការពារ Daniel Amartey បានបង្កកំហុសពីការបង្ហាញខ្លួនក្នុងការប្រកួតដ៏អាក្រក់របស់គេ។ កីឡាករ Chris Wood ស៊ុតបំប៉ោងសម្រេចសំណាញ់ទីនាទី៣ មុន Miguel Almiron បន្ថែមគ្រាប់ទី២ នាទី៧ យ៉ាងឆាប់រហ័ស និងគ្រាប់ទី៣ រកបានដោយ Joelinton នាទី៣២។ ការប្រកួតវគ្គទីពីរគ្មានលទ្ធផលប្រែប្រួលឡើយ។
 
ខាងក្រោមនេះជាលទ្ធផលការប្រកួតរបស់គូដទៃផ្សេងទៀត៖
 
Brentford ស្មើ ២-២ Tottenham Hotspur
 
Southampton ចាញ់ Brighton & Hove Albion ៣-១
 
​Everton ចាញ់ Wolverhampton Wanderers ២-១
 
Crystal Palace ចាញ់ Fulham ៣-០
 
Liverpool ឈ្នះ Aston Villa ៣-១៕
 
 

Tag:
 Premier League
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com