កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គ្រូជម្រើសជាតិឡាវ ថាក្រុមមានបញ្ហាទម្រង់លេង ប៉ុន្ដែប្ដេជ្ញាធ្វើឱ្យបានល្អសម្រាប់ ២ប្រកួតចុងក្រោយ
27, Dec 2022 , 12:06 pm        
រូបភាព
លោក Michael Weiss គ្រូជម្រើសជាតិឡាវ អំឡុងពេលបង្វឹកកីឡាករ រូបពី Lao Football Federation
លោក Michael Weiss គ្រូជម្រើសជាតិឡាវ អំឡុងពេលបង្វឹកកីឡាករ រូបពី Lao Football Federation
លោក Michael Weiss គ្រូបង្វឹកជម្រើសជាតិឡាវ ថា ក្រុមខ្លួន មានបញ្ហាទម្រង់លេង ដោយសារកីឡាករមិនយល់ចិត្តគ្នា។ ក្រោយមើលឃើញចំណុចនេះ គ្រូបង្វឹកឡាវ នឹងកែប្រែឱ្យបានល្អ សម្រាប់ ២ប្រកួតចុងក្រោយ នៅពូលB។ ជម្រើសជាតិឡាវ ត្រូវស្វាគមន៍ សិង្ហបុរី នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៥:០០ល្ងាច ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នៅ National Stadium KM16។ ចំណែក ក្រុមជម្រើសជាតិវៀតណាម ត្រូវទទួល ម៉ាឡេស៊ី នៅកីឡដ្ឋាន My Dinh វេលាម៉ោង ៧:៣០យប់។



ជម្រើសជាតិឡាវ ប្រឈមមុខក្នុងការធ្លាក់ចេញ ត្រឹមវគ្គចែកពូល ដោយចាញ់យ៉ាងធ្ងន់ធ្ងរនាពីរប្រកួតជាប់គ្នាមកនេះ។ ក្រុមឡាវ បានចាញ់ ជម្រើសជាតិម៉ាឡេស៊ី ក្នុងលទ្ធផល ៥-០ និងចាញ់ថៃ ក្នុងលទ្ធផល ៦-០។ ការបរាជ័យយ៉ាងដំណំនេះ ត្រូវបានលោក Michael Weiss គ្រូជម្រើសជាតិឡាវ រកឃើញថា កីឡាករ លេងមិនសូវយល់ចិត្តគ្នា អំឡុងពេលប្រកួត។ 
  

លោក  Kim Pan Gon គ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ី រូបពី សមាគមន៍បាល់ទាត់ឡាវ
 
«ពីរ​ប្រកួត​ចុង​ក្រោយ​យើង​ចាញ់​ក្រុម​ដ៏​ស្វិតស្វាញ យើង​ឃើញ​មាន​កំហុស​ខ្លះ​ក្នុង​ការ​ប្រកួត​ទទួល។ យើង​កំពុង​ព្យាយាម​កែ​កំហុស​ដើម្បី​ឱ្យ​ក្រុម​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​ក្នុង​ការ​ប្រកួត​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី។ យើងស្ថិតនៅក្នុងពូលក្រុមខ្លាំង មិនថាវៀតណាម និងម៉ាឡេស៊ី ប៉ុន្តែវាមិនមែនមានន័យថាសិង្ហបុរី និងមីយ៉ាន់ម៉ាមិនខ្លាំងនោះទេ។ យើងនឹងធ្វើឱ្យល្អបំផុតនៃកាលបរិច្ឆេទដែលនៅសល់ពីរប្រកួតទៀត។»។ បើយោងតាមការផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់ឡាវ (Lao Football Federation) ដែលស្រង់សម្តីលោក Michael Weiss ។
 
ជាមួយគ្នានេះ លោក Takayuki Nishigaya គ្រូបង្វឹកក្រុមជម្រើសជាតិសង្ហបុរី បានផ្ដល់បទសម្ភាសថា ក្រុមរបស់ខ្លួន មិនដែលចាត់ទុកក្រុមណាមួយខ្សោយនោះទេ ប៉ុន្ដែដាក់គោលដៅដើម្បីឈ្នះ គឺជាស្មារតីប្រកួតដ៏សំខាន់សម្រាប់កីឡាករ។ គ្រូបង្វឹករូបនេះ និយាយថា៖«យើង ដាក់គោលដៅយកជ័យជម្នះទី២ ប៉ុន្ដែយើង មិនអាចវាយតម្លៃគូប្រកួតបានទេ។»។


លោក  Park Hang Seo គ្រូជម្រើសជាតិវៀតណាម រូបពី VFF

ជម្រើសជាតិសិង្ហបុរី បានឈ្នះ លើក្រុមមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៤ ខែធ្នូ ក្នុងលទ្ធផល ៣-២ នៃព្រឹត្តិការណ៍នេះ ។ រីឯ ឡាវ ចាញ់ពីប្រកួតផ្ទួន។ សិង្ហបុរី គឺជាក្រុមដែលឈ្នះ ជើងឯក៤សម័យកាល បន្ទាប់ពីជម្រើសជាតិថៃ ជើងឯក ៥សម័យកាល។ ដោយឡែក ជម្រើសជាតិឡាវ មិនធ្លាប់ឈ្នះជ័យលាភីអ្វីសោះក្នុងព្រឹត្តិការណ៍នេះ។ ក្រុមទាំងពីរ ធ្លាប់ជួបគ្នា ៦លើកក្នុងព្រឹត្តិការណ៍ AFF Championship។ ៦ប្រកួតនោះ ជម្រើសជាតិឡាវ មិនធ្លាប់ឈ្នះ សិង្ហបុរីទេ ។ ក្នុងនោះឆ្នាំ ២០០៧ ក្រុមសិង្ហបុរី បានលត់ ក្រុមឡាវ យ៉ាងដំណំ ក្នុងលទ្ធផល ១១-០។
 
ក្នុងថ្ងៃជាមួយគ្នានេះ វេលាម៉ោង ៧:៣០ យប់ វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ ក្រុមជម្រើសជាតិម៉ាឡេស៊ី នៅកីឡដ្ឋាន My Dinh។ សន្នីសីទមុនពេលប្រកួត កាលពីថ្ងៃទី២៦ ខែធ្នូ គ្រូបង្វឹករបស់ក្រុមទាំងពីរ ដែលមានសញ្ជាតិកូរ៉េដូចគ្នា គឺលោក Park Hang-seo គ្រូជម្រើសជាតិវៀតណាម និងលោក Kim Pan-gon គ្រូជម្រើសជាតិម៉ាឡេស៊ី បានឈមមុខគ្នាតាមរយៈពាក្យសម្ដី ដោយបង្ហាញឆន្ទៈដាច់ខាតត្រូវតែយកជ័យជំម្នះ ក្នុងជំនួបនេះ។
 
លោក Park Hang Seo និយាយថា គ្រូបង្វឹករូបណាក៏ដោយ តែងតែចង់ឲ្យកីឡាកររបស់ពួកគេជោគជ័យ និងទទួលបានលទ្ធផលល្អ ក្នុងការប្រកួត ប៉ុន្ដែមិនមែនជារឿងងាយស្រួលទេ ព្រោះដៃគូប្រកួតក៏មានកម្រិតខ្លាំង។
  

លោក Michael Weiss គ្រូជម្រើសជាតិឡាវ រូបពី Lao Football Federation

គ្រូបង្វឹកវៀតណាមរូបនេះ បាននិយាយដូច្នេះ៖« លោកគ្រូ Kim Pan Gon (គ្រូបង្វឹកម៉ាឡេស៊ី) ថា​គាត់​ចង់​ឈ្នះ​វៀតណាម ខ្ញុំ​គិត​ថា​វា​មិនអាចទេ។ វាជាកាតព្វកិច្ច និងបំណងប្រាថ្នារបស់គ្រូបង្វឹកម្នាក់ៗ។ គ្រូ​បង្វឹក​គ្រប់​គ្នា​ចង់​ឈ្នះ ដូច្នេះ ​ខ្ញុំ​គិត​ថា​យើង​គួរ​តែ​ផ្តោត​លើ​ការ​ត្រៀម​ខ្លួន។ ក្រុមទាំងមូលត្រូវតែលេងបានល្អ។ ឥឡូវនេះយើងបានបញ្ចប់ការវិភាគលើក្រុមម៉ាឡេស៊ីហើយ។ ជាជម្រើសដ៏ល្អទៀតនោះ កីឡាករយើង នឹងស្គាល់ពីបច្ចេកទេសក្រុមផ្សេង ដើម្បីត្រៀមសម្រាប់ស៊ីហ្គេម ឲ្យបានល្អបំផុត។»។ 
 
គ្រូបង្វឹកវៀតណាម បានបកស្រាយដូច្នេះ បន្ទាប់ពី លោក Kim Pan Gon គ្រូបង្វឹកម៉ាឡេស៊ី បង្ហាញថាក្រុមខ្លួន នឹងយកឈ្នះលើវៀតណាម។
 
ម៉ាឡេស៊ី គឺជាក្រុមក្នុងពូល B ដែលមានជំនឿចិត្តច្រើនជាងគេ ព្រោះបានឈ្នះពីរប្រកួតផ្ទួនគ្នា ក្នុងជំនួបជាមួយមីយ៉ាន់ម៉ា និងជ័យជម្នះ លើក្រុមឡាវ។ វៀតណាម ធ្លាប់ឈ្នះជើងឯក ២សម័យ នៅឆ្នាំ២០០៨ និងឆ្នាំ២០១៨ ចំណែក ក្រុមម៉ាឡេស៊ី ឈ្នះជើងឯកនៅឆ្នាំ២០១០។ ក្រុមទាំងពីរនេះ ធ្លាប់ជួបគ្នាញឹកញាប់ រហូតដល់១៥លើក ទាំងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ AFF នេះ។ កាលប្រកួតនៅក្នុងឆ្នាំ ២០១៨ ក្រុមទាំងពីរនេះ ជួបគ្នា ៣លើក គឺវគ្គក្នុងពូល វៀតណាម ឈ្នះ ម៉ាឡេស៊ី ២-០ ។ បន្ទាប់មកទៀត ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ក្រុមទាំងពីរ បានជួបគ្នាម្ដងទៀត ដោយជើងទី១ ស្មើគ្នា លទ្ធផល ២-២ និងជើងទី២ វៀតណាម ឈ្នះ ក្នុងលទ្ធផល ១-០៕
 

លោក Nishigaya គ្រូជម្រើសជាតិសិង្ហបុរី រូបពី Football Association of Singapore



Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com